(កាលីហ្វ័រញ៉ា)៖ ក្មេងប្រុសដ៏តូចម្នាក់ បានបាត់បង់ជីវិត ដោយស្មានមិនដល់ បន្ទាប់ពីត្រូវទូទឹកកកសង្កត់លើ នៅពេលកម្មករលើកវាចេញពីរថយន្ត ដើម្បីដាក់ក្នុងផ្ទះ ហើយក៏ជ្រុលដៃធ្លាក់ ទៅលើក្មេងប្រុសរងគ្រោះតែម្តង។
ហេតុការណ៍ដ៏តក់ស្លុតនេះ កើតឡើងនៅទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ប៉ូលិសនិយាយថា ក្មេងប្រុសរងគ្រោះមានអាយុ៦ឆ្នាំ មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ហើយនៅថ្ងៃកើតហេតុ ក្មេងប្រុសកំពុងឈរមើលគេ លើកទូទឹកកកដែលឪពុកម្តាយកម្ម៉ង់ទិញ ដាក់ក្នុងផ្ទះ ស្រាប់តែអកុសល ទូទឹកកកនោះ ក៏រអិលធ្លាក់សង្កត់មកលើគេ ទោះបីឪពុកម្តាយខំស្រែក ឲ្យគេជួយក៏មិនទាន់។
ក្មេងប្រុសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ក្រោយពីក្រុមសង្គ្រោះជួយ ធ្វើចលនាដង្ហើមរួច តែនៅមិនអាចស្រោចស្រង់ជីវិតបានឡើយ។ គ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួន ពីរឿងនេះទេ ព្រោះប៉ូលិសជឿថា នេះជាឧបទ្ទវហេតុកើតឡើង ដោយចៃដន្យ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង