មានរូបភាពជាច្រើនបែកធ្លាយតាមប្រព័ន្ធអ៊ីនធឺណេត ដែលកំពុងទាក់ទាញចំណាប់អារម្មណ៏ អ្នកទស្សនា ជាច្រើន ដែលរូបទាំងនោះបង្ហាញពីការណាត់ជួបគ្នារវាង G-Dragon និង តារាបង្ហាញ ម៉ូដជប៉ុន នាង Mizuhara Kiko។ កាលពីមុន ពួកគេទាំងពីរ ធ្លាប់បានដោះស្រាយនូវ ពាក្យចចាមអារាម ណាត់ជួបគ្នា ជាច្រើនដង ស្ទើរតែរាប់មិនអស់ ប៉ុន្តែឥលូវនេះ ប្រហែលជាពួកគេត្រូវនិយាយពីរឿងនេះឡើងវិញ ម្តងទៀតហើយ។
នៅក្នុង Instagram របស់ជនជាតិជប៉ុនម្នាក់ កាលពីថ្ងៃទី ២៤ កញ្ញា បានដាក់បញ្ចូលរូបភាពណាត់ជួបគ្នា របស់ G-Dragon និង Kiko នៅលើកោះ Miyakozima ក្នុងប្រទេសជប៉ុន។ នៅក្នុងរូបនោះ គេឃើញមាន បុរសម្នាក់ប្រហាក់ប្រហែលនឹង G-Dragon ថ្វីបើគេបានពាក់មួក និងម៉ាស់ជិតក៏ដោយ អង្គុយជិតនារីម្នាក់ ពាក់អាវឆ្នូតៗ ដែលគេស្គាល់ថា ជាតារាបង្ហាញម៉ូដជប៉ុន នាង Kiko។
មានពាក្យចចាមអារាមស្ទើរតែរាប់មិនអស់ រវាងពួកគេទាំងពីរនាក់ ចាប់តាំងពីឆ្នាំ ២០១០ មកម៉្លេះ។ ថ្វីបើ YG Entertainment បានអះអាងថា G-Dragon និង Kiko មិនបានណាត់ជួបគ្នាទេ ពួកគេគ្រាន់តែជា មិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ ក៏អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតជាច្រើន បន្តប៉ាន់ស្មានថា ពួកគេពិតជាមាន ទំនាក់ទំនង ពិសេស ដោយមានភស្តុតាងបញ្ជាក់ជាច្រើនដូចជា រូបភាពពួកគេទាំងពីរទៅកំសាន្តនៅឯ ក្រៅប្រទេស ពេលបុណ្យណូអែល រូបពួកគេដើរផ្សារទិញឥវ៉ាន់ជាមួយគ្នា ព្រមទាំងញ៉ាំអាហារ ជាមួយ នឹងម្តាយរបស់ Kiko ផងដែរ។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ allkpop