ភ្នំពេញៈ កញ្ញា ឆាយ ស្រីពេជ្រ ថ្មីៗនេះបានបង្ហាញ អារម្មណ៍រំភើបចិត្ត ស្ទើរតែស្រក់ទឹកភ្នែក ក្រោយពីនាងត្រូវបានមិត្តភក្តិ សំណព្វចិត្តជាច្រើននាក់ លួចរៀបចំពិធីជប់លៀង ខួបកំណើតស្ងាត់ៗ ធ្វើឲ្យនាងមានការភ្ញាក់ផ្អើល នឹកស្មានមិនដល់ ។
ថ្មីៗនេះ តារាសម្តែងរូបស្រស់ ឆាយ ស្រីពេជ្រ បានបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើ Facebook ដោយបង្ហាញពីអារម្មណ៍រំភើបចិត្ត និងភ្ញាក់ផ្អើលខ្លាំង ខុសពីពិធីខួបកំណើតរាល់ឆ្នាំ នាងធ្លាប់តែរៀបចំធ្វើដោយខ្លួនឯង ជាមួយក្រុមគ្រួសារមិត្តភក្តិ។ តែដោយឡែក ឆ្នាំនេះ ពិធីខួបកំណើតរបស់នាង តែងតែធ្វើឡើង នៅថ្ងៃទី១ ខែឧសភា ជារៀងរាល់ឆ្នាំនោះ។ បែរជាត្រូវបានមិត្តភក្តិ រៀបចំពិធីជប់លៀង បែបស្ងាត់ៗ ធ្វើឲ្យនាងមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ទៅវិញ ។
ជាមួយអារម្មណ៍ រំភើបរីករាយរំជួលចិត្តនោះ ឆាយ ស្រីពេជ្រ បានបង្ហោះរូបថតជាច្រើនសន្លឹក នៅលើ Account Facebook របស់នាង និងពោលពាក្យពិតចេញ ពីក្រអៅបេះដូង អរគុណទៅដល់មិត្តភក្តិ តាមរយៈការសរសេរសារ ជាភាសាអង់គ្លេសថា “Surprise too much for this year . Surprise cake from my best friend anywhere thanks so much my best fri I love u all ! I wish u have a good luck forever na” ។ មានន័យថា “ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ សម្រាប់ខួបកំណើតឆ្នាំនេះ នំខួបកំណើត ក៏គួរឲ្យភ្ញាក់ផ្អើល, អរគុណ មិត្តទាំងអស់គ្នា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា…” ។
នៅក្នុងនោះ ស្រីស្រស់ច្រមុះស្រួចចង្ហាព្រែក ឆាយ ស្រីពេជ្រ ក៏បានបង្ហើបឲ្យដឹងទៀតថា “បើទោះជាកម្មវិធីនោះ មិនធំដុំ តែសម្រាប់ខ្ញុំ គឺពិតជាមានអារម្មណ៍ថា រំភើបចិត្តខ្លាំង ព្រោះការរៀបចំកម្មវិធីតូចឬធំ គឺមិនមែនជាបញ្ហាចោទ សម្រាប់ខ្ញុំទេ អ្វីដែលសំខាន់គឺ ការជួបជុំគ្នាយល់ចិត្តគ្នា មិនអាចកាត់ថ្លៃបាន” ៕