បណ្ដាប្រជាជនរបស់ Uros ដែលជាកុលសម្ព័ន្ធតូចមួយនៅប្រទេស Peru អាមេរិកខាងត្បូង បានជ្រើសរើសវិធីរស់នៅពិសេសដោយសេរីភាព និងដាច់ដោយឡែកពីគេ ដោយពួកគេបង្កើតនូវកោះអណ្ដែតជាច្រើន នៅលើផ្ទៃទឹកក្នុងទន្លេ ធ្វើជាអាណាចក្រដោយឡែករបស់ខ្លួន។
ដោយសារតែជាជនជាតិភាគតិច និងមិនមានលទ្ធភាពការពារខ្លួនពីការគំរាមកំហែងពីបណ្ដាកុលសម្ព័ន្ធផ្សេងៗដែលធំជាង និងខ្លាំងជាងខ្លួន ជនជាតិ Uros ក៏បានចាប់ផ្ដើមបង្កើតពិភពដោយឡែករបស់ពួកគេ នៅលើបឹង Titicaca ដែលមានទឹកច្រើនបំផុតនៅអាមេរិកខាងត្បូង។
បើទោះជារស់នៅដាច់ពីដីគោក ប៉ុន្ដែកុលសម្ព័ន្ធ Uros នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយពួកគេ បានដាំព្រៃត្រែងដ៏ធំ នៅតាមបណ្ដោយឆ្នេរទន្លេដែលពួកគេរស់នៅ។ មិនត្រឹមតែមានប្រយោជន៍ក្នុងការការពារប៉ុណ្ណោះទេ ប្រជាជន Uros នៅលើកោះអណ្ដែតនេះ ក៏ប្រើប្រាស់ត្រែងដើម្បីធ្វើជាផ្ទះសម្រាស់រស់នៅ និងធ្វើជាទូកដើម្បីត្រៀមសម្រាប់ករណីចាំបាច់ដែលត្រូវភៀសខ្លួនជាបន្ទាន់។
បណ្ដាកោះអណ្ដែតដែលត្រូវបានជនជាតិ Uros បង្កើតឡើងដើម្បីរស់នៅ គឺមានរចនាសម្ព័ន្ធយ៉ាងមាំមួន។ កោះអណ្ដែតត្រូវបានធ្វើឡើងអំពីត្រែងដែលមានកម្រាស់ដល់ទៅ ២ម៉ែត្រ។ កោះអណ្ដែតនិមួយៗ ត្រូវបានរក្សាលំនឹងដោយខ្សែពួរធំៗដែលចងពីជ្រុងមួយ ទៅជ្រុងមួយ របស់កោះ និងត្រូវចងជាប់ទៅក្រោមទឹក។
ដើម្បីសម្អាត និងថែរក្សា “សំណង់” របស់ខ្លួន ឱ្យបានរឹងមាំ ជនជាតិ Uros ក៏មានកម្មវិធីផ្លាស់ប្ដូរស្រទាប់ត្រែងនៅខាងក្រោម ជាញឹកញាប់ ពោលគឺ ៤លើកក្នុងមួយឆ្នាំ។ ប្រសិនត្រូវបានថែរក្សាត្រឹមត្រូវ កោះអណ្ដែតប្រភេទនេះ នឹងអាចមានជីវិតដល់ទៅ ៣០ឆ្នាំ។
ដោយ ៖ តារា
ប្រភព ៖ atlasobscura/southamerica