ស្នាដៃរូបចម្លាក់ទាំងឡាយ ស្ដីអំពីមនុស្សធាត់ជ្រុល បានបង្កប់នូវខ្លឹមសារអប់រំ នឹងខ្លឹមសារអថ៌កំបាំងផ្សេងទៀត ដែលយើងគួរយកមកពិចារណា។
វិចិត្រករ ជនជាតិចិនម្នាក់ ឈ្មោះ Mu Boyan បាននាំមកនូវបណ្ដារូបចម្លាក់ធំៗ ស្ដែងឡើងអំពីទិដ្ឋភាពបែបកំប្លែងរបស់មនុស្សធាត់ បញ្ចេញកាយវិការផ្សេងៗពីគ្នា ប្រកបដោយភាពរស់រវើក ចូលរួមព្រឹត្តិការណ៍តាំងពិពរណ៍មួយ។
ដូច្នេះ តើរូបចម្លាក់ទាំងអស់នេះ បាននាំមកនូវសារអ្វីខ្លះ ជូនដល់សាធារណជន ? តើភាពធាត់គឺជាអម្រែកធ្ងន់មួយរបស់សង្គម ឬវាគ្រាន់តែជាសិទ្ធិរបស់មនុស្សម្នាក់?
សូមទស្សនារូបភាព និងព័ត៌មានខ្លះៗ ស្ដីអំពីសុខភាព ទាក់ទិននឹងមនុស្សធាត់ ៖
អង្ការសុខភាពពិភពលោក បានផ្ដល់អត្ថន័យចំពោះភាពធាត់ថា ជាស្ថានភាពប្រមូលខ្លាញ់ច្រើនហួស និងមិនមានលក្ខណៈធម្មតា នៅលើផ្នែកមួយ ឬនៅទូទាំងរាងកាយ។
អ្នកធាត់លើសទម្ងន់ ក្រៅពីផលវិបាកក្នុងការធ្វើចលនា ផ្លាស់ទី ពួកគេក៏ត្រូវប្រឈមនឹងជម្ងឺមួយចំនួន ដែលអាចគំរាមដល់អាយុជីវិត ដូចជាសម្ពាធឈាមខ្ពស់ដែលអាចនាំទៅរកជម្ងឺស្ទះសសៃឈាម ជម្ងឺទឹកនោមផ្អែម និងជម្ងែដ៏កាចសាហាវ គឺមហារីក។ល។
នៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដូចកម្ពុជាជាដើម មនុស្សធាត់ហួស គឺកើតមានទន្ទឹមនឹងមនុស្សខ្វះជីវិតជាតិបំប៉ន ប៉ុន្ដែមនុស្សធាត់ហួស មានច្រើននៅតែក្នុងតំបន់ទីក្រុង ចំណែកមនុស្សស្គមខ្វះជីវជាតិ មានច្រើននៅជនបទ។
អ្នកមានជម្ងឺធាត់ហួសពេក រហូតដល់ពិបាកក្នុងការគ្រប់គ្រងខ្លួនឯងបាន ប្រសិនមិនបង្កការលំបាកដល់សង្គម ក៏អាចជះឥទ្ធិពលមិនល្អ ឬជាអម្រែកមួយរបស់ក្រុមគ្រួសារពួកគេ។
ដូច្នេះ ដើម្បីធ្វើឱ្យខ្លួនអាចចៀសវាងបាននូវជម្ងឺធាត់ អ្នកគួរតែសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ អំពីមូលហេតុដែលនាំឱ្យរាងកាយលើសទម្ងន់ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ។
ដោយ ៖ តារា
ប្រភព ៖ Juxtapoz Magazine/k14