CamNews

ព័ត៌មានអន្តរជាតិ 

ICC កាត់ទោសអតីតមេបញ្ជាការក្រុមឧទ្ទាមអ៊ូហ្គង់ដាពីបទឧក្រិដ្ឋកម្មសង្រ្គាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាត

តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោស ឧក្រិដ្ឋជន Dominic Ongwen អតីតមេបញ្ជាការកងទ័ពនៃក្រុមឧទ្ទាមអាហ្រ្វិក Lord’s Resistance Army ពីឧក្រិដ្ឋកម្មសង្រ្គាម ៦១ ករណី និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ប្រព្រឹត្ដពីខែកក្កដា ឆ្នាំ ២០០២ ដល់ខែធ្នូ ឆ្នាំ ២០០៥ ។ ឧក្រិដ្ឋជនរូបនេះ ត្រូវបានតុលាការចោទប្រកាន់នូវខចោទនៃបទល្មើសឧក្រិដ្ឋកម្មចំនួន ៧០ ខ ។



នៅក្នុងសាលក្រមតុលាការទំព័រ ១០៧៧ ICC បានរកឃើញពិរុទ្ធភាពរបស់ Ongwen ថាបានបញ្ជាឱ្យវាយប្រហារលើជនស៊ីវិលពោលគឺអំពើមនុស្សឃាតប៉ុនប៉ងទុកជាមុន អំពើទារុណកម្ម ការចាប់ធ្វើទាសករ ប្រព្រឹត្ដយង់ឃ្នងទៅលើសេចក្ដីថ្លៃថ្នូរបុគ្គល បំផ្លិចបំផ្លាញសំណង់អាគារ បំផ្លាញទ្រព្យសម្បត្ដិ និងធ្វើទុក្ខបុកម្នេញ ដែលទង្វើទាំងនេះ បានប្រព្រឹត្ដបន្ដគ្នាទៅលើជំរុំជនផ្លាស់ទីជម្រកចំនួន ៤ កន្លែង (IDPs) ដែលសង់ដោយរដ្ឋាភិបាលអ៊ូហ្គង់ដាប៉ែកខាងជើង ជាកន្លែងដែលក្រុមឧទ្ទាម ប្រព្រឹត្ដអំពើឃោរឃៅ ៤ ទសវត្សរ៍មកហើយ ។

 Ongwen ត្រូវបានតុលាការរកឃើញពិរុទ្ធភាពនៃបទល្មើសផ្លូវភេទ និងបទល្មើសប្រឆាំងនឹងជែនឌ័រ ពោលគឺការបង្ខំឱ្យរៀបការ អំពើទារុណកម្ម រំលោភសេពសន្ថវៈ ទាសករផ្លូវភេទ ការចាប់ធ្វើទាសករ ការបង្ខំឱ្យមានផ្ទៃពោះ និងប្រព្រឹត្ដយង់ឃ្នងទៅលើសេចក្ដីថ្លៃថ្នូរបុគ្គល ចំពោះស្រ្ដីចំនួន ៧ នាក់ ដែលត្រូវបានចាប់ជំរិត និងបង្ខាំងទុក នៅក្នុងផ្ទះរបស់ជននេះ ។

 ICC បានក្លាយជាតុលាការអន្ដរជាតិដំបូងគេ ដែលកាត់ទោសចំពោះបទល្មើសបង្ខំឱ្យមានផ្ទៃពោះ ។ តុលាការក៏បានរកឃើញផងដែរនូវពិរុទ្ធភាពរបស់ជននេះថា បានប្រព្រឹត្ដបទល្មើសបង្ខំឱ្យរៀបការ អំពើទារុណកម្ម រំលោភសេពសន្ថវៈ ទាសករផ្លូវភេទ និងអំពើចាប់ជាទាសករលើកុមារី និងស្រ្ដី នៅក្នុងកងពលរបស់ខ្លួន ។ ស្រ្ដីជនស៊ីវិល ដែលត្រូវបានចាប់ធ្វើជាទាសករ ត្រូវគេឱ្យធ្វើជាទាសករផ្លូវភេទ  ធ្វើប្រពន្ធ  និងធ្វើជាអ្នកបម្រើក្នុងផ្ទះ ឱ្យពិរុទ្ធជន Ongwen និងសមាជិកដទៃទៀតនៃក្រុមឧទ្ទាម LRA ។ ចុងក្រោយ Ongwen ត្រូវបានតុលាការរកឃើញពិរុទ្ធភាពថា បានចាប់ក្មេងអាយុក្រោម ១៥ ឆ្នាំឱ្យធ្វើជាទាហាន ចូលក្នុងពលទាហាន និងប្រើពួកគេឱ្យចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធទាំងឡាយ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist