CamNews

ព័ត៌មានជាតិ 

នាយករដ្ឋមន្ត្រី ប្រកាសលុបចោល គម្រោងសាងសង់ ផ្លូវឆ្លងកាត់ ទន្លេសាប

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០១៥នេះ បាន ប្រកាសលុបចោល គម្រោង នៃការសាងសង់ផ្លូវ ឆ្លងកាត់ទន្លេសាប បន្ទាប់ពីមានការចុះហត្ថលេខារួមគ្នា លើតម្លៃរួច ហើយរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូន ។

ថ្លែងក្នុងឱកាស ដាក់ឲ្យដំណើរការវារីអគ្គិសនីឫស្សីជ្រុំ ស្ថិតក្នុងខេត្តកោះកុង សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ ទៀតថា គម្រោងនៃការសាងសងផ្លូវ ឆ្លងកាត់ទន្លេសាបនេះ ទុកឲ្យអ្នកដឹកនាំ ប្រទេសជំនាន់ក្រោយ ជាអ្នកសម្រេច ចុះ ។

សម្ដេចបន្តថា " ហើយបញ្ហាទន្លេសាប កុំអាលនាំគ្នាគិតធ្វើផ្លូវឆ្លងកាត់ទន្លេសាបអី... អាទន្លេសាបធំហ្នឹង សូមដក អាហ្នឹង ហើយបងតឹក (ត្រាំ អ៊ីវតឹក ) អើយ ។ ថ្ងៃមុនបងឯងស៊ីញ៉េជាមួយ ស៊ុន ចាន់ថុល ទៅលើតម្លៃប៉ុណ្ណេះ ហើយ ខ្ញុំបានបញ្ជូនទៅឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់រួចហើយមើលទៅអត់ស្រួលទេ ។ រួចហើយចុងក្រោយ លុប តែម្តង ទោះបីបានសិក្សារួចហើយក៏ដោយ" ។

បើតាមនាយករដ្ឋមន្ត្រី គម្រោងនៃការសាងសង់ផ្លូវឆ្លងកាត់ទន្លេសាប អាចនឹងបើកដំណើការ នៅឆ្នាំ២០៥០ ឬឆ្នាំ ២០៧០ ។ លោកថា " ឥឡូវសូមទុកសិនចុះ ចាំគេអ្នកកាន់អំណាចជាន់ក្រោយ ២០ឆ្នាំអីទៀត គេនឹកឃើញធ្វើ ។  អាលេងក្នុងទន្លេសាប ខ្ញុំអត់ប្រថុយទេ អាហ្នឹង ។ បើឆ្លងកាត់ទន្លេមេគង្គ OK" ។

សម្តេច ក៏បានលើកហេតុផល នៃការលុបចោលគម្រោង ដែលមានទឹកប្រមាណ ២០០លានដុលល្លារនោះផងដែរថា វាពិតជាមានប៉ះពាល់ធ្ងន់ធ្ងរ ដល់បរិស្ថាន ជាពិសេសធនធានជលផលដ៏កម្រ នៅបឹងទន្លេសាប ។

បើតាមប្រសាសន៍ សម្ដេចនាយករដ្ឋមន្ត្រី ថវិកាគម្រោនៃការសាងសងផ្លូវឆ្លងកាត់ទន្លេសាប គឺមានការឯកភាពពី ប្រទេសចិន ។ តែសម្ដេចបានសំណូមពរទៅភាគីចិន ឲ្យផ្ទេរលុយពីគម្រោងទន្លេសាប មកសាងសងគម្រោងខ្សែ ក្រវ៉ាត់រាជធានីភ្នំពេញជំនួសវិញ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh