(ភ្នំពេញ)៖ តារាចម្រៀងសំឡេងស្រួយបង្កប់ដោយមន្តស្នេហ៍រយពាន់ កញ្ញា សុខ ពិសី នៅថ្ងៃសៅរ៍នេះ បានបញ្ចេញសាររបស់នាងតាមរយៈ Fresh News និង Khmertalking ដើម្បីជាការផ្ដល់កម្លាំងចិត្តដល់តារាចចម្រៀង វ៉ាន់ នីឡា ដែលត្រូវបានជនអនាមិក ទម្លាយរូបស្រាតជាបន្តបន្ទាប់ បើទោះបីជានាង ជាតារាចម្រៀង មិនមែនរស់ក្នុងទ្រនំផលិតកម្មជាមួយគ្នាក្ដី។ កញ្ញា សុខ ពិសី បានសរសេរសាររបស់នាងនៅថ្ងៃនេះថា «ទោះយើងមិនមែនតារារួមផលិតកម្ម ហើយយើងមិនធ្លាប់ស្គាល់គ្នាពីមុនមកក្ដី តែបងគ្មានអ្វីក្រៅពីពាក្យថា រឹងមាំណាអូន..!»។
សូមជំរាបថា អ្នកសិល្បៈល្បីៗមួយចំនួន បានសម្ដែងក្ដីអាណិតអាសូរ ចំពោះតារាចម្រៀង វ៉ាន់ នីឡា ដែលត្រូវជនអនាមិក ទម្លាយរូបស្រាត និងទទូចសុំឲ្យអ្នកលេងបណ្ដាញសង្គមទាំងអស់ មេត្តាបញ្ឈប់ការចែកចាយរូបភាពទាំងនេះតទៅទៀត។
សូមបញ្ជាក់ថា នៅថ្ងៃនេះអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសថា អ្នកនាងនឹងត្រៀមផ្ដល់មេធាវីការពារក្ដី ដោយឥតគិតថ្លៃដល់តារាចម្រៀង វ៉ាន់ នីឡា ដែលកំពុងទទួលរងគ្រោះ ដោយសារជនអនាមិកទម្លាយរូបអាក្រាត ពេញបណ្ដាញសង្គម Facebook។ ការផ្ដល់មេធាវីដោយឥតគិតថ្លៃនេះ ធ្វើឡើងក្រោមការងារ របស់សមាគមថ្មី មានឈ្មោះថា «សមាគមអ្នកគាំពារសិល្បៈ» ដែលនឹងដាក់សំណើរ ទៅកាន់ក្រសួងមហាផ្ទៃ ជាផ្លូវការ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ។
Fresh News និង Khmertalking សូមរក្សាសិទ្ធិ មិនបញ្ចេញរូបស្រាតទាំងអស់នេះឡើយ ដើម្បីរក្សានូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់នាង ក្នុងនាមជាស្រ្តីខ្មែរ និងជាតារាចម្រៀងល្បីម្នាក់៕
ការបែកធ្លាយរូបអាក្រាតជាច្រើនប៉ុស្ដិ៍ និងជាបន្តបន្ទាប់បែបនេះ គឺបានកើតឡើងបន្ទាប់ពីរូបនាងផ្ទុះជម្លោះ និងចែកផ្លូវគ្នាជាមួយអតីតសង្សារ ដែលត្រូវប្រភពព័ត៌មានមួយចំនួនបង្ហើបឲ្យដឹងថាឈ្មោះ សិទ្ធិ ស័កិ្ត អាយុ២៦ឆ្នាំ មានតួនាទីជាប៉ូលិសស័ក្ដិបួនកន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើការងារក្នុងក្រសួងមហាផ្ទៃ។ ចំពោះរូបអាក្រាត ដែលបានបែកធ្លាយជាបន្តបន្ទាប់នេះ ត្រូវបានម្ចាស់សាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា សង្ស័យថា អតីតសង្សាររបស់នាងជាអ្នកទម្លាយ ព្រោះមានតែរូបគេម្នាក់ទេ ដែលមានរូបអាក្រាត របស់នាងនៅក្នុងដៃ ពេលពួកគេទាំងពីរ នៅល្អូកល្អឺននឹងគ្នា៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី