CamNews

កីឡាអន្តរជាតិ 

កីឡាករ​មួយ​ចំនួន ឡើង​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក ក្រោយ​បញ្ចប់ Euro 2016 នៅ​បារាំង

(ប៉ារីស)៖ កីឡាករល្បីលំដាប់ពិភពលោកមួយចំនួន បានកើនតម្លៃខ្លួនដោយមិននឹកស្មាន អំឡុងពេលពួកគេធ្វើបានល្អ ក្នុង​ព្រឹត្តិ​ការណ៍​បាល់​ទាត់ Euro 2016 ដែល​មាន​បារាំង ធ្វើ​ម្ចាស់​ផ្ទះ​ដែលទើបតែបញ្ចប់កាលពីថ្ងៃចន្ទ ទី​១១ ខែ​កក្កដា ម្សិល​មិញ​នេះ​។

ទន្ទឹមគ្នានោះ ទីផ្សាយទិញ-ដូរកីឡាករ ក៏ចាប់ផ្តើមមានសន្ទុះកើនឡើងជាលំដាប់ និងខ្ពស់បំផុតចំពោះកីឡាករក្នុងលីគអាជីពមួយចំនួន ដែល​បាន​បំពេញ​តួ​នា​ទី​យ៉ាង​ល្អ​ក្នុង​ការ​ជួយ​ជាតិរបស់គេមានដូចខាងក្រោម ដែលធ្វើការដកស្រង់ពេញ​ពី​សារ​ព័ត៌​មាន BBC, Dailyma, Sky Sports និង​គេ​ហ​ទំ​ព័រ ESPN មាន​ដូច​ខាង​ក្រោម​នេះ៖

១/. កីឡាករខ្សែបម្រើប្រយុទ្ធ Dimitri Payet របស់បារាំង ដែលកំពុងប្រកបអាជីពក្នុងក្លឹបអាជីព West Ham United បានកើនតម្លៃខ្លួនជាង ១០០​​លាន​​ដុល្លារ បន្ទាប់​ពី​កីឡាករ​វ័យ ២៩​ឆ្នាំ​រូប​នេះ រកគ្រាប់បំប៉ោងសំណាញ់ទីបាន ៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្ត​រួម​ក្រុម​ស៊ុត (Assists) បាន​២​គ្រាប់ ជួយ​បារាំង​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ Euro 2016 ក្នុង​ទឹក​ដី​របស់​ខ្លួន ទោះបីមិនឈ្នះពានប្រចាំទ្វីបអឺរ៉ុបលើកនេះក៏ដោយ។

ម្ចាស់ក្លឹប West Ham United លោក David Sullivan បានថ្លែងប្រាប់ Dailymail ថា ក្លឹបញញួរធំ នឹងឲ្យថ្លៃពលកម្ម ១៧ម៉ឺនដុល្លារ​ដល់ Payet ក្នុង​១​សប្តាហ៍​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៦-២០១៧​នេះ ក្រោមកិច្ចសន្យារយៈពេល ៥ឆ្នាំកន្លះជាមួយ West Ham ដែល​ទើប​តែ​ព្រម​ព្រៀង​នា​ពេល​ថ្មីៗ​នេះ ដើម្បី​បញ្ចប់​ការ​តាម​ប្រម៉ាញ់​របស់​ក្លឹប Saint-Etienne និង​ក្លឹប Lille របស់បារាំង ដែលតែងតែតាមទិញនាពេលកន្លងមក។

២/. ងាកទៅចាប់អារម្មណ៍កីឡាករខ្សែបម្រើប្រយុទ្ធដូចគ្នា Paul Pogba របស់បារាំងដូចគ្នា ក្លឹបអង់គ្លេស Manchester United បានហ៊ានឲ្យតម្លៃខ្លួនរហូតដល់ ១១០លានដុល្លារ ដើម្បីនាំយកកីឡាករស្បែកខ្មៅ វ័យ២៥ឆ្នាំមកកាន់ទឹកដី Old Trafford វិញ ដែលធ្វើឲ្យកីឡាកររកបាន ១គ្រាប់នៅ Euro 2016 ត្រៀម Say Good Bye ពីក្លឹប Juventus របស់ អ៊ីតាលីនាពេលដ៏ខ្លីខាងមុខនេះដែរ តែភាគីខាងសេះបង្កង់វិញ ពុំទាន់មាន Comments អ្វីឡើយ។

៣/. សម្រាប់កីឡាករខ្សែប្រយុទ្ធ Zlatan Ibrahimovic បានសម្រេចចិត្តមកលេងឲ្យ Manchester United ជាផ្លូវការ ហើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Jose Mourinho ដោយទទួលបានប្រាក់ពលកម្ម ១៦លានដុល្លារក្នុង១ឆ្នាំ តិចជាង Cristiano Ronaldo របស់ Real Madrid ២លានដុល្លារ បន្ទាប់ពីផុតកិច្ចសន្យាក្នុងក្លឹបជើងឯកបារាំង Paris Saint-Germain ដោយព្រមព្រៀងលេងឲ្យបិសាចរយៈពេល១រដូវកាលសិន សម្រាប់កិច្ចសន្យាដំបូង។

៤/. ដោយឡែកកីឡាករខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិអ៊ីតាលី Graziano Pelle បានសម្រេចចិត្តចាកចេញពីក្លឹបលេង ក្នុង Premier League របស់អង់គ្លេស Southampton ហើយ ដោយផ្លាស់ទៅលេងឲ្យក្លឹបចិន Shandong Luneng ដែលនឹងទទួលបាន ១៣,៦លានដុល្លារក្នុង១ឆ្នាំ បញ្ចប់ក្តីស្រម៉ៃរបស់ក្លឹប Chelsea និង Everton ដែលចង់បានរូបគេ ឈរក្នុងលំដាប់កីឡាករទាំង ៦រូបក្នុងចំណោម Zlatan Ibrahimovic, Cristiano Ronaldo, Lionel Messi, Hulk និង Neymar របស់ពិភពលោកដែរនោះ។

៥/. សម្រាប់កីឡាករ Gareth Bale ដែលលេងក្នុងតំណែងជាខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិវ៉េលនោះ ត្រូវបានម្ចាស់ ក្លឹបស្តេចស Real Madrid របស់អេស្ប៉ាញ ប្រកាសមិនលក់រូបគេឡើយ ទោះឲ្យតម្លៃខ្លួនប៉ុន្មានក៏ដោយ នៅពេលកីឡាករវ័យ ២៨ឆ្នាំរូបនេះ ធ្វើបានល្អក្នុង Euro 2016 តាមរយៈទាត់បាល់ Free-Kick ចូលទីយ៉ាងស្អាត នៅពេលឈ្នះរុស្ស៊ី ២-១ និងឈ្នះស្លូវ៉ាគី ១-០ ដោយបានជួយឲ្យក្រុមជម្រើសជាតិវ៉េល ឡើងមកដល់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រជាប្រវត្តិសាស្រ្ត បន្ទាប់ពីរង់ចាំអស់រយៈពេល ៥៨ឆ្នាំមកនេះ។

ទន្ទឹមគ្នានោះ មហាសេដ្ឋីដែលជាម្ចាស់ក្លឹប Real Madrid លោក Florentino Perez ក៏ត្រៀមបន្ថែមប្រាក់ពលកម្មដល់ Gareth Bale ទៀតដែរ ដែលលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធល្បឿននៅ Santiago Bernabeu៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Star sports