ភ្នំពេញ៖ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការកំណែលើ សន្លឹកកិច្ចការរបស់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបនោះ បានបិទបញ្ចប់ហើយ ក្នុងនោះ លទ្ធផលត្រូវបានរកឃើញថា ល្អប្រសើរ ពោលចំនួនអ្នកជាប់មានច្រើនជាងឆ្នាំទៅ ហើយអ្នកទទួលនិទ្ទេស A ក៏ច្រើនជាង ឆ្នាំទៅផងដែរ។
លោក រស់ សាលីន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥នេះថា ដំណើរ ការកំណែលើសន្លឹកកិច្ចការរបស់សិស្សប្រឡងកាលពីថ្ងៃទី២៤-២៥ ខែសីហា បានបិទបញ្ចប់ហើយ កាលពីថ្ងៃ ទី០៣ ខែកញ្ញា ហើយពេលនេះកំពុងធ្វើការស្រង់ពិន្ទុពីសន្លឹកកិច្ចការទៅក្នុងប្រព័ន្ធកុំព្យូទ័រ។
ឆ្លងតាមកំណែលើសន្លឹកកិច្ចការនេះ លោក រស់ សាលីន បានឲ្យដឹងថា លទ្ធផល នៃការប្រឡង គឺល្អប្រសើរជាង ឆ្នាំទៅច្រើន ពោលសិស្សបានត្រៀមលក្ខណៈរួចជាស្រេចទៅតាមកំណែទម្រង់របស់ក្រសួង។ បើតាមលោក រស់ សាលីន មានសន្លឹកកិច្ចការលើមុខវិជ្ជាខ្លះ ត្រូវបានសិស្សធ្វើបានពិន្ទុពេញតែម្តង។
ការប្រឡងបាក់ឌុបចំនួនពីរលើកកាលពីឆ្នាំ២០១៤ ដែលជាឆ្នាំកំណែទម្រង់ដំបូងរបស់លោក ហង់ ជូនណារ៉ុន រដ្ឋ មន្រ្តីថ្មី នៃក្រសួងអប់រំ យុវជន និងកីឡានោះ មានសិស្សទទួលបានជោគជ័យត្រឹមតែជាង ៤០ភាគរយប៉ុណ្ណោះ សម្រាប់ឆ្នាំ២០១៥នេះ លោក រស់ សាលីន មិនទាន់អាចបញ្ជាក់ពីអត្រាជាប់ឲ្យបានច្បាស់លាស់នៅឡើយទេ តែ លោកអះអាងថា មានអ្នកជាប់ច្រើនជាងឆ្នាំទៅ ក្នុងនោះអ្នកជាប់និទ្ទេស A ក៏មានច្រើនដែរ មិនមែន ១១នាក់ ដូច ឆ្នាំ២០១៤នោះទេ។
លោក រស់ សាលីន ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះការខិតខំរបស់សិស្ស និងដំណើរការប្រឡង ពោលនៅលើ សន្លឹកកិច្ចមិនមានការលួចចម្លងគ្នានោះទេ ពោលសិស្សបានគោរពទៅតាមលក្ខន្តិកៈរបស់ក្រសួង ដែលបាន អំពាវនាវ។
ចំពោះការដំណើរការកំណែវិញ្ញាសារវិញ ត្រូវបានអ្នកនាំពាក្យក្រសួងធានាអះអាងថា ធ្វើឡើងប្រកបដោយភាព ត្រឹមត្រូវ និងសុក្រិតបំផុត ក្រោមការឃ្លាំមើលពីមន្រ្តីក្រសួងអប់រំ និងមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ ដោយ មានការបំពាក់កាំមេរ៉ាសុវត្ថិភាពតាមដានផងដែរ។
បើតាមលោក រស់ សាលីន លទ្ធផល នៃការប្រឡងបាក់ឌុបនេះ នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា សម្រាប់រាជ ធានីភ្នំពេញ និងខេត្តកណ្តាល រីឯតាមបណ្តាខេត្តផ្សេងទៀត នឹងប្រកាសនៅថ្ងៃទី១៦ ខែកញ្ញា។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៥ ខែសីហា ដោយមានបេក្ខជនប្រឡង ជិត ៩ម៉ឺននាក់។ ការប្រឡងនេះ ត្រូវបានគេមើល ឃើញថា ដំណើរការទៅដោយល្អប្រសើរ ពោលសិស្សទាំងអស់សុទ្ធ តែបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទទួ
លយកការប្រឡងមួយប្រកបដោយភាពសុក្រិត ត្រឹមត្រូវក្រោមកំណែ ទម្រង់របស់លោក ហង់ ជួនណារ៉ុន។ ប្រ៊ីយ៉ុង ឬកំណែផ្សេងៗ សិស្សមិនបានយកជាប់តាមខ្លួន ដូចបណ្តាឆ្នាំកន្លង ទៅឡើយ។
តាមរយៈលទ្ធផលល្អ នៃការប្រឡងនេះ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បានបង្ហាញការសាទរយ៉ាង ខ្លាំង ចំពោះការផ្លាស់ប្តូរឥរិយាបទរបស់សិស្ស ដើម្បីបំពេញភារកិច្ចរបស់ខ្លួនក្នុងការប្រឹងប្រែងសិក្សារៀនសូត្រ។ លោក ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះអាណាព្យាបាលសិស្ស ដែលបានចូលរួមជាមួយ កំណែទម្រង់ក្រសួង ខិតខំយកចិត្តទុកដាក់ និងជំរុញកូនៗ ឲ្យប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ។ លោក រស់ សាលីន បានរំពឹងថា របត់ផ្លាស់ប្តូរនូវផ្នត់គំនិតថ្មីរបស់សិស្ស នឹងជួយឲ្យកម្ពុជារកបាននូវធនធានមួយ ដែលមាន ចំណេះ ជំនាញ ពិតប្រាកដ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល