លោក Scott Morrison បាននិយាយថា រដ្ឋាភិបាល នឹងពិចារណាដល់ការដាក់កំហិត លើចំនួនប្រជាជន ដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់មកប្រទេសអូស្រ្ដាលីវិញ នៅសប្ដាហ៍បន្តបន្ទាប់ ខណៈរលកទីពីរនៃវីរុសខូរ៉ូណា រីករាលដាលទូទាំងទីក្រុង Melbourne ។
ចាប់តាំងពីខែមីនា ពលរដ្ឋអូស្រ្ដាលីជាង ៣៥០,០០០ នាក់បានត្រឡប់មកប្រទេសកំណើតវិញ ដោយអ្នកទេសចរណ៍ទាំងនេះភាគច្រើន ត្រូវអនុវត្ដចតុឡីស័កជាកំហិត នៅតាមបណ្ដាសណ្ឋាគារ ក្នុងទីក្រុង Sydney និងទីក្រុង Melbourne ។
តែទោះយ៉ាងណា ប្រព័ន្ធចតុឡីស័កបច្ចុប្បន្ន “កំពុងស្ថិតក្រោមសម្ពាធ” ដោយលោកនាយករដ្ឋមន្រ្ដីបាននិយាយថា ពលរដ្ឋ ដែលដាក់សំណើសុំវិលត្រឡប់មកប្រទេសខ្លួនវិញនាពេលខាងមុខ ត្រូវចំណាយប្រាក់លើប្រព័ន្ធចតុឡីស័កដោយខ្លួនឯង ។
នៅថ្ងៃចុងសប្ដាហ៍ អាកាសយានដ្ឋានក្រុងស៊ីដនី ទទួលអ្នកដំណើរអន្ដរជាតិត្រឹមចំនួន ៤៥០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ។
កាលពីថ្ងៃម្សិលម៉ិញ ប្រទេស New Zealand បានប្រកាសផ្អាកការកក់សំបុត្រយន្ដហោះ ហោះហើរត្រឡប់មកប្រទេសកំណើតវិញរបស់ប្រជាពលរដ្ឋខ្លួន ខណៈដែលប្រទេសនេះ ជិតហួសសមត្ថភាព ក្នុងការផ្ដល់ប្រព័ន្ធចតុឡីស័ក ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC