ភ្នំពេញៈ នៅក្នុងពិធីឡើងគេហដ្ឋានថ្មី របស់តារាស្រីសម្បុរស្រអែមស្រស់ កញ្ញា ពៅ លីដា ត្រូវបានប្រភពពីអ្នកសិល្បៈ ចូលរួមកម្មវិធីលាន់មាត់សរសើរ និងអួតគ្រប់គ្នាថា កម្មវិធីរបស់នាង រៀបចំធំដុំ ចំណាយលុយខ្ទង់ជាងម៉ឺនទេ។ ដោយឡែកម្ចាស់សាម៉ីខ្លួន ពៅ លីដា បែរជាបដិសេធ មិនចង់និយាយពីការចំណាយ ក្នុងការរៀបចំពិធីនេះទេ ព្រោះតែនាងមានអារម្មណ៍ ខ្លាចរអា និងការរិះគន់ពីមហាជនថា នាងអួតទៅវិញ ។
កាលពី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ នេះ គឺជាថ្ងៃដែល កញ្ញា ពៅ លីដា រៀបចំពិធី ជប់លៀងឡើងវីឡាថ្មី សន្លាងមួយ នៅក្នុងបុរីពិភពថ្មី ម្តុំផ្សារដីហ៊ុយ ដោយនៅក្នុងកម្មវិធីនោះ គេសង្កេតឃើញថា មានវត្តមានភ្ញៀវ ជាអ្នកសិល្បៈ និងក្រៅសិល្បៈជាច្រើន បានបង្ហាញវត្តមាន ចូលរួមយ៉ាងច្រើនកុះករ ប្រមាណ៣០០-៤០០នាក់ ។
ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១២ ខែឧសភា នេះ កញ្ញា ពៅ លីដា បានប្រាប់ឲ្យដឹងថា នាងមានអារម្មណ៍ថា សប្បាយរីករាយខ្លាំងមែនទែន ដែលកម្មវិធីយប់មិញ (ទី១១ ខែឧសភា)នេះ ដំណើរការទៅបានយ៉ាងល្អ មានភ្ញៀវចូលរួមច្រើន តាមការគ្រោងទុក បើទោះជាម្សិលមិញនេះ ភ្ញៀវភាគច្រើន មានកម្មវិធីច្រើនក៏ដោយ ក៏គេនៅតែផ្តល់កិត្តិយស ទៅ ចូលរួម កម្មវិធីរបស់នាងដែរ ។
បើទោះជាយ៉ាងណា តារាសម្តែង និងជាតួឯកក្នុងរឿង “ត្រីមាស” ពៅ លីដា បានបដិសេធមិន ចង់រំឭកពីការចំណាយក្នុងពិធីនោះថា “សម្រាប់ការចំណាយគ្រប់យ៉ាង ក្នុងពិធីឡើង គេហដ្ឋានថ្មីនេះ ខ្ញុំមិនចង់លើកយកមកនិយាយទេ ខ្លាចគេថាអួត ព្រោះកន្លងមក ឲ្យតែអ្នកសិល្បៈ និយាយពីខ្ទង់ចំណាយ ក្នុងការរៀបចំកម្មវិធីអ្វីមួយ រមែងតែងតែមានការរិះគន់ថា អួត អញ្ចេះអួតអញ្ចុះមិនដាច់ទេ។ ហេតុដូចនេះខ្ញុំ សុំមិននិយាយ ហើយក៏មិនចង់មានការលើកឡើង ថាខ្ញុំអួតដូចគ្នាដែរ.. ” ។
តារាស្រី ពៅ លីដា បានប្រាប់ឲ្យដឹងថា ឆ្លៀតក្នុងឱកាសនេះ នាងក៏ចង់និយាយពាក្យអរគុណ ទៅដល់ភ្ញៀវទាំងអស់ដែលបានអញ្ជើញ ចូលរួមក្នុងកម្មវិធីនាង កាលពីយប់មិញ ។ នេះជាកម្មវិធីដែលនាងរៀបចំធំដុំ ជាលើកទី២ហើយ ក្នុងរយៈពេលនាងប្រឡូកក្នុងសិល្បៈ អស់ជាច្រើនឆ្នាំមក៕