CamNews

ព័ត៌មានជាតិ 

ស្នងការ ខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការ ទាំងយប់ ទាំងថ្ងៃ តាមបង្ក្រាប ក្រុមចោរ កាច់កម៉ូតូ ក្លែងជា

-ជនសង្ស័យ២នាក់ ត្រូវចាប់ខ្លួន ដកហូតម៉ូតូ ចំនួន៣គ្រឿង កាំភ្លើង ខ្លីមួយដើម និងសម្ភារះជាច្រើន

បន្ទាយមានជ័យ ៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តម សេនីយ៍ត្រី អាត់ ខែម បានបើកប្រតិបត្តិការ ទាំងយប់ ទាំងថ្ងៃ ពោលតាំងពី ថ្ងៃពីម្សិលមិញ និងរហូតមកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដឹកនាំកម្លាំង នគរបាល ជំនាញព្រហ្មទណ្ឌ ថ្នាក់ស្នងការដ្ឋាន និងអធិការ អធិការរង ស្រុក ចំនួន៤ ដើម្បីតាមចាប់ ក្រុមចោរ ដែលតែងតែ ធ្វើសកម្មភាព កាច់កម៉ូតូ របស់ ប្រជាពលរដ្ឋ ដែលក្លែងខ្លួន ជាមន្រ្តីយោធា នៅតាមស្រុកមួយចំនួន របស់ខេត្តបន្ទាយមានជ័យ និងខេត្តជាប់ព្រំប្រទល់ រួមមាន ខេត្តសៀមរាប និង ខេត្តបាត់ដំបងជាដើម។

ប្រតិបត្តិការ ដែលធ្វើឡើង ក្រោមការដឹកនាំ បញ្ជា ផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្ត ចុះទៅប្រមូលភស្តុតាង និងសាកសួរ ជនសង្ស័យ នៅតាមបណ្តាស្រុកនោះ ជាលទ្ធផល ជនសង្ស័យ ចំនួន២នាក់ ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ ព្រមទាំងដកហូតបាន ម៉ូតូចំនួន៣គ្រឿង កាំភ្លើង ខ្លីមួយដើម និងសម្ភារះមួយ ចំនួនទៀតដែលប្រើសម្រាប់កាច់កម៉ូតូ ។

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា មុនឈានទៅ ដល់ការ ចាប់ខ្លួន ជនសង្ស័យទាំងនេះ ដោយផ្តើមចេញពី មន្រ្តីនគរបាលរបស់លោក ដែលយាមនៅផ្សារជប់ ស្ថិតនៅឃុំវ៉ារី ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ មានការសង្ស័យ ទៅលើបុរសម្នាក់ ដែលយកម៉ូតូមកផ្ញើ ហើយយកម៉ូតូនោះ ទៅធ្វើការជួសជុលសោរក និងសោរគូទខាងក្រោយ ។

ដោយមានការសង្ស័យនោះ កម្លាំងនគរបាល របស់លោកនៅទីនោះ បានធ្វើ ការឃាត់ខ្លួន ជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងធ្វើការស៊ើបអង្កេត បន្ត ទៀត ។ លោកស្នងការ បានបន្តទៀត ក្រោយការឃាត់ខ្លួន ជនសង្ស័យ រូបនេះ និងដកហូតម៉ូតូ មួយគ្រឿងនោះ លោកបានធ្វើដំណើរ ទៅសួរនាំ រហូតដល់ យប់ជ្រៅ ហើយជាលទ្ធផល ជននេះបានសារភាពថា គឺជា ម៉ូតូដែលរូបគេ បានធ្វើសកម្មភាពលួច ហើយធ្លាប់ធ្វើសកម្មភាព បទល្មើស ទាំងនេះ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកភ្នំតូច ខេត្តបាត់ដំបង ជាដើម។

លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា ក្រោយការសួរនាំរួចមក និងមានការឯកភាព ពីតំណាងអយ្យការនោះ លោកបានដឹកនាំកម្លាំង នគរបាល ជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលស្រុក កាលពីយប់ថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០១៤ ចុះទៅឆែកឆេរ ផ្ទះជនសង្ស័យរូបនេះ និងផ្ទះប្អូនប្រុស របស់គេ នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ស្រាប់តែរកឃើញ ម៉ូតូ ចំនួន២គ្រឿង ម៉ាកសេ១២៥ សេរីឆ្នាំ២០១៣ និង២០១៤ ហើយយក ទៅសួរនាំបន្តទៀត។

ក្រោយការសួរនាំរួច ជនសង្ស័យ បានសារភាពថា ម៉ូតូ ទាំង២គ្រឿង ពួកគេបានលួចនៅ ចំណុចជ្រោយស្តៅ ខេត្តបាត់ដំបង និងនៅឃុំភ្នំតូច ស្រុកមង្គមបូរី ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ អាត់ ខែម បានបន្តទៀត ក្រោយការសួរនាំ ជនសង្ស័យរូបនេះ លោកបាន ដឹកនាំកម្លាំងនគរបាល ចុះទៅកាន់ស្រុកចំនួន៤ រួមមាន ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក ស្រុកភ្នំស្រុក និងស្រុកថ្មពួក ដើម្បីបន្តធ្វើការស្រាវជ្រាវ និងតាមបង្ក្រាប បក្ខពួកម្នាក់ទៀត ព្រមទាំង ដកហូត បានលុយ សម្ភារះដូចជា ថវិកា ប្រដាប់កាច់សោរម៉ូតូ ទូរស័ព្ទជាច្រើន លេខម៉ូតូជាច្រើន ដាវសាំម៉ូរៃ កាំបិត និងកាំភ្លើងខ្លីម៉ាកកា៥៤មួយដើម ផងដែរ ។

បើតាមការ បញ្ជាក់របស់ លោកស្នងការ ជនសង្ស័យដែលចាប់បានមុនគេមាន ឈ្មោះ មួន ម៉ន ហៅ សារ អាយុ២៩ឆ្នាំ រស់នៅ ភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក និង ជន សង្ស័យទី២មាន ឈ្មោះ តូច អឿន ហៅឡោ អាយុ៤០ឆ្នាំ រស់នៅ ភូមិគោកកប្បាស ឃុំចាឈូក ស្រុកអង្គជុំ ខេត្តសៀមរាប ។

សម្រាប់ ប្រតិបត្តិការ តាមចាប់ ក្រុមចោរកាត់កម៉ូតូ យ៉ាងសកម្ម ខាងលើនេះ ត្រូវបានលោកស្នងការ ខេត្តបន្ទាយមានជ័យ ចាត់ទុកថា ជាការជោគជ័យមួយ ក្រោមការចូលរួម ពីសំណាក់ អធិការ នគរបាល តាមបណ្តាស្រុក និង អធិការង ព្រមទាំង មន្រ្តីនគរបាល មូលដ្ឋាន ជាច្រើននាក់ផ្សេងទៀត។

លោកស្នងការអះអាងថា មុខសញ្ញាទាំងនេះ គឺមានចារឹកគ្រោះថ្នាក់ បំផុតខាង លួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុក ខេត្តបន្ទាយមានជ័យ និងតាមស្រុក របស់ខេត្តសៀមរាប និងខេត្តបាត់ដំបង ហើយពួកគេ បានក្លែងភេទជាមន្រ្តីយោធា ។

លោកថា ក្រោយការបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ជាច្រើនមានភាពកក់ក្តៅ យ៉ាងខ្លាំង និងកាត់បន្ថយការភ័យខ្លាច ចំពោះសកម្មភាពចោរកាច់កម៉ូតូរបស់ពួកគាត់ ហើយបច្ចប្បន្នកម្លាំងនគរបាលរបស់លោក បាន និងកំពុង ធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ស្ថិតក្រោមការសួរនាំ នៅស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕




ស្នងការខេត្តបន្ទាយមានជ័យ (រូបឆ្វេងពាក់មួក) កំពុងដឹកនាំកម្លាំងនគរបាល ចុះឆែកឆេវត្ថុតាងរបស់ក្រុមចោរ

លោកស្នងការនគរបាលខេត្ត អាត់ ខែម កំពុងសួរនាំ សាក្សី

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh