(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើការពារ Eric Dier បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ៥ឆ្នាំទៅមុខទៀតក្នុងការ លេងឲ្យក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុងក្របខណ្ឌកំពូលអង់គ្លេស Barclays-English Premier League។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងថា កិច្ចសន្យាថ្មីរបស់កីឡាករដែលមានវ័យទើបតែ ២២ឆ្នាំជនជាតិអង់គ្លេសរូបនេះ នឹងផុតកំណត់រហូតដល់ឆ្នាំ២០២១ ខាងមុខ ដែលបានមកចូលរួមលេងជាមួយនឹងក្លឹប Spurs ក្នុងឆ្នាំ២០១៤ ក្រោមតម្លៃខ្លួនត្រឹមតែ ៤លានផោនប៉ុណ្ណោះ បន្ទាប់ពីចាកចេញពីក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់។
គិតរហូតមកទល់នឹងពេលនេះ Eric Dier បានចូលលេងឲ្យក្លឹប Spurs បានចំនួន ៨៧ប្រកួត និងស៊ុតបញ្ចូលទីបាន ៦គ្រាប់មកហើយ ក៏ប៉ុន្តែទើបតែបានចូលលេងឲ្យលេងក្រុមជម្រើសជាតិអង់គ្លេស ទើបតែបាន១២ប្រកួតប៉ុណ្ណោះ និងស៊ុត បញ្ចូលទីបាន២គ្រាប់ផងដែរ តាំងពីឆ្នាំ២០១៥ មក។
សូមបញ្ជាក់ផងដែរថា ដើមឡើយ Eric Dier ជាកីឡាករខ្សែការពារកណ្តាលនោះទេ ដែលបានវិវត្តន៍ទៅជាកីឡាករខ្សែបម្រើការពារវិញ និងបានចូលទាំង៤ប្រកួតក្នុងក្លឹប Spurs នៃរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ នេះថែមទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង