ស្វាយរៀង ៖ បុរសប្រមឹកម្នាក់ បានបង្ក អំពើហិង្សា កាប់ប្រពន្ធរបស់ខ្លួននិងកាំបិត ផ្គាក់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយ នៅពេលដែល កម្លាំងនគរបាលប៉ុស្ដិ៍ឈើទាល ចូលទៅជួយ ស្រាប់តែជនបង្ករូបនេះបានទាញ កាំបិតផ្គាក់ទៅលើលោកមេប៉ុស្ដិ៍ចំនួនពីរកាំបិត មួយកាំបិត ចំកញ្ចឹងកនិងមួយកាំបិតទៀត ចំស្មា ព្រមទាំងកាប់បន្ដទៅលើមន្ដ្រីនគរបាល ម្នាក់ទៀត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
អំពើហិង្សាដែលបង្កឡើងបណ្ដាលឱ្យរង របួសធ្ងន់៣នាក់ខាងលើនេះ បានកើតឡើង កាលពីវេលារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៥ ស្ថិតនៅភូមិតារាក់ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង ។
យ៉ាងណាក៏ដោយ ជនបង្ករូបនេះ ត្រូវ បានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗនៅពេល នោះដែរ ខណៈដែលជនរងគ្រោះទាំងបីនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅរាជធានី ភ្នំពេញ និងមន្ទីរពេទ្យបង្អែកខេត្ដស្វាយរៀង។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលឃុំឈើទាលបានឱ្យដឹងថា មុនពេលកើត ហេតុ ជនបង្កឈ្មោះម៉ាន សាមឿន អាយុ ៤៦ឆ្នាំ មានអាការៈស្រវឹងខ្លាំង បានឈ្លោះ ទាស់ទែងជាមួយភរិយារបស់ខ្លួន ឈ្មោះនៅ ផល្លា រហូតផ្ទុះអំពើហិង្សា ដោយបុរសជាប្ដី បានរត់ទៅយកកាំបិតផ្គាក់មកកាប់ប្រហារ ប្រពន្ធរបស់ខ្លួនគ្មានញញើតដៃ បណ្ដាលឱ្យ រងរបួសយ៉ាងធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនិងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយអន្ដរាគមន៍ភ្លាមៗផងដែរ ក្នុង នោះគេក៏សង្កេតឃើញនាយនគរបាលប៉ុស្ដិ៍ លោកអ៊ឹម ញៀន បានដឹកនាំនគរបាលមួយ ចំនួនចុះទៅកាន់ផ្ទះកើតហេតុ គោលបំណង ជួយអន្ដរាគមន៍និងចាប់ជនបង្កយកមកផ្ដន្ទា ទោសតាមផ្លូវច្បាប់ ប៉ុន្ដែពេលដែលចុះទៅ ដល់ផ្ទះកើតហេតុនោះ ស្រាប់តែជនបង្កជាប្ដី បានទាញកាំបិតផ្គាក់ទៅកាប់ប្រហារលោក មេប៉ុស្ដិ៍ចំនួនពីរកាំបិតផ្គាក់ បណ្ដាលឱ្យរង របួសត្រង់កញ្ចឹងកនិងស្មារងរបួសយ៉ាងធ្ងន់ ធ្ងរ ។ នៅពេលដែលឃើញជនបង្កកាប់មេ ប៉ុស្ដិ៍មេប៉ុស្ដិ៍របស់ខ្លួន មន្ដ្រីនគរបាលម្នាក់ លោកនៅ ផល្លា ក៏បានចូលទៅជួយ ប៉ុន្ដែត្រូវ បានជនបង្កកាប់ប្រហារទៀតក៏រងរបួសផង ដែរ ។
ក្រោយកើតហេតុ នាយនគរបាលប៉ុស្ដិ៍ ត្រូវបានមន្ដ្រីនគរបាលរបស់ខ្លួន ហៅរថយន្ដ សង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យក្នុងរាជ ធានីភ្នំពេញ រីឯស្ដ្រីជាប្រពន្ធនិងលោកនៅ ផល្លា ជានគរបាលប៉ុស្ដិ៍នោះ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ដស្វាយរៀង។
លោកកុយ សុភាព នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្ដស្វាយរៀង បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះថា ស្ថានភាពរបួស របស់លោកអ៊ឹម ញៀន បានរួចផុតពីគ្រោះ ថ្នាក់ហើយ ប៉ុន្ដែស្ថានភាពរបស់ស្ដ្រីរងគ្រោះ និងលោកនៅ ផល្លា មិនទាន់ដឹងនៅឡើយ ទេ ។ ដោយឡែកជនបង្កត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ដ ស្វាយរៀង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល