សភាតំណាងសហរដ្ឋអាមេរិក បានអនុម័ត ការដាក់ទណ្ឌកម្មលើក្រុងហុងកុង ក្រោយពីក្រុងប៉េកាំងដាក់ចេញនូវច្បាប់សន្ដិសុខ ដែលត្រូវបានថ្កោលទោសពីសំណាក់ប្រទេសជាច្រើនជុំវិញពិភពលោក ។
វិធាន ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដាក់ទណ្ឌកម្មទៅលើគ្រឹះស្ថានធនាគារ ដែលធ្វើពាណិជ្ជកម្មជាមួយមន្រ្ដីចិនទាំងឡាយ ។ វិធាននេះ គួរតែត្រូវបានអនុម័តដោយសភា មុនពេលបញ្ជូនទៅឱ្យលោកប្រធានាធិបតីត្រាំ ។
ក្រុមអ្នករិះគន់ បាននិយាយថា ច្បាប់ថ្មីរបស់ចិន បញ្ចប់រាល់សិទ្ធិសេរីភាពទាំងឡាយ ដែលត្រូវបានធានាឱ្យអនុវត្ដរយៈពេល ៥០ ឆ្នាំ នៅពេលអាណានិគមគ្រប់គ្រងរបស់ចក្រភពអង់គ្លេស បានបញ្ចប់ នៅក្នុងឆ្នាំ ១៩៩៧ ។
អ្នកនាំពាក្យសភាតំណាងអាមេរិក អ្នកស្រី Nancy Pelosi បានមានប្រសាសន៍ថា ច្បាប់ថ្មីនេះ មានចរិតលក្ខណៈឃោរឃៅ និងមានឥទ្ធិពលបង្រ្កាបពលរដ្ឋហុងកុងយ៉ាងពេញទី ពោលគឺមានចេតនាបំផ្លាញរាល់សិទ្ធិសេរីភាព ដែលបានប្រគល់ជូនពួកគេកន្លងមក ។
នាយករដ្ឋមន្រ្ដីអង់គ្លេសលោក Boris Johnson បាននិយាយថា ការអនុម័តច្បាប់សន្ដិសុខថ្មីនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ និងច្បាស់ក្រឡែតចំពោះសេចក្ដីប្រកាសរួមស៊ីណូ-អង់គ្លេស ឆ្នាំ ១៩៨៥ ។
យោងតាមសេចក្ដីប្រកាសនេះ ក្រុងហុងកុង បានប្រគល់ជូនប្រទេសចិនវិញកាលពីឆ្នាំ ១៩៩៧ នូវសិទ្ធិសេរីភាពសំខាន់ៗមួយចំនួន ដែលធានាការអនុវត្ដយ៉ាងតិច ៥០ឆ្នាំ ក្រោមកិច្ចព្រមព្រៀង “ប្រទេសមួយ ប្រព័ន្ធពីរ” ។
ចក្រភពអង់គ្លេស បានប្រគល់ជូននូវសិទ្ធិតាំងទីលំនៅ និងសញ្ជាតិដល់ពលរដ្ឋហុងកុងរហូតដល់ ៣ លាននាក់ ។ ក៏ប៉ុន្ដែ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានគម្រាមចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ផែនការផ្ដល់សិទ្ធិពលរដ្ឋរបស់ចក្រភពអង់គ្លេស ។
ស្ថានទូតចិន ប្រចាំនៅចក្រភពអង់គ្លេស បានឱ្យដឹងថា “ប្រសិនបើភាគីអង់គ្លេស ធ្វើការផ្លាស់ប្ដូរដោយឯកតោភាគី ចំពោះខ្លឹមសារអនុវត្ដដែលពាក់ព័ន្ធ ប្រទេសនេះនឹងរំលោភដល់គោលជំហ និងការប្ដេជ្ញាចិត្ដរបស់ខ្លួន ព្រមទាំងច្បាប់អន្ដរជាតិ និងច្បាប់ជាមូលដ្ឋាន”៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC