ទីភ្នាក់ងារអវកាសជប៉ុន និងក្រុមហ៊ុន Mitsubishi Heavy Industries Ltd បានឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន នឹងដាក់ចូលទៅក្នុងគន្លងគោចរ នូវផ្កាយរណបទីបីរបស់ខ្លួន នៅខែសីហាដើម្បីពង្រឹងភាពជាក់លាក់ នៃប្រព័ន្ធកំណត់ទីតាំងសកលរបស់ខ្លួន(GPS) ។
គ្រាប់រ៉ុកកែតធុន H-2A ដែលដឹកផ្កាយរណប quasi-zenith satellite Michibiki No. 3 របស់រដ្ឋាភិបាល គ្រោងនឹងបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Tanegashima នៅក្នុងតំបន់ដែនដីក្រោមការត្រួតត្រារបស់ប្រមុខខេត្ត កាហ្គូស៊ីម៉ា ភាគនិរតីប្រទេសជប៉ុន នៅពីថ្ងៃទី ១១ សីហា នៅចន្លោះម៉ោង ២ រសៀល និងម៉ោង ១១ យប់ នេះបើយោងតាមភ្នាក់ងាររុករកអវកាសជប៉ុន និងក្រុមហ៊ុន Mitsubishi Heavy ។
ផ្កាយរណបថ្មីនេះ នឹងត្រូវដាក់ នៅក្នុងគន្លងគោចររាងមូល (geostationary orbit) ក្នុងគោលបំណងជាច្រើន ដូចជាចាប់ទីតាំងមនុស្ស ក្នុងអំឡុងពេលមានគ្រោះមហន្តរាយជាដើម ។
ផ្កាយរណបធុន Michibiki មួយផ្សេងទៀត ដែលប្រើដើម្បីកំណត់ទីតាំងវត្ថុ នៅលើផែនដី ក៏ នឹងបាញ់បង្ហោះផងដែរ នៅចុងឆ្នាំនេះ នេះបើយោងតាមការឱ្យដឹងរបស់រដ្ឋាភិបាល។
ផ្កាយរណបថ្មីៗបន្ថែមទៀត នឹងដំណើរការព្រមគ្នា ពីឆ្នាំសារពើពន្ធ ២០១៨ ជាមួយនឹងផ្កាយរណប Michibiki No 1 និង No 2 ដែលបានបាញ់បង្ហោះ នៅឆ្នាំ ២០១០ និងដើមខែនេះ និងបំពេញបង្រ្គប់បណ្តាញផ្កាយរណបរបស់អាមេរិក ដែលជប៉ុនបាន ពឹងពាក់អាស្រ័យកន្លងមក។
រដ្ឋាភិបាល មានគោលបំណងបង្កើនចំនួនផ្កាយរណប ក្នុងគន្លងគោចរ ឱ្យបានរហូតដល់ចំនួន ៧ នៅឆ្នាំសារពើពន្ធ ២០២៣។ នៅពេលដែល "ប្រព័ន្ធ GPS របស់ជប៉ុន" ត្រូវបានបង្កើតឡើង អ្នកប្រើប្រាស់ស្មាតហ្វូន នឹងអាចទទួលបាននូវព័ត៌មានត្រឹមត្រូវបន្ថែមទៀត នៅលើទីតាំងដែលបានបង្ហាញ នៅក្នុងកម្មវិធីផែនទីរបស់ខ្លួន៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkok Post