ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក និងភរិយារបស់លោកអ្នកស្រី Melania Trump ធ្វើតេស្ដវិជ្ជមានវីរុសខូរ៉ូណា ហើយឥឡូវនេះ កំពុងស្ថិតក្រោមការដាក់ឱ្យនៅដាច់ដោយឡែក (quarantine) ។
ប្រធានាធិបតី វ័យ ៧៤ ឆ្នាំ ដែលជាក្រុមមនុស្សប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងវីរុស បានប្រកាសព័ត៌មាន នៅក្នុងបណ្ដាញ Twitter ដោយភ្ជាប់នឹង Caption ថា ៖” យើងនឹងឆ្លងកាត់រឿងនេះទាំងអស់គ្នា “។
ព័ត៌មាននេះ បានលេចលឺ ក្រោយពីជំនួយការកៀកលោកបំផុត បានធ្វើតេស្ដវិជ្ជមានសម្រាប់វីរុសខូរ៉ូណា ។ អ្នកស្រី Hope Hicks ដែលជាទីប្រឹក្សារបស់លោកប្រធានាធិបតីវ័យ ៣១ ឆ្នាំ គឺជាជំនួយការកៀកបំផុតនឹងលោកត្រាំ ដែលធ្វើតេស្ដវិជ្ជមាន ។
អ្នកស្រី បានធ្វើដំណើរជាមួយលោក ដោយយន្ដហោះ Air Force One ដើម្បីចូរួមកិច្ចពិភាក្សាវែកញែកបេក្ខភាពប្រធានាធិបតីតាមទូរទស្សន៍ជាគូប្រជែងគណៈបក្សប្រជាធិបតេយ្យលោក Joe Biden នៅរដ្ឋ Ohio កាលពីថ្ងៃអង្គារ ។ សមាជិកគ្រួសាររបស់លោកត្រាំមួយចំនួន ដែលបានចូលរួមកិច្ចពិភាក្សាវែកញែកនោះ ក៏គេឃើញមិនពាក់ម៉ាស់ផងដែរ ។
លោកត្រាំ ភាគច្រើនបដិសេធមិនព្រមពាក់ម៉ាស់ និងត្រូវបានគេថតរូប បង្ហាញពីភាពមិនរក្សាគម្លាតពីគ្នាជាមួយជំនួយការរបស់លោក ឬអ្នកដទៃទៀតនោះទេ អំឡុងជំនួបផ្លូវការនានា ។
វេជ្ជបណ្ឌិតរបស់លោកត្រាំ លោក Sean Conley បានបញ្ចេញរបាយការណ៍មួយដោយនិយាយថា លោកប្រធានាធិតី និងភរិយា(The First Lady) នៅពេលនេះ មានសុខភាពល្អជាធម្មតាទេ ហើយពួកគាត់ទាំងពីរ គម្រោងនឹងស្នាក់នៅផ្ទះ ក្នុងសេតវិមាន អំឡុងព្យាបាលជំងឺនេះ” ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC