ភ្នំពេញ៖ ជាការពិត បើសិនជាតារាចម្រៀងណា មិនសូវចេញមុខចេញមាត់ តាមកញ្ចក់ទូរទស្សន៍ ច្បាស់ជាបាត់ឈ្មោះ បាត់សំឡេង ឬអាចធ្លាក់ប្រជាប្រិយភាពមិនខាន ។ សម្រាប់អ្នកនាង សួន ចន្ថា ម្ចាស់បទ "កាមទេពស្នេហ៍" ដ៏ល្បីរន្ទឺ ស្ទើរតែដើរតាមគន្លងនេះទៅហើយ ព្រោះអ្នកនាងហាក់ស្ងប់ស្ងាត់ ជាខ្លាំង បន្ទាប់ពីគ្មានបទចម្រៀងថ្មីៗ ចេញលើទីផ្សារទាល់តែសោះ ដើម្បីស្ដារប្រជាប្រិយភាពក្នុងស្រុក ពោលគឺមានតែបទចម្រៀង សម្រាប់លក់ក្រៅប្រទេសប៉ុណ្ណោះ ដែលមិនអាចទាញអ្នកនាងឲ្យល្បីល្បាញខ្លាំងបាននោះទេ ។
បន្ទាប់ពីអ្នកនាង សួន ចន្ថា ឡើងកាន់តំណែង ជាគណកម្មការផ្ដល់ការវិនិច្ឆ័យ ក្នុងកម្មវិធី "ផ្កាយរះក្នុងសួន" របស់ ស្ថានីយទូរទស្សន៍ អប្សរា បានជាប់លាប់មក គេសង្កេតឃើញថា អ្នកនាង ហាក់ឡើងប្រជាប្រិយភាព មួយកម្រិតព្រោះបានបង្ហាញមុខ តាមកញ្ចក់ទូរទស្សន៍ ជារៀងរាល់សប្ដាហ៍ និងបានបកស្រាយ បទចម្រៀងខ្លាំងៗ នាំឲ្យមានការងារច្រៀង ខាងក្រៅកើនឡើង ជាលំដាប់ ។ ពិសេសការច្រៀង តាមពិធីមង្គលការ ជាមួយតំលៃគួរសម ទៅតាមកេរ្តិ៍ឈ្មោះរបស់អ្នកនាង ។
ថ្មីៗនេះព័ត៌មានប្រភព ពីហាងផាត់មុខល្បីមួយ បានខ្សឹបប្រាប់ LookingTODAY ថា អ្នកនាង សួន ចន្ថា បានធ្វើឲ្យបុគ្គលិក នៅក្នុងហាងនោះ ខ្លាចអ្នកនាងជាខ្លាំង ដោយសារតែពួកគេ ធ្វើសក់ឬផាត់មុខម្ដងៗ មិនត្រូវចិត្តទាល់តែ ពោលគឺពិបាកតម្រូវចិត្តណាស់ ។ មានតែជាងសំអាងផ្ទាល់ខ្លួនប៉ុណ្ណោះ ដែលអាចសំអិតសំអាង ត្រូវចិត្តអ្នកនាង សួន ចន្ថា បាន ក្រៅពីនោះមិនអាចធ្វើត្រូវចិត្តទេ ។
ប្រភពបានបង្ហើបបន្តថា ថ្ងៃមួយជាងសំអាងផ្ទាល់ខ្លួន របស់អ្នកនាង សួន ចន្ថា មានភារកិច្ចរវល់ មិនបាននៅក្នុងហាង នោះទេ ក៏មានជាងសំអាងមួយ មកជំនួស តែធ្វើមិនត្រូវចិត្ត អ្នកនាងទាល់តែសោះ ។ អ្នកនាង សួន ចន្ថា អត់ទ្រាំមិនបាន ក៏ស្តីឲ្យ ថា "ម៉ូដអស់ស្រួលប៉ុណ្ណឹងហើយ ធ្វើមិនបានទៀត...!" លើសពីនេះ នៅមានពាក្យពេចន៍ខ្លះៗជាច្រើទៀត ដែលបុគ្គលិកក្នុងហាងទាំងនោះ មិនអាចទទួលយកបាន ។
ទោះបីជាយ៉ាងណា ក្រោយពីអ្នកនាង សួន ចន្ថា ចេញពីហាងបាត់ បុគ្គលិកក្នុងហាង បានសម្ដែងការមិនពេញចិត្ត លើអត្តចរិត របស់អ្នកនាង សួន ចន្ថា ក្នុងនាមជាតារាល្បី តែងតែផ្ដល់ដំបូន្មានល្អៗ ដល់អ្នកសិល្បៈ ស្រករក្រោយ មិនគួរណាប្រើសម្ដីៗធ្ងន់ៗបែបនេះឡើយ ។ ម្យ៉ាងទៀតបញ្ហានេះ ជាគំរូមិនល្អទាល់តែសោះ ព្រោះគេមិនអាចដឹងថា អ្នកនាងសួន ចន្ថា ចូលចិត្តម៉ូដបែបណាៗ ហើយក៏មិនមែនជាជាងប្រចាំ របស់អ្នកនាងដែរ ធ្វើយ៉ាងម៉េចនឹងដឹងទៅ ។
អ្នកនាង សួន ចន្ថា មិនទាន់អាចសុំការ បំភ្លឺបានទេ នៅក្នុងពេលនេះ ។ ប៉ុន្តែ LookingTODAY នឹងព្យាយាមស្វែងរក ការបំភ្លឺ ពីអ្នកនាង នៅពេលក្រោយ ដោយក្ដីរីករាយ ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងជាការបង្ហាញ ឲ្យបានច្បាស់ ពីអត្តចរិតរបស់អ្នកនាង ក្នុងនាមជាអ្នកសិល្បៈមួយរូប ធ្លាប់ត្រូវបានគេចាត់ទុកថា ជាគំរូល្អដល់អ្នកសិល្បៈ ស្រករក្រោយ ៕