CamNews

ព័ត៌មានជាតិ 

ថវិការាប់លានរៀលរបស់សម្តេច ស ខេង ត្រូវបានប្រគល់នគរបាល​រាជធានី-ខេត្ត នៅរសៀលថ្ងៃនេះ

(ពោធិ៍សាត់)៖ ថវិការាប់លានរៀល ដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រគល់ជូនស្នងការ នគរបាលរាជធានី-ខេត្ត និងអគ្គស្នងការនគរបាលជាតិ ចំពោះការខិតខំប្រឹងប្រែងបង្ក្រាបបទល្មើស និងចាប់មុខសញ្ញាប្លន់នោះ ត្រូវបាននាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរង នគរបាលជាតិ យកទៅប្រគល់ជូន នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់។

លោក ហៀង ស៊ីថា ស្នងការរង និងជាប្រធានសេនាធិការ ខេត្តពោធិ៍សាត់ បានប្រាប់អង្គភាព Fresh News ថា ប្រាក់រង្វាន់ទាំងនេះ ត្រូវបានប្រគល់រួមគ្នា នៅទីនេះតែម្តង ក្រោមវត្តមាននាយឧត្តមសេនីយ៍ កង សុខន។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកាចំនួន ២៧០លានរៀល ដើម្បីលើកទឹកចិត្តដល់កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការបង្រ្កាបក្រុមចោរ និងបទល្មើសនានាទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។ នៅក្នុងលិខិតផ្ញើជូននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃ និងកោតសរសើរខ្ពស់ ដល់ កិច្ចខិតខំរបស់កងកម្លាំងនគរបាលនគរបាល និងកងរាជអាវុធហត្ថ ដែលបានខិតខំ និងឈានទៅចាប់បានមុខសញ្ញាតូចធំនៅតាមមូល ដ្ឋានក្នុងរាជាធានីភ្នំពេញ បាត់ដំបង កំពង់ធំ និងពោធិ៍សាត់។

សម្តេច បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមកោតសរសើរ ដោយស្មោះចំពោះការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវ​ របស់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទូទាំងប្រទេស សំដៅលុបបំបាត់នូវរាល់បទល្មើសគ្រប់ប្រភេទ និងបាតុភាពអសកម្មនានា ក្នុងស្មារតីពង្រឹង និងបង្កើនជំនឿទុកចិត្ត ពីសាធារណជនគ្រប់មជ្ឈដ្ឋាន»

សម្តេចក្រឡាហោម ស ខេង ក៏មិនភ្លេចផងដែរ ក្រើនរំលឹក និងដាស់តឿនទៅដល់ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត កណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវខិតខំឈានទៅបំបែកសំណុំរឿងបទល្មើសលួច ប្លន់ ដែលកើតមាននាពេលកន្លងមក និងចាប់ក្រុមជន ល្មើសមកផ្តន្ទាទោស។ ប្រាក់ឧបត្ថម្ភសម្រាប់ជាការលើកទឹកចិត្ត ដែលសម្តេចក្រឡាហោម ស ខេង បានផ្តល់ជូនរួមមាន៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបាន ៨០លានរៀល, បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៤០លានរៀល, ស្នងការនគរបាលរាជធានីភ្នំពេញ ៤០លាន រៀល, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៤០លានរៀល, ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៤០លានរៀល និងស្នងការដ្ឋាននគរ បាលខេត្តពោធិ៍សាត់ ៣០លានរៀល៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh