ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាសជាសាធារណៈ នូវគម្រោងលើកទឹកចិត្ដមួយ ដែលនឹងប្រើទឹកប្រាក់ ១.៩ ទ្រីលានដុល្លារអាមេរិក($1.9tn) សម្រាប់ស្ដារសេដ្ឋកិច្ចអាមេរិក ដែលចុះខ្សោយដោយសារជំងឺខូវីដ ១៩ មុនពេលដែលលោកឡើងកាន់តំណែង នៅសប្ដាហ៍ក្រោយ ។
ប្រសិនបើសភាអនុម័តយល់ព្រម គម្រោងនេះ នឹងរួមបញ្ចូលនូវទឹកប្រាក់ ១ ទ្រីលានដុល្លារសម្រាប់គ្រួសារពលរដ្ឋ ដែលផ្ដល់ជូនដោយផ្ទាល់នូវទឹកប្រាក់ ១,៤០០ ដុល្លារអាមេរិក ដល់ពលរដ្ឋអាមេរិកគ្រប់គ្នា ។
គម្រោងស្ដារសេដ្ឋកិច្ចនេះ រួមបញ្ចូលទាំងទឹកប្រាក់ ៤១៥ ពាន់លានដុល្លារអាមេរិក ដើម្បីប្រឆាំងនឹងវីរុសខូរ៉ូណា និង ៤៤០ ពាន់លានដុល្លារសម្រាប់ស្ដារអាជីវកម្មខ្នាតតូច ។ លោក Biden សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បានសន្យាដើម្បីកម្ចាត់ឱ្យបាននូវការរីករាលដាលនៃវីរុស ដែលបានសម្លាប់ពលរដ្ឋជាង ៣៨៥,០០០ នាក់នៅសហរដ្ឋអាមេរិក។
លោកបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំមុន ដោយប្ដេជ្ញាធ្វើការងារដោះស្រាយបញ្ហាវីរុសឱ្យបានប្រសើរជាងលោក ដូណាល់ ត្រាំ ដែលជាសមាជិកសភាមកពីគណបក្សសាធារណៈរដ្ឋ ។
គម្រោងរបស់លោក Biden បានប្រកាសស្របពេលការកើនឡើងយ៉ាងឆាប់រហ័សជាប់កំណត់ត្រានៃវីរុសខូរ៉ូណា នារដូវរងារនេះ ។ ក្នុងមួយថ្ងៃៗ ករណីឆ្លងថ្មី គឺមានចំនួន ២០០,០០០ ករណី និងចំនួនមរណៈភាពប្រចាំថ្ងៃ ជួនកាល ឡើងរហូតដល់ ៤,០០០ នាក់ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC