រដ្ឋសភាថៃ បានអនុម័តជាឯកច្ឆ័ន្ទនូវច្បាប់ស្ដីពីយុទ្ធសាស្ត្រជាតិ កាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងផ្តល់នូវឥទ្ធិពលនយោបាយដល់យោធា រយៈពេលយ៉ាងហោចណាស់ ២០ ឆ្នាំ។ ច្បាប់ស្ដីពីយុទ្ធសាស្ត្រជាតិនេះ នឹងបង្កើតគណៈកម្មាធិការមួយ ដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់អូចា ដែលនឹងសហការជាមួយសមាជិកគណៈរដ្ឋមន្ត្រីនាពេលអនាគត ដើម្បីធ្វើការកែប្រែផែនការយុទ្ធសាស្រ្តជាតិជារៀងរាល់ ៥ ឆ្នាំម្តង។
គណៈកម្មាធិការនេះ ក៏នឹងមានមេដឹកនាំជាយោធា អ្នកតំណាងធុរកិច្ច និងឧស្សាហកម្ម ព្រមទាំងអ្នកជំនាញផ្សេងៗទៀតផងដែរ។ ក្រុមអ្នករិះគន់ការតាក់តែងច្បាប់ បាននិយាយថា នេះគឺជាមធ្យោបាយសម្រាប់យោធា ក្នុងការរក្សាឥទ្ធិពលលើរដ្ឋាភិបាលនាពេលអនាគត។ យោធាបានដណ្ដើមយកអំណាច នៅខែឧសភា ឆ្នាំ ២០១៤ តាមរយៈរដ្ឋប្រហារមួយ ដែលខ្លួនបានប្រកាសថា នោះជារដ្ឋប្រហារដ៏ចាំបាច់ដើម្បីបញ្ចប់ការតវ៉ារបស់ជនស៊ីវិលរយៈពេលរាប់ខែ និងរដ្ឋាភិបាលគ្មានស្ថេរភាពមួយ ។
ក្រុមអង្គការសិទ្ធិមនុស្ស នៅទូទាំងពិភពលោក បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការរំលោភបំពាន នៅក្នុងប្រទេសថៃ ចាប់តាំងពីរបបយោធា បានឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំ ២០១៤ មក។ នៅក្នុងខែមេសា ព្រះមហាក្សត្រថៃ ព្រះបាទ មហាឃ្យារ៉ាឡុងខន បានឡាយប្រហស្ថលេខាលើរដ្ឋធម្មនុញ្ញ ដែលគាំទ្រដោយយោធា។ កាលពីខែមករា គណៈកម្មាធិការដឹកនាំការកែទម្រង់ថ្នាក់ជាតិរបស់ប្រទេសថៃ បានធ្វើសេចក្ដីស្នើច្បាប់ថ្មីមួយដោយមានចែងថា មន្ត្រីថៃ ដែលត្រូវបានកាត់ទោសពីបទពុករលួយពាក់ព័ន្ធនឹងប្រាក់ជាង ១ ពាន់លានបាត នឹងអាចត្រូវបានផ្តន្ទាទោសប្រហារជីវិត។
សភាថៃបានអនុម័តជាឯកច្ឆ័ន្ទ នូវការធ្វើវិសោធនកម្មដ៏ចម្រូងចម្រាស លើច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រ ឆ្នាំ ២០០៧ (CCA) កាលពីខែធ្នូ ដែលក្រុមសិទ្ធិមនុស្ស ភ័យខ្លាចថា ការធ្វើវិសោធនកម្មនេះ នឹងផ្តល់ឱ្យរដ្ឋាភិបាលនូវអំណាចមិនមានកំហិត ក្នុងការបង្ក្រាបគេហទំព័រ និងទប់ស្កាត់ការរិះគន់។
នៅខែកញ្ញា អង្គការលើកលែងទោសអន្តរជាតិ បានចេញរបាយការណ៍មួយ ដោយរៀបរាប់លម្អិត ពីការធ្វើទារុណកម្ម ដែលត្រូវបានជួល ដោយអាជ្ញាធរថៃ ហើយអះអាងថា រដ្ឋាភិបាលយោធាបាន ដឹកនាំទៅរក "វប្បធម៌នៃការធ្វើទារុណកម្ម" ។ នៅខែឧសភា មេធាវីសិទិ្ធមនុស្សរបស់ថៃ លោក Prawet Prapanukul ត្រូវបានចោទប្រកាន់ពីបទប្រមាថដល់សមាជិករាជវង្ស៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist