CamNews

ព័ត៌មានជាតិ 

រឿងដកកាំភ្លើងគំរាមអ្នកកាសែត៖ ម្ចាស់ដើមរថយន្ត Mercedes បានលក់រថយន្តឱ្យទៅបុគ្គលម្នាក់ទៀត ជាមន្រ្តី

(ភ្នំពេញ)៖ រឿងអ្នកបើករថយន្ត Mercedes ពាក់ស្លាកលេខ ភ្នំពេញ 2M-9199 ដកកាំភ្លើងខ្លីគំរាមបាញ់អ្នកកាសែត នៅខាងមុខសាលាក្រុង នៅម៉ោង ៨៖៤៥នាទី យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ដែលដំបូងឡើយត្រូវបានគេទម្លាយថាម្ចាស់រថយន្តនេះ ឈ្មោះ កែវ រតនា នោះ ឥឡូវនេះក៏ធ្លាយចេញនូវឯកសារទិញដូរមួយទៀតដែលបញ្ជាក់ថា លោក កែវ រតនា បានលក់រថយន្តនេះទៅឱ្យមន្រ្តីអាវុធហត្ថម្នាក់ តាំងពីខែឧសភា ឆ្នាំ២០១៤ មកម្ល៉េះ ។

តាមរយៈកិច្ចសន្យាទិញ-លក់រថយន្ត របស់ភាគីទាំងពីរ ដែលធ្វើឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ បានឱ្យដឹងថា ឈ្មោះ កែវ រតនា បានលក់រថយន្ត Mercedes ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-9199 ទៅឱ្យឈ្មោះ សរ ប៊ុនគីម ភេទប្រុស អាយុ៤០ឆ្នាំ ដែលមានមុខរបរជាមន្រ្តីអាវុធហត្ថ រស់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមជំរាបថា នៅម៉ោងប្រមាណ ៨៖៤៥នាទី យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ មានករណីអ្នកបើករថយន្ត Mercedes ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាក 2M-9199 ដកកាំភ្លើងម៉ាកកា៥៩ គំរាមបាញ់ទៅលើអ្នកកាសែត នៅមុខសាលារាជធានីភ្នំពេញ ដោយសាររថយន្តរបស់ក្រុមអ្នកកាសែតជើងចាស់ គេចម៉ូតូដែលវ៉ាឡានក្រុង ហើយខិតទៅជិតឡាន Mercedes របស់បុរសវ័យ៤០ឆ្នាំនោះ។ នេះបើតាម អ្នកកាសែតជើងចាស់ដែលរងគ្រោះដោយការគំរាមបាញ់នេះ។

ក្រោយមានហេតុការគំរាមបាញ់អ្នកកាសែត លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានជួយអន្តរាគមន៍ ដោយបង្ហាញពីអត្តសញ្ញាណម្ចាស់ដើម រហូតឈានដល់ធ្លាយលិខិតទិញលក់រថយន្តនេះតែម្តង៕


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh