CamNews

ព័ត៌មានជាតិ 

រថភ្លើងបុករថយន្តដឹកដី យ៉ាងពេញទំហឹង នៅស្រុកព្រៃនប់ សំណាងគ្មានអ្នកគ្រោះថ្នាក់

(ព្រះសីហនុ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោង៩៖២០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងលើដងផ្លូវដែកចន្លោះគីឡូ ម៉ែត្រលេខ២១៩-២២០ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កដោយរថយន្ត១គ្រឿងម៉ាក ទីតាន ចំណុះ២តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-0043 (រថយន្តដឹកដី) អ្នកបើកបរគេចបាត់ មានទិសដៅពីលិចទៅកើត រថយន្តដឹកដីបើកមកដល់ លើផ្លូវរថភ្លើងក៏រលត់ម៉ាស៊ីន ត្រូវរថភ្លើងបើកមកក្នុងទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ បុកពេញទំហឹង បណ្តាលឲ្យខូចខាត រថយន្តដឹកដីស្ទើរទាំងស្រុង រីឯរថភ្លើងរងការខូខាតផ្នែកធុងប្រេង កំពុងជួសជុល។

សេចក្តីរាយការណ៍បញ្ជាក់ទៀតថា អ្នកបើកបររថភ្លើងត្រូវបាន គេស្គាល់ថា មានឈ្មោះ សុវណ្ណឌី ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ករណីខាងលើមិនបណ្តាលឲ្យ រងរបួសដល់មនុស្សទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh