ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France-KLM គ្រោងនឹងកាត់បន្ថយការងារចំនួន ៧៥០០ កន្លែង ដោយសារឧស្សាហកម្មអាកាសចរណ៍ មានភាពរង្គោះរង្គើពីវិបត្ដិវីរុសខូរ៉ូណា ។
ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតលំដាប់ទី២ របស់អឺរ៉ុបមួយនេះ នឹងកាត់បន្ថយបុគ្គលិកចំនួន ៦៥៦០ នាក់ នៅឯក្រុមហ៊ុនអាកាសចរណ៍ Air France ខណៈក្រុមហ៊ុនអាកាសចរណ៍តំបន់ (Hop!) របស់បារាំង បាត់បង់ការងារចំនួន ១០២០ កន្លែង ដែលបច្ចុប្បន្ន ក្រុមហ៊ុននេះ មានបុគ្គលិកបម្រើការសរុបចំនួន ២០០០ នាក់។ នេះបើតាមការឱ្យដឹងរបស់ក្រុមហ៊ុនខាងលើ ។
នៅក្នុងរបាយការណ៍មួយ ក្រុមហ៊ុនបាននិយាយថា៖ “ ការងើបឡើងវិញពីឱនភាពក្នុងវិស័យអាកាសចរណ៍ ហាក់ដូចជាដំណើរការយឺតណាស់ ដោយសារតែភាពមិនប្រាកដប្រជាជុំវិញជំងឺខូវីដ ១៩” ។ ការកាត់បន្ថយបុគ្គលិកនេះ នឹងប្រព្រឹត្ដទៅរយៈពេល ៣ ឆ្នាំបន្ដបន្ទាប់។
នៅចំពេលការរីការាលដាលនៃវីរុសនេះខ្ពស់ ប្រាក់ចំណូលពីវិស័យអាកាសចរណ៍ធ្លាក់ចុះយ៉ាងគំហុករហូត ៩៥% ហើយក្រុមហ៊ុន អាកាសចរណ៍ Air France បានបាត់បង់ប្រាក់ចំណូល ១៣.៥ លានផោន ក្នុងមួយថ្ងៃ ។
Air France មិនរំពឹងសោះឡើយថា ទង្វើកាត់បន្ថយបុគ្គលិកនេះ នឹងធ្វើឱ្យប្រាក់ចំណូលហូរចូលស្មើកម្រិត ដែលធ្លាប់ទទួលបានមុនការរីករាលដាលវីរុសខូរ៉ូណា ហើយឱនភាពនេះនឹងបន្តរហូតដល់ឆ្នាំ ២០២៤ ។
ជាលទ្ធផល ក្រុមហ៊ុនអាកាសចរណ៍ Air France គ្រោងនឹងកាត់បន្ថយបុគ្គលិក ចំនួន ៦៥៦០ ឬ ១៦ ភាគរយនៃការងារសរុប នៅក្រុមហ៊ុនអាកាសចរណ៍មេ ត្រឹមឆ្នាំ ២០២២ ដែលការងារចំនួន ៣៥០០ កន្លែងនឹងថយតាមនិយាមធម្មតានៃការចាកចេញដូចជា ការចូលនិវត្ដរ៍ និងបុគ្គលិក ដែលស្នើលាឈប់ដោយខ្លួនឯង ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ France 24