(ភ្នំពេញ)៖ បុរសម្នាក់បាន រងរបួសធ្ងន់ បន្ទាប់ពី ជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចច្រកចូលបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៨៖៥០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ប៉ុន្តែបន្ទាប់ពីជួបគ្រោះថ្នាក់ ជនរងគ្រោះ ត្រូវបានសាច់ញាតិ ខំដឹកបញ្ជូនទៅគ្លីនិកឯកជន ឡាំ ប៊ុនថន ខាងលិចផ្សារជម្ពូវ័ន តែគ្លីនិកឯកជនមួយនេះ មិនទទួលឡើយដោយសារឃើញជនរងគ្រោះ ក្រីក្រ គ្មានលុយជាប់ខ្លួន។
គ្រូពេទ្យ នៃគ្លីនិចមួយនេះថែមទាំង ដេញឱ្យយកជនរងគ្រោះចេញវិញ ធ្វើឱ្យសាច់ញាតិកាន់តែភ័យស្លន់ស្លោរ ហើយដោយឃើញសភាពបែបនេះ ប្រជាពលរដ្ឋ បានហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាប់ពីគ្លីនិកឯកជនគ្មានមនុស្សធម៌មួយនេះ ដេញចេញពីកន្លែងរបស់ខ្លួន។
ជាចុងក្រោយទាំងសាច់ញាតិក៏ដូចជាអ្នកដែលបានឃើញ សកម្មភាពគ្មានមនុស្សធម៌របស់ពេទ្យឯកជនមួយនេះ បានសំណូមពរដល់មន្ទីរពេទ្យ ទូទៅទៀតមេត្តាជួយសង្គ្រោះអ្នកក្រីក្រផងកុំធ្វើដូចពេទ្យឯកជនមួយនេះឲ្យសោះ ៕





ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី