CamNews

ព័ត៌មានជាតិ 

អ្នកនេសាទខ្មែរ ឡើងចាប់អ្នកនេសាទវៀតណាមម្នាក់ ដល់លើទូក ក្រោយឆ្លងចូលនេសាទ លើដែនសមុទ្រខ្មែរ នៅចំណុចភ្នំ

(កំពត)៖ ប្រជានេសាទខ្មែរឥស្លាម នៅពាក់កណ្តាលអាធ្រាត្រឈានចូល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ បានចេញទៅនេសាទនៅសមុទ្រ ក៏ប្រទះឃើញទូកនេសាទ​ របស់វៀតណាម ១គ្រឿង ដែលកំពុងចូលមកនេសាទខុសច្បាប់ លើដែនសមុទ្រកម្ពុជា ត្រង់ចំណុចជិតខ្សែបន្ទាត់ព្រំដែនសមុទ្រខាងត្បូង ឈាងខាងកើតភ្នំដូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ពេលនោះ ពួកគេក៏នាំគ្នាឡើងចាប់បានកម្មករនេសាទវៀតណាមម្នាក់ ហើយនាំខ្លួនប្រគល់មកឲ្យ នគរបាលដើម្បីចាត់ការតាមច្បាប់។

មន្ត្រីនគរបាលខេត្តកំពត បានប្រាប់អង្គភាព Fresh Newsថា ប្រជានេសាទជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួនមានឈ្មោះ លីវ វ៉ាម៉ាន់ អាយុ២០ឆ្នាំរស់នៅ ក្រុងហាទៀង ខេត្តគៀងយ៉ាង ប្រទេសវៀតណាម។ ប្រជានេសាទខ្មែរ បានឲ្យដឹងថា ខណៈពួកគាត់កំពុងនេសាទនោះ ស្រាប់តែឃើញទូកវៀតណាម មួយគ្រឿង កំពុងធ្វើការនេសាទ នៅលើដែនសមុទ្រខ្មែរ ពួកគាត់ក៏នាំគ្នាឡើងទៅលើទូកវៀតណាម គោលបំណងចាប់ទាំងទូក និងមនុស្ស តែពេលនោះកម្មករ នៅលើទូកវៀតណាម បានទាញដាវសាម៉ូរ៉ៃ រកកាប់មកលើពួកគាត់។

ឃើញដូច្នេះ ពួកគាត់ក៏ទាញដៃបានកម្មករម្នាក់ អូសទំលាក់មកលើទូករបស់ខ្លួន ទាំងព្រលឹងចុងសក់។ បន្ទាប់មកបើកទូកយ៉ាងប្រញ៉ាប់គេចចេញ ពីទូករបស់វៀតណាមសំដៅ មកច្រាំងវិញ។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ព្រំដែនសមុទ្រកម្ពុជា-វៀតណាម មិនទាន់បានកំណត់នៅឡើយទេ រវាងភាគីទាំង២ ហើយអ្នកធ្វើនេសាទសមុទ្រ នៅតាមខ្សែព្រំដែន តែងតែមានការរំលោភដាក់គ្នា។ យ៉ាងណាក៏ដោយ សម្រាប់កម្មករវៀតណាម ខាងលើនេះ ស្ថិតក្រោមការសួរនាំ របស់សមត្ថកិច្ចខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី៕


 

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh