CamNews

តារា 

បែកធ្លាយ ផលិត​កម្ម Town ប​ដិ​សេធ​មិន​ទទួល​យក ពេជ្រ សោភា ក្រោយចេញពី ហង្សមាស

(ភ្នំពេញ)៖ ​អ្នកនាង ពេជ្រ សោភា ​​បានប្រកាសចែកចានចែកឆ្នាំង ជាមួយផលិតកម្ម ហង្សមាស ​ជាទ្រនំចាស់ដ៏កក់ក្ដៅ និងផ្ដល់អ្វីៗគ្រប់យ៉ាង ដែលនាងមិនធ្លាប់មាន ពោលគឺ ពីក្មេងទូលអំពៅលក់ ក្លាយជាតារាចម្រៀងល្បីល្បាញ ប្រចាំប្រទេស និងទទួលតំណែងឯកជាកំពូលតារាចម្រៀងច្រើនឆ្នាំជាប់ៗគ្នា តែអ្វីៗផ្លាស់ប្ដូរ ក្រោយលោក ជុំ ប៊ុនធឿន អ្នកនិពន្ធបទចម្រៀងល្បីៗឲ្យនាងច្រៀង បាន​ទទួលមរណភាព ​ធ្វើឲ្យ ពេជ្រ សោភា លែងមានបទល្បីច្រៀង និងធ្លាក់ប្រជាប្រិយភាព ស្ទើរតែហៅលែងឮ។

ក្នុងឆ្នាំ២០១២ ព័ត៌មានប្រុងចាកចេញពីផលិតកម្ម ហង្សមាស ចូលផលិតកម្ម ថោន បាន​កើតឡើង​ម្ដងរួចមកហើយ តែអ្នកចូលផលិតកម្ម ថោន ពិតប្រាកដ មិនមែននាងទេ បែរជាតារាចម្រៀងស្រីដ៏ស្រគត់ស្រគំ នាង សុគន្ធ និសា ទៅ​វិញ ហើយមូលហេតុចំបង គឺនាង​បែកបាក់គូស្នេហ៍ ទើប​សម្រេចចិត្តចូលផលិតកម្មថោន ។

​ថ្មីៗនេះ សុគន្ធ និសា ប្រកាសវិលវិញ ស្របពេល ពេជ្រ សោភា ក៏ប្រកាសចាកចេញ​ពី ហង្សមាស តែអ្វីដែលចម្លែកចិត្តបំផុតនោះគឺ ពេជ្រ សោភា ជាប់កុងត្រាជាមួយកម្មវិធី «The Voice Cambodia season​2» ដែលនាងពិបាកលើកដៃ លាផលិតកម្មនេះ។ ពេជ្រ សោភា និយាយថា អ្វីដែលច្បាស់លាស់ គឺក្រោយកម្មវិធីមួយនេះបញ្ចប់ មហាជននឹងដឹងថា នាងចាកចេញ ឬនៅបន្ត ​ខណៈដែលអាល់ប៊ុមថ្មី រួមជាមួយនឹង ដេវីដ ​ត្រូវបានផ្សព្វផ្សាយជាបណ្ដើរៗ ជាពិសេសនៅពេលនាងឡើងសម្ដែង តាមទូរទស្សន៍នានា ក្នុងស្រុក។

ថ្មីៗ​នេះ ​ពេជ្រ សោភា ត្រូវបានគេនិយាយថា ត្រៀមខ្លួនចូលផលិតកម្ម ថោន ​ខណៈដែលនាងមិនបានបកស្រាយអ្វីឡើយ ។ ប៉ុន្តែលោក មាស សុខរតនៈ បាននិយាយថា លោកមិនបានទទួលព័ត៌មានអ្វីឡើយ ពីដំណឹងចូលផលិតកម្ម ថោន របស់ ពេជ្រ សោភា ។

ប្រភពពីក្នុងផលិតកម្ម ថោន បាននិយាយថា ផលិតកម្ម ថោន មិនអាចទទួលយក ពេជ្រ សោភា ឡើយ ព្រោះនាងធ្លាប់ចូលផលិតកម្មនេះ ម្ដងរួចមកហើយ ​គ្រាន់តែបានយកបទចម្រៀងទៅ តែមិនទាន់បានចេញបទចម្រៀងនៅឡើយទេ។ ដូចនេះផលិតកម្ម មិនអាចយកនាងចូលម្ដងទៀតទេ ព្រោះផលិតកម្ម ថោន មិនមែននរណាចេញចូលបានស្រេចតែចិត្តទេ​ ។ ផលិតកម្មថោន មិនទទួលយក ពេជ្រ សោភាទេ ទោះនាងមិនទាន់មាននរណាទាក់ទងក៏ដោយ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Pich sophea Star news local news