CamNews

តារា 

ប៊័ររី អន់ចិត្តនឹងតំណែងតួឯក ក្នុងរឿង «ម្តាយក្មេករើសកូនប្រសារ»

(ភ្នំពេញ)៖ តារាសម្ដែងវ័យក្មេង ពោរពេញដោយទេពកោសល្យ លោក ប៊័ររី បានសម្ដែងការអាក់អន់ចិត្ត ចំពោះតំណែងជាតួឯក​ក្នុងរឿង «ម្តាយក្មេករើសកូនប្រសារ» ខណៈដែលរឿងនេះ មានតួឯកប្រុសស្រីចំនួន៤នាក់ (តួឯកពីរគូ) ប៉ុន្តែឈ្មោះរបស់លោក ហាក់ពុំត្រូវបានគេទទួលស្គាល់​ថា ជាតួឯកនោះទេ ពោលទាំងអ្នកដឹកនាំ​សម្ដែង ទាំងមហា​​ជន ក៏ដូចជាបណ្ដាញ​សារព័ត៌មានទូទៅ តែងយល់ឃើញថា តួឯកក្នុងរឿង​​មានតែពីរនាក់ប៉ុណ្ណោះ គឺ​លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ដោយមិន​ដែលគិតថា រូបលោកប៊័ររី និងតួឯកស្រីម្នាក់ទៀត គឺកញ្ញា គង់ វង្សយ៉ាទី ជាតួឯកក្នុងរឿងនេះ ដូចគ្នាឡើយ។

ប្រភពព័ត៌មានធ្លាយចេញ ពីចង្កោម​អ្នកសិល្បៈដូចគ្នា បានទម្លាយថា ចាប់តាំងពីភាពយន្តរឿង «ម្តាយក្មេករើសកូនប្រសារ» ចាប់ផ្ដើមចេញថតមក មហាជន ក៏ដូចជាសារព័ត៌មានទូទៅ តែងតែចុះផ្សាយជា​បន្តបន្ទាប់ ថា ក្នុងរឿង «ម្តាយក្មេករើសកូនប្រសារ» បានតួឯកតែពីរនាក់ប៉ុណ្ណោះ គឺតារាសម្ដែង លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ិន។ ប៉ុន្តែតាមការពិតរឿងនេះ មានតួឯករហូតដល់ទៅ៤នាក់ (ស្រី២ប្រុស២) ដោយតួគូទី២ គឺលោក ប៊័ររី និងកញ្ញា គង់ វង្សយ៉ាទី។

​ចំណុចដែលមិនបានបញ្ចេញ​ឈ្មោះថា លោកប៊័ររី និងកញ្ញា គង់ វង្សយ៉ាទី ជាតួឯកក្នុងរឿងនេះ បានធ្វើឲ្យលោក ប៊័ររី មានការអាក់អន់ស្រពន់ចិត្ត ដេកមិនលក់បក់មិនល្ហើយ ចង់ប្រាប់ដល់មហាជន និងអ្នកបណ្ដាញសារព័ត៌មាន​ទាំងអស់ថា លោក និងកញ្ញា យ៉ាទី ក៏ជាតួអង្គឯក ជាតួសំខាន់​ផងដែរ ក្នុងរឿងនេះ ពោលពុំមែនដូចការយល់ច្រឡំថា រឿង«ម្តាយក្មេករើសកូនប្រសារ» មានតួឯកតែពីរនាក់។

ប្រភពព័ត៌មានដដែល​បានបង្ហើបទៀតថា ការទទូចឲ្យមានបញ្ចេញឈ្មោះ របស់តារាសម្ដែង ប៊័ររី នៅពេលនេះ ពុំមែនមានន័យថា លោកមានចិត្តច្រណែន​នឹងតួឯកផ្សេង គឺលោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន នោះទេ ប៉ុន្តែលោកចង់ទាមទារអ្វីដែលជាការពិត ជាក់ស្ដែងនៅក្នុងរឿងតែប៉ុណ្ណោះ និងកុំឲ្យទស្សនិកជន មានការយល់ច្រឡំបន្តទៀត។

សូមបញ្ជាក់ថា រឿង «ម្តាយក្មេករើសកូនប្រសារ» ជាស្នាដៃថត​របស់ផលិតកម្ម 8 Production ​ហើយត្រូវដាក់បញ្ចាំង​នៅក្នុងស្ថានីយទូរទស្សន៍ CTV8 ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង