CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមពាណិជ្ជកម្មអាមេរិកជំរុញឱ្យប្រទេសចិនបង្កើនការទិញទំនិញ និង សេវាកម្មរបស់សហរដ្ឋអាមេរិក

រដ្ឋធានីវ៉ាស៊ីងតោន: សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក និង សមាគមពាណិជ្ជកម្មជាង ៤០ កាលពីថ្ងៃចន្ទ (៦ កក្កដា) បានទទូចដល់មន្រ្តីជាន់ខ្ពស់អាមេរិក និងចិនឱ្យខិតខំប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសសេដ្ឋកិច្ចធំបំផុតទាំង ២ នៅលើពិភពលោក កាលពីខែមករា ទោះបីជាមានបញ្ហាទាក់ទងនឹងជំងឺរាតត្បាតយ៉ាងណាក្តី ។



នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានរតនាគារសហរដ្ឋអាមេរិក លោក Steven Mnuchin និង តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Robert Lighthizer ក៏ដូចជា អនុរដ្ឋមន្រ្តីចិន លោកLiu He បានសរសេរថា ពួកគេត្រូវបានលើកទឹកចិត្តអោយអនុវត្តចំពោះចិក្ចព្រមព្រៀង រហូតមកដល់ពេលនេះ​ ប៉ុន្តែបានទទូចឱ្យមានការបង្កើនទ្វេដង ក្នុងការទិញទំនិញ និងសេវាកម្មពីសំណាក់ ​ប្រទេសចិន។

ក្រុមដដែលនេះ បាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតវីរុសថ្មី និងការស្តារកំណើនសេដ្ឋកិច្ចពិភពលោក ពឹងផ្អែកមួយផ្នែកទៅលើការអនុវត្តប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន ដែលបានជួយបន្ធូរបន្ថយ សង្គ្រាមពាណិជ្ជកម្ម ដែលមានរយៈពេលជិត ១៨ ខែ ដែលត្រូវបានធ្វើឡើងដោយការ ​តំឡើងពន្ធដាក់គ្នាទៅវិញ​ ទៅមក។

ភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជុំវិញប្រភពដើមនៃការផ្ទុះឡើងនៃវីរុស Covid 19 ក៏ដូចជាការអនុម័តច្បាប់សន្តិសុខជាតិថ្មីរបស់ប្រទេសចិន ដែលក្រុមអ្នករិះគន់និយាយថា នឹងកំណត់ស្វយភាពរបស់ក្រុងហុងកុង។

នៅក្នុងលិខិតដដែល បានសរសេរថា“ចំពេលមានភាពតានតឹង ចំពោះ ភាគីទាំងពីរក្តី ក៏ពួកយើងចង់ឃើញ ការ ធ្វើការរួមគ្នា  រវាង ចិន  និង អាមេរិក ដើម្បីធ្វើឱ្យពាណិជ្ជកម្មកាន់តែប្រសើរឡើង ​ដែលអាចផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់សេដ្ឋកិច្ច និង ជួយធ្វើឱ្យទំនាក់ទំនងប្រសើរឡើងផងដែរ” ៕

 

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ channelnewsasia