មណ្ឌលគិរី ៖ ប្រជាពលរដ្ឋនាំគ្នាខឹងសម្បារ រឿងផ្លូវលំមួយខ្សែ ត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍
ជិតពីរឆ្នាំមក ហើយ ដែលផ្លូវលំមួយខ្សែនេះ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែន
មនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានលោក អភិបាលរងស្រុកម្នាក់ បិទមិនឲ្យប្រជាពលរដ្ឋធ្វើ
ចរាចរណ៍ជិត ២ឆ្នាំមកហើយ អាជ្ញាធរ ខេត្ត ក្រុង ហាក់បីដូចជាមើលរំលង ។
ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅជិតផ្លូវនេះបានប្រាប់ឲ្យដឹងថា ផ្លូវលំមួយខ្សែរនេះមាន
ប្រវែង ប្រហែល១០០ម៉ែត្រ ទទឹង១០ម៉ែត្រ ពួកគាត់បានធ្វើចរាចរណ៍តាំងពីឆ្នាំ១៩៨៧មកម្ល៉េះ
រហូតមកដល់បច្ចុ ប្បន្ននេះ ផ្លូវនេះត្រូវបានបិទដោយលោក អភិបាលរងស្រុកម្នាក់ ជាអ្នកបិទ
មិនឲ្យធ្វើចរាចរណ៍ ។
បើតាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា ចាប់តាំងពីដីធ្លី នៅក្រុងសែនមនោរម្យ មានហាង
ឆេងខ្ពស់មកត្រូវបានគេសង្ស័យថា ការបិទផ្លូវនេះក្នុងបំណងយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋបានប្រាប់ថា អ្នកដែលបិទផ្លូវខាងលើនេះឈ្មោះស៊ន សារុន ជាអភិបាលរងស្រុក
អូររាំង ។
លោកស្រី វ៉ា ផារី អាយុ ៤៤ឆ្នាំ បានអះអាងថា ផ្លូវនេះគេធ្វើចរាចរណ៍តាំងពីឆ្នាំ១៩៨៧ រហូត
មកដល់ចុង ឆ្នាំ២០១១ ស្រាប់តែមានការបិទផ្លូវនេះ ពីលោកអភិបាលរងស្រុកខាងលើនេះតែ
ម្តងទៅ ឃើញបែបនេះ ពួកគាត់ក៏នាំគ្នាទៅបើកផ្លូវ និង ដកបង្គោលរបងជាច្រើនដង តែបាន
រយៈពេលពីរថ្ងៃប៉ុណ្ណោះ ត្រូវបានលោក ស៊ន សារុន ចាក់បង្គោលស៊ីម៉ង់ត៍ និងហ៊ុំព័ទ្ធដោយ
សំណាញ់លួសទៀតផង ។
បន្ទាប់ពីមានករណីបែបនេះកើតឡើង ពួកគាត់បានធ្វើការរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន
រួមមានសង្កាត់ ក្រុងនិងអង្គភាពពាក់ព័ន្ធផងដែរ ប៉ុន្តែអាជ្ញាធរហាក់បីដូចជាមិនអើពើរឿងនេះ
ទាល់តែសោះ ។
លោក អ៊ិន អ៊ីវ ចៅសង្កាត់សុខដុម បានប្រាប់នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ នេះថា គាត់
ដឹងពីការបិទផ្លូវ នេះ ប៉ុន្តែគាត់មិនបានបញ្ជាឲ្យបិទនោះទេ។
លោក ប៉េង សម្បត្តិ អភិបាលក្រុង សែនមនោរម្យបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី០២ ខែ
កញ្ញា ឆ្នាំ ២០១៣ វេលាម៉ោង ១១ និង ៤៨នាទីព្រឹកថា លោកពុំបានដឹងពីការបិទផ្លូវនេះទេ
លោកថា បញ្ហានេះចាំឲ្យ មន្ត្រីចុះពិនិត្យនៅទីតាំងនេះ ។
លោកអេង ប៊ុនហ៊ាង អភិបាលនៃគណៈអភិបាលខេត្តបានប្រាប់អ្នកយកព័ត៌មានដើមអម្ពិល
នៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៣ ថា គាត់នឹងចាត់ចែង ឲ្យមន្ទីរសារធារណការណ៍ ចុះ
ពិនិត្យដល់ទីតាំងខាងលើ ដើម្បីចាត់ការ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល