ភ្នំពេញ៖ ប្រភពព័ត៌មាន ពីអ្នករស់នៅក្នុង ចង្កោមសិល្បៈ បានបង្ហើបឲ្យដឹងថា តារាចម្រៀងមាន ប្រជាប្រិយភាពនៅទ្រឹង នាង ពេជ្រ សោភា បានសហការគ្នា ជាមួយនឹង តារាហ្វេសប៊ុក Pey Pey Dy បើកហាងកាត់ដេរ សម្លៀកបំពាក់ បន្ទាប់ពីហាក់កាត់សក់បុរស ដែលបានបើកដំណើរការ អស់ជាច្រើនឆ្នាំ របស់ ពេជ្រ សោភា ត្រូវដួលរលំ ដោយសារតែគ្មានពេលវេលា គ្រប់គ្រាន់ក្នុងការគ្រប់គ្រង។
តារាចម្រៀងល្បីជួរមុខ ទំាងបទចម្រៀង និងក្បាច់រាំ នាង ពេជ្រ សោភា បច្ចុប្បន្ននេះ នាងអាចទប់ទល់ ជាមួយការធ្លាក់ចុះ នៃប្រជាប្រិយភាពបាន មួយផ្នែកធំ ។ គេបែរជាសង្កេតឃើញថា ពេជ្រ សោភា ដូចជាធ្លាក់ចុះ ការរកស៊ីរហូតទម្លាក់ស្លាកហាង ចោលឈប់រកស៊ីតែម្ដង ដោយរំពឹងតែ លើមុខរបរ លក់សំឡេងមួយគត់។
បើគេចាំមិនខុសទេ បន្ទាប់ពី ពេជ្រ សោភា ចូលច្រៀងកាលពីដើមឆ្នាំ២០១៣ នាងបានបើកហាងកាត់សក់មួយ រួចទៅហើយ។ តែមានលក្ខណៈមធ្យម មិនសូវជាធំ ដុំប៉ុន្មានទេ ក្រោយមក ពេជ្រ សោភា ក៏ពង្រីកហាងកាត់សក់ បុរសនោះយ៉ាងធំ និងបានសម្ពោធ យ៉ាងគគ្រឹកគគ្រេង រួមមានវត្តមាន តារាសិល្បៈជាច្រើន ចូលរួម ។
ក្រោយពីបានបិទហាង កាត់សក់បុរសនោះមក នាងក៏ពង្រឹងវិស័យសិល្បៈ ចម្រៀង របស់នាងយ៉ាងខ្លាំងក្លា រហូតបានចេញវ៉ុល ចម្រៀងថ្មី ជាមួយលោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងល្បី ចាស់វស្សាទៀតផង ។ ដោយឡែកមូលហេតុ នៃការបិទហាងកាត់សក់នោះ គឺគ្មានពេលវេលា ដើម្បីគ្រប់គ្រង ព្រោះនាងមមាញឹក ក្នុងវិស័យសិល្បៈចម្រៀង ។ ម្យ៉ាងត្រូវហាត់រាំ និងច្នៃម៉ូដសម្លៀកបំពាក់ថ្មី ដើម្បីបំពេញតម្រូវការទីផ្សារ ដែលទាមទាភាពប្លែកភ្នែក ចំឡែកអារម្មណ៍ជាចំបាច់ ។
ថ្មីនេះស្រាប់តែ មានពាក្យចចាមអារ៉ាមថា នាងកំពុងតែត្រៀមបើកហាង កាត់ដេរសម្លៀកបំពាក់ថ្មី ស្ថិតនៅលើទីតាំងចាស់ ជាផ្ទះនាងស្នាក់នៅរាល់ថ្ងៃ ម្ដុំបឹងកេងកង ដែលជាប្លុកអ្នកមានរស់នៅ ។ ប្រភពមួយបាន បង្ហើបថា នាងកំពុងតែត្រៀម បើកហាង ជាលក្ខណៈមួយធំដុំគួរសម មានបងស្រីនាងម្នាក់ ជាអ្នកកាត់ដេរ។ រីឯការច្នៃម៉ូដពិសេស គឺស្ថិតក្រោមការច្នៃប្រឌិត របស់នាង និងតារាហ្វេសបុក Pey Pey Dy ដែលសុទ្ធសឹងជា អ្នកមានឯទេស ខាងច្នៃម៉ូដពីកំណើត ពោលគឺមានតែក្រណាត់ទទេ ក៏អាចចាប់ជាម៉ូដ បានដែរ ។
បើពឹងផ្អែក ទៅលើកេរ្តិ៍ឈ្មោះល្បីល្បាញ និងម៉ូដសម្លៀកបំពាក់ ដែលនាងស្លៀកកន្លងមក អាចបង្ហាញឲ្យ ឃើញថា មុខរបរថ្មីរបស់នាង ប្រហែលជាមិនដួលរលំ ទៀតទេ ព្រោះនាងថ្នឹកនឹងរបរនេះ ទៅហើយ។ ប៉ុន្តែគួរឲ្យស្ដាយ ដោយសារ ពេជ្រ សោភា មិនទាន់អាចទំនាក់ទំនង ដើម្បីបំភ្លឺបានទេ អំពីរឿងដើមទុន និង បច្ចេកទេសផ្សេងៗទៀត៕