(ភ្នំពេញ)៖ តាមការគ្រោងទុកកញ្ញា វ៉ាន់ នីឡា តារាចម្រៀងវ័យក្មេង និងស្រស់សោភាប្រចាំផលិតកម្ម Pleng Record ដែលជាបុត្រសម្ព័ន្ធ របស់ផលិតកម្មហង្សមាស នឹងត្រូវឡើងច្រៀងនៅកម្មវិធី «A1 Concert» ដែលនឹងចាក់ផ្សាយនៅវេលាម៉ោង១១ ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ នៅលើកញ្ចក់ទូរទស្សន៍ MYTV តែកញ្ញា បានសុំលុបចោលវិញ។ ការលុបចោលនេះ បន្ទាប់ពីរូបភាពអាក្រាតកាយរបស់កញ្ញាជាច្រើនសន្លឹកត្រូវបានជនអសិលធម៌ និងគ្មានភាពថ្លៃថ្នូរ លួចបង្ហោះតាមបណ្តាញសង្គម Facebook។
អ្នករៀបចំកម្មវិធីនៅស្ថាន័យទូរទស្សន៍ MYTV បានប្រាប់ Fresh News នៅមុននេះបន្តិចថា «កញ្ញា នីឡា នឹងត្រូវឡើងច្រៀងជាច្រើនបទ នៅក្នុងកម្មវិធី «A1 Concert» នៅថ្ងៃអាទិត្យនេះ តែកញ្ញាបានសុំលុបចោលវិញហើយ»។ អ្នករៀបចំកម្មវិធីមិនបានបង្ហាញពីមូលហេតុ ដែល កញ្ញា នីឡា សុំលុបចោលការច្រៀងនោះទេ តែគេអាចដឹងបានច្បាប់ថា ការលុបចោល គឺអាចផ្តើមចេញពីការបែកធ្លាយរូបភាពអាក្រាតកាយ របស់កញ្ញា ដែលជាហេតុនាំឲ្យកញ្ញាមិនអាចប្រឈមមុខជាមួយទស្សនិកជនជាសាធារណៈបាន។
អ្នករៀបចំកម្មវិធី បានឲ្យដឹងផងដែរថា បើទោះបីអវត្តមានកញ្ញ វ៉ាន់ នីឡា តែការប្រគំតន្រ្តី «A1 Concert» នៅតែប្រព្រឹត្តទៅជាធម្មតា ហើយ មានការផ្សាយបន្តតាម Fresh News TV Online និងតាមទំព័រ Facebook របស់ Fresh News ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ រូបភាពអាក្រាតកាយនៅក្នុងបន្ទប់ទឹក ក្នុងបន្ទប់កេង របស់កញ្ញា នីឡា តារាចម្រៀងវ័យក្មេងប្រចាំផលិត កម្ម Pleng Record រាប់សិបសន្លឹកត្រូវបានជនអសីលធម៌លួចទម្លាយជាបន្តបន្ទាប់នៅតាមបណ្តាញសង្គម Facebook។
ការទម្លាយរូបភាពនេះ កញ្ញា នីឡា និងបងប្រុសរបស់នាង គឺលោក សុខ ជំនោរ បានដាក់ពាក្យបណ្តឹងរួចរាល់ទៅកាន់សមត្ថកិច្ច ដើម្បីវែក ជនខិលខូចនោះផងដែរ។ មានការសង្ស័យថា រូបភាពទាំងអស់នេះ ត្រូវបានទម្លាយដោយអតីតសង្សាររបស់កញ្ញា នីឡា ដែលជាកូនមន្រ្តីនគរបាលពាក់ផ្កាយ៣ នៅក្រសួងមហាផ្ទៃ។
ការទម្លាយរូបនេះ នាំឲ្យអ្នកសិល្បៈរួមគ្នាសម្តែងការខូចចិត្តជាមួយកញ្ញា នីឡា និងបានអំពាវនាវដល់អ្នកលេងបណ្តាញសង្គមបញ្ឈប់ការចែក ចាយរូបភាពរបស់កញ្ញា បន្តទៅទៀត៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី