CamNews

រូបភាពផ្សេងៗ 

ប្រទេសដែលមានវិស័យយោធាខ្លាំងជាងគេទាំង១០ លើពិភពលោក

(ពិភពលោក)៖ កម្លាំងយោធាត្រូវបានគេចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់ សម្រាប់ប្រទេសនីមួយៗ ក៏ដូចជាពិភពលោកទាំងមូល។ ដរាបណាវិស័យការពារជាតិកាន់តែខ្លាំង ប្រទេសនោះត្រូវបានគេចាត់ទុកថា ជាប្រទេសដែលកាន់តែមានអំណាច ជាក់ស្តែងដូចជាសហរដ្ឋអាម៉េរិកជាដើម។ ខាងក្រោមនេះជាបញ្ជីឈ្មោះប្រទេស ដែលមានកម្លាំងយោធា និងវិស័យការពារជាតិខ្លាំងជាងគេទាំង១០លើពិភពលោក ដោយផ្តើមចេញពីប្រទេសតូចមុន៖

 

១៖សហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិកបានចំណាយប្រាក់ លើកញ្ចប់ថវិកាការពារជាតិ រហូតដល់៦១២.៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលទឹកប្រាក់នេះមានចំនួនច្រើនជាង កញ្ចប់ថវិកាសរុបរបស់ប្រទេសទាំង៩ផ្សេងទៀត។ ប្រទេសមហាអំណាចមួយនេះ មានកងកម្លាំងយោធាចំនួន១.៤លាននាក់ និងទ័ពបម្រុង៨០០ពាន់នាក់។ សហរដ្ឋអាម៉េរិកជាប្រទេស ដែលផលិតយន្តហោះចម្បាំងដោយខ្លួនឯង ជាមួយនឹងនាវាផ្ទុកយន្តហោះ១៩គ្រឿង  និងអាវុធនុយក្លេអ៊ែរចំនួន៧៥០០គ្រឿង ព្រមទាំងមានបច្ចេកវិទ្យាលើវិស័យការពារជាតិយ៉ាងទំនើប។ ហេតុផលទាំងនេះអាចពន្យល់បានយ៉ាងងាយថា ហេតុអ្វីបានសហរដ្ឋអាម៉េរិក ជាប់ចំណាត់ថ្នាក់ទីមួយ ក្នុងនាមជាប្រទេសដែលមានវិស័យយោធាខ្លាំងជាងគេលើពិភពលោក។ យ៉ាងនេះក្តី សហរដ្ឋអាម៉េរិកក៏ត្រូវបានគេចាត់ទុកថាជាប្រទេស មហាអំណាចយោធាដែលបង្កការគំរាមកំហែងខ្ពស់ ដល់សន្តិសុខពិភពលោកទាំងមូលផងដែរ៕

 

២៖រុស្ស៊ី 
ប្រទេស រុស្ស៊ីមានកញ្ចប់ថវិកាការពារជាតិចំនួន៧៦.៦ពាន់លានដុល្លារ ដែលបានកើនឡើងចំនួន៤៤ភាគរយ បើធៀបនឹងរយៈពេលបីឆ្នាំមុន។ រុស្ស៊ីមានកម្លាំងយោធា៧៦៦ពាន់នាក់ និងទ័ពបម្រុង២.៥លាននាក់ រថយន្តក្រោះ១៥៥០០គ្រឿង ដែលធ្វើឲ្យរុស្ស៊ីក្លាយជាប្រទេស ដែលមានកងទ័ពរថក្រោះធំជាងគេលើពិភពលោក និងមានអាវុធនុយក្លេអ៊ែររហូតដល់៨៥០០គ្រាប់។

 

៣៖ចិន
ប្រទេសចិនមានកញ្ចប់ថវិកាចំនួន១២៦ពាន់លានដុល្លារ កម្លាំងយោធា២៨៥លាននាក់ និងទ័ពបម្រុង២.៣លាននាក់ យន្តចម្បាំងលើដី២៥ពាន់គ្រឿង យន្តហោះ២៨០០គ្រឿង អាវុធនុយក្លេអ៊ែរ៣០០គ្រាប់ និងអាវុធទំនើបៗជាច្រើនគ្រឿងទៀត។

 

៤៖ឥណ្ឌា
ប្រទេស ឥណ្ឌាចំណាយលើកញ្ចប់ថវិកាការពារជាតិ៤៦ពាន់លានដុល្លារ យោធាកំពុងបំពេញការងារមានចំនួន១៣២៥លាននាក់។ ដោយសារកម្លាំងយោធាច្រើនបែបនេះ ជាមូលហេតុធ្វើឲ្យឥណ្ឌាតែងតែស្ថិត ក្នុងចំណោមប្រទេសដែលមានវិស័យយោធាខ្លាំងជាងគេជានិច្ច។ ឥណ្ឌាមានយាន្តជំនិះសម្រាប់ចម្បាំង១៦ពាន់គ្រឿង ក្នុងនោះរួមមានរថក្រោះ៣៥០០គ្រឿង និងយន្តហោះ១៧៨៥គ្រឿង ព្រមទាំងអាវុធនុយក្លេអ៊ែរជាច្រើនគ្រឿងទៀត។ ជាមួយគ្នានេះដែរ គ្រាប់មីស៊ីលបាលីស្ទីករបស់ឥណ្ឌា អាចមានសមត្ថភាពវាយប្រហារប្រទេស ប៉ាគីស្ថាន ឬប្រទេសចិនទាំងមូលបានដោយងាយ។

 

៥៖ចក្រភពអង់គ្លេស
បច្ចុប្បន្នចក្រភពអង់គ្លេស បានចំណាយលើកញ្ចប់ថវិកាវិស័យការពារជាតិ ចំនួន៥៤ពាន់លានដុល្លារ កម្លាំងយោធា២០៥ពាន់នាក់ យន្តហោះ៩០៨គ្រឿង នាវាចំនួន៦៦គ្រឿង អាវុធនុយក្លេអ៊ែរ១៦០គ្រាប់។ សូមជម្រាបថាចក្រភពអង់គ្លេស មានគម្រោងចង់កាត់បន្ថយចំនួនកម្លាំងយោធា រហូតដល់២០ភាគរយនៅរវាងឆ្នាំ២០១០ដល់ឆ្នាំ២០១៨។

 

៦៖បារាំង
កញ្ចប់ថវិកាវិស័យការពារជាតិរបស់បារាំងមានទឹកប្រាក់ ៤៣ពាន់លានដុល្លារ មានកងកម្លាំង២២០ពាន់នាក់ ទ័ពបម្រុងទុក៥០០ពាន់នាក់ យន្តហោះចម្បាំងមួយពាន់នាក់ និងយាន្តជំនិះ៩ពាន់នាក់ អាវុធនុយក្លេអ៊ែរ២៩០គ្រាប់។

 

៧៖អាឡឺម៉ង់
ប្រទេស អាឡឺម៉ង់ចំណាយលើកញ្ចប់ថវិកាវិស័យ ការពារជាតិ៤៥ពាន់លានដុល្លារក្នុងមួយឆ្នាំ មានកម្លាំងយោធា១៨៣ពាន់នាក់ ទ័ពបម្រុង១៤៥ពាន់នាក់ យន្តហោះ៧១០គ្រឿង និងអាវុធប្រមាណ៥ពាន់គ្រឿង។


៨៖ តួកគី
ប្រទេសតួកគីបានចំណាយលើកញ្ចប់ថវិកា ការពារជាតិ១៨,៨ពាន់លានដុល្លារ។ កម្លាំងយោធាទាំងកំពុងបម្រើការងារ និងបមុ្រងមានចំនួន៦៦០ពាន់នាក់ យន្តហោះចម្បាំង១០០០គ្រឿង និងអាវុធ១៦ពាន់គ្រឿង។


៩៖កូរ៉េខាងត្បូង
ការប្រឈមមុខជាមួយប្រទេស កូរ៉េខាងជើង គឺជាវិបត្តិដ៏សំខាន់មួយរបស់ប្រទេស កូរ៉េខាងត្បូង ប៉ុន្តែការកើនឡើងនូវគ្រឿងសព្វាវុធរបស់ប្រទេស ចិន និងជប៉ុន ក៏ជាបញ្ហាដ៏សំខាន់មួយផ្សេងទៀតផងដែរ ដែលជម្រុញឲ្យប្រទេស កូរ៉េខាងត្បូង សម្រេចបង្កើនកញ្ចប់ថវិកាវិស័យការពារជាតិ របស់ខ្លួនរហូតដល់៣៤ពាន់លានដុល្លារ កម្លាំងយោធា៦៤០ពាន់នាក់ ទាហានបម្រុង២៩០០ពាន់នាក់ យន្តហោះចម្បាំង១៣៩៣គ្រឿង នាវាខ្នាតតូច១៦៦គ្រឿង អាវុធ១៥ពាន់គ្រឿង និងរថក្រោះ២៣៤៦គ្រឿង។

 

១០៖ជប៉ុន
ឆ្លើយតបចំពោះការកើនឡើង នូវជម្លោះដណ្តើមកោះជាមួយប្រទេស ចិន និងការគំរាមកំហែងផ្សេងៗ ទៀត ប្រទេស ជប៉ុន បានចាប់ផ្តើមពង្រីកវិស័យយោធាជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ។ ប្រទេសជប៉ុន បានបង្កើនកញ្ចប់ថវិកាការពាររហូតដល់៤១,១ពាន់លានដុល្លារ ដែលជាកញ្ចប់ថវិកាខ្ពស់ជាងគេទី៦ លើពិភពលោក ជាមួយនឹងកម្លាំងយោធា២៤៧ពាន់នាក់ ទ័ពបម្រុង៦០ពាន់នាក់ យន្តហោះ១៥៩៥គ្រឿង និងនាវាមុជទឹក១៣១គ្រឿង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: US China Hong Kong Pentagon Int news Hot news