(អាមេរិក)៖ បុរសម្នាក់រស់នៅរដ្ឋ Tennessee ហាក់ដូចជាច្រណែននឹងកូនខ្លួនឯង ដែលទើបនឹងកើតមកបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយបុរសជាឪពុករូបនេះ ប្រែជាមានកំហឹង ពេលដែលខ្លួនចង់ ប្រលោមប្រពន្ធមិនបានសម្រេច ព្រោះតែនាងរវល់បំបៅដោះកូន ក៏ស្ទុះទៅវាយប្រពន្ធតែម្តង។
ប៉ូលិសឲ្យដឹងថា នៅថ្ងៃកើតហេតុ បុរសជាប្តីអាយុ២៥ឆ្នាំ ឈ្មោះ Dustin Hartley បានផឹកស៊ីជាមួយមិត្តភក្តិ លុះត្រឡប់មកដល់ផ្ទះ ក៏ចង់នែបនិត្យជាមួយប្រពន្ធ នាងចេះតែគេច មិនព្រម ព្រោះរវល់បំបៅដោះកូនប្រុស អាយុទើបបានមួយខែ។ ក្រោយមកអ្នកទាំងពីរ ក៏មានជម្លោះនឹងគ្នា ស្រាប់តែ Hartley ស្ទុះទៅកញ្ឆក់កូនពីដៃប្រពន្ធ ហើយនាងក៏សម្រុះសម្រួលនឹងប្តីវិញដែរ ប៉ុន្តែប្តីរូបនេះមិនបាត់ខឹងទេ គឺបានអូសដៃប្រពន្ធចូលបន្ទប់ រួចប្រើហិង្សាវាយដំនាង ដោយដៃគេម្ខាងកាន់ទារកជាកូនជាប់ផងដែរ។
នាង Decker ប្រពន្ធជនដៃដល់ បានទូរស័ព្ទប្តឹងប៉ូលិស ពេលដែលគេចចេញពីដៃប្តីបានហើយ ក្រោយមក Hartley ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាត់ទោសពីបទបង្ករបួសស្នាម និងតម្រូវឲ្យបង់ប្រាក់ធានាចំនួន ៥០០ដុល្លារ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង