(ភ្នំពេញ)៖ «ម្រេចកំពត» ត្រូវបានសហភាពអឺរ៉ុប ចុះបញ្ជីសម្គាល់ភូមិសាស្រ្ត។ នេះជាផលិតផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានសហភាពអឺរ៉ុប ចុះបញ្ជីសម្គាល់អត្តសញ្ញាណ ដើម្បីបង្ការការក្លែងបន្លំ ដែលអាចបណ្ដាលឲ្យមានការរំលោភ បំពានកេរ្តិ៍ឈ្មោះ របស់ម្រេចកំពត។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប ដែល Khmertalking ទើបទទួលបាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ លើកដំបូងបំផុតសម្រាប់ផលិតផល របស់ប្រទេសកម្ពុជានៅលើទីផ្សា សហភាពអឺរ៉ុប ដែលបានបង្កើតឡើងដោយប្រទេសចំនួន២៨ នឹងជួយពង្រីកទីផ្សារ «ម្រេចកំពត» ទៅអ្នកប្រើប្រាស់ច្រើន ជាង ៥០០លាននាក់។
សេចក្តីប្រកាសព័ត៌មានដដែលនេះ បន្តថា «ម្រេចកំពត ឬ Poivrede Kampot» នឹងទទួលបានអត្ថប្រយោជន៍ ពីការការពារកម្រិតខ្ពស់បំផុត លើទីផ្សារអឺរ៉ុប ជាពិសេសប្រឆាំងការចម្លង និង កែច្នៃជៀសវាង មិនឲ្យមានការក្លែងបន្លំ ដែលអាចនឹងបណ្ដាលឲ្យមានការ រំលោភបំពានកេរ្តិ៍ឈ្មោះ របស់ម្រេចកំពតនេះ។ វាជាផលិតផលសម្គាល់ភូមិសាស្ត្រ មិនមែនជាផលិតផលរបស់សហភាពអឺរ៉ុបទី២០ ដែលទទួលបាន ការការពារស្របច្បាប់ពីសហភាពអឺរ៉ុប ក្នុងបទប្បញ្ញត្តិ ១១៥១/២០១២ ដែលបានចូលរួមជាមួយផលិតផល ល្បីល្បាញជាច្រើនផ្សេងទៀត។
សហភាពអឺរ៉ុប បានអះអាងថា ការចុះឈ្មោះ នៃស្លាកសញ្ញាសម្គាល់ភូមិសាស្រ្ត របស់ផលិតផលប្រទេសកម្ពុជាមួយនេះ បានជួយត្រួសត្រាយផ្លូវ សម្រាប់ការចុះបញ្ជីលើផលិតផល សំគាល់ភូមិសាស្រ្ត របស់ប្រទេសកម្ពុជាបន្ថែមទៀត ហើយរឿង ដ៏ជោគជ័យមួយនេះ នឹងអាចជួយឲ្យមានការផ្លាស់ប្តូរ ដល់ផលិតផលកម្ពុជា ដែលមានគុណភាពខ្ពស់ ផ្សេងៗទៀត។
សូមបញ្ជាក់ថា សូចនាករភូមិសាស្រ្ត (GIs) គឺជាប្រភេទកម្មសិទ្ធិបញ្ញាមួយ ដែលកំណត់នូវអត្តសញ្ញាណ របស់ផលិតផល មួយដែលមានប្រភពមកពីតំបន់ ឬប្រទេសមួយជាក់លាក់ ក៏ដូចជាទទួលបាន តាមរយៈវិធីសាស្រ្តផលិតកម្ម មួយច្បាស់លាស់ផងដែរ។ កេរ្តិ៍ឈ្មោះរបស់ផលិតផល សម្គាល់ភូមិសាស្រ្តមួយ ដែលផ្តោតសំខាន់ ទៅលើគុណភាព ឬភាព ត្រឹមត្រូវរបស់ផលិតផលនោះ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងប្រភព នៃភូមិសាស្ត្រដើមរបស់វា។ សូចនាករភូមិសាស្ត្រ មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងសហភាពអឺរ៉ុប (EU) ដែលជាកន្លែងមានប្រវត្តិសម្បូរ ទៅដោយផលិតកម្ម កសិកម្ម ឯកទេស និង ផលិតផលក្នុងស្រុក ដែលមានផលិតផលល្បីៗ ជាច្រើនទៀត បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ទៅនឹងកន្លែងដែលជាប្រភពដើម របស់ពួកគេ មានដូចជា កាហ្វេកូឡុំប៊ី ឬ ស្រាសាំប៉ាញ ឬ តែដាជែលលីង ជាដើម។
សូចនាករភូមិសាស្រ្ត (GIs) គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ សូចនាករ ភូមិសាស្រ្ត (GIs) អាចទទួលបានការពារ និងអភិរក្សនូវកម្មសិទ្ធិបញ្ញា ដែលទាក់ទងទៅនឹងវប្បធម៌ ប្រពៃណីទំនៀមមទម្លាប់ ភាពសម្បូរបែប នៃភូមិសាស្ត្រ និង វិធីសាស្ត្រនៃការផលិតរបស់ផលិតផលនោះ។ នៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សហភាពអឺរ៉ុប បានគាំទ្រសមាគម ក្នុងការផ្សព្វផ្សាយម្រេចកំពត ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីលើកកម្ពស់ និងធ្វើទីផ្សារផលិតផល ដែលមានគុណភាពខ្ពស់ មួយនេះ។
ធាតុសំខាន់នៅក្នុងគោលនយោបាយ គុណភាពផលិតផលរបស់ សហភាពអឺរ៉ុប គឺការចុះបញ្ជីជាផលិតផល សម្គាល់ភូមិសាស្ត្រ ដែលនឹងផ្តល់តម្លៃបន្ថែម ទៅលើកេរ្តិ៍ឈ្មោះរបស់ម្រេចកំពត ក៏ដូចជាជួយប្រយុទ្ធប្រឆាំង ទៅនឹងការក្លែងបន្លំផលិតផល ព្រមទាំងជួយបង្កើនភាពលេចធ្លោរ របស់វានៅលើទីផ្សារ ផលិតផល នៅក្នុងសហភាពអឺរ៉ុប ក៏ដូចជានៅប្រទេសកម្ពុជា និងនៅលើទីផ្សារដទៃទៀត ដោយសារតែផលិតផលនេះ មានបិទស្លាកសញ្ញាបញ្ជាក់គុណភាព ភីជីអាយ (PGI) នៅលើវា ចាប់ពីពេលនេះទៅ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី