ភ្នំពេញ៖ យុវជនម្នាក់ និងមិត្តភក្តិ បានស្រែកឆោឡោ ក្រោយពីមាន ជនសង្ស័យ២នាក់ បាន
មកភ្ជង់ពួកគេ ហើយបានប្លន់យក ម៉ូតូម៉ាកស្តុបពី ពណ៌ក្រហម គ្មានស្លាកលេខ ស៊េរី២០១៤
កាលពីវេលាម៉ោង ប្រមាណ១២៖៥០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣
ស្ថិតនៅតាមផ្លូវលេខ៨៦ កែងផ្លូវលេខព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈជន
រងគ្រោះ និងមិត្តភក្តិ កំពុងនាំគ្នាប៉ះកង់ម៉ូតូមួយគ្រឿងទៀត។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ នោះជិះម៉ូតូ
ស្មាស ហើយបានបន្លំខ្លួន ជាសមត្ថកិច្ច ខណ្ឌដូនពេញ។ មុនពេលកើតហេតុ ជនរងគ្រោះ
ឈ្មោះ សុខ សីហា អាយុ២៣ឆ្នាំ រស់នៅខេត្តកណ្តាល និងមិត្តភក្តិ មានគ្នា៧នាក់ ជិះម៉ូតូ៣
គ្រឿង នាំគ្នាដើរលេង ចូលក្លឹបកំសាន្ត ស្រាប់តែម៉ូតូមួយគ្រឿង បានបែកកង់ ។
ពេលនោះពួកគេ បានប៉ះកង់ម៉ូតូ ដែលបែកនោះ នៅជិតស្ថានីយ៍ ប្រេងកាល់តិច តាមផ្លូវព្រះ
មុនីវង្ស ហើយខណៈកំពុងតែប៉ះកង់ម៉ូតូនោះ ស្រាប់តែលេចមុខ ជនសង្ស័យ២នាក់ ជិះម៉ូតូ
ស្មាស់ មួយគ្រឿង មកស្រែកថា យើងតាមម៉ូតូនេះ ៣ថ្ងៃហើយ តាំងពីបាញ់នៅខណ្ឌពោធិ៍
សែនជ័យ ដូច្នេះត្រូវតែទៅអធិការដ្ឋាន នគរបាលជាមួយពួកគេ។
ពេលនោះ ជនរងគ្រោះដែលត្រូវជនសង្ស័យ ស្រែកគំរាម និងវាយផងនោះ បាននាំគ្នារត់ចូល
ក្នុងស្ថានីយ៍ប្រេង ហើយជនសង្ស័យម្នាក់ បានជិះម៉ូតូរបស់ជនរងគ្រោះបាត់ទៅ។ ក្រោយ
កើតហេតុ កម្លាំងនគរបាល មូលដ្ឋាន បានចុះមកជួយ អន្តរាគមន៍ និងធ្វើការសួរនាំ ដើម្បី
ស្រាវជ្រាវ តាមចាប់ក្រុមជនល្មើស៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល