SYDNEY៖ និយតករប្រកួតប្រជែងរបស់អូស្រ្តាលី (Australian regulator ) បានដាក់ពាក្យបណ្តឹង ទៅតុលាការប្រឆាំងនឹងក្រុមហ៊ុន Google ចំពោះការចោទប្រកាន់ថា បានបំភាន់អតិថិជនអំពី ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ យ៉ាងទូលំទូលាយសម្រាប់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានឈ្មោះថា targeted advertising ។
គណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) បានប្តឹង ទៅតុលាការសហព័ន្ធ និងបានគូសបញ្ជាក់ថា ហ្គូហ្គោល មិនបានជូនដំណឹងដល់អតិថិជន (Users) របស់ខ្លួនច្បាស់លាស់ និង ឱ្យបានត្រឹមត្រូវឡើយ អំពីការផ្លាស់ប្តូរឆ្នាំ ២០១៦ ដើម្បីបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងគណនីហ្គូហ្គលជាមួយ Youtube Gmail , …ព្រមទាំង សកម្មភាព នៅលើគេហទំព័រនានា ដែលមិនមែនហ្គូហ្គោល ហើយដែលប្រើប្រាស់បច្ចេកវិទ្យារបស់ Google នោះ ។ ការផ្លាស់ប្តូរឆ្នាំ ២០១៦ នេះ បានអនុញ្ញាតឱ្យ Google និងផ្នែកដទៃទៀតនៃក្រុមហ៊ុននេះ ភ្ជាប់ឈ្មោះរបស់អ្នកប្រើ និងវិធីផ្សេងទៀតដើម្បីកំណត់អត្តសញ្ញាណ អ្នកប្រើប្រាស់ ជាមួយនឹងអាកប្បកិរិយារបស់ពួកគេ នៅកន្លែងផ្សេងទៀត នៅលើអ៊ីនធឺណិត។
ឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមហ៊ុន Google មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ចំណាត់ការរបស់ ACCC កើតឡើងចំពេល ដែលមានការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងពិភពលោកលើ ទិន្នន័យឯកជន (data privacy) ។ សមាជិកសភាអាមេរិក និងអឺរ៉ុបថ្មីៗនេះ បានបង្កើនការយកចិត្តទុកដាក់របស់ពួកគេ ទៅលើវិធីដែលក្រុមហ៊ុនបច្ចេកវិទ្យានានា ធ្វើអំពើទិន្នន័យអ្នកប្រើប្រាស់ ដោយសារតែបញ្ហាប្រឈមលើឯកជនភាពរបស់ពលរដ្ឋខ្លួន។ និយតករ បានចោទប្រកាន់ក្រុមហ៊ុន Google ថា បានប្រើទិន្នន័យរួមបញ្ចូលគ្នាដើម្បីជំរុញការផ្សព្វផ្សាយគោលដៅ ដែលជាប្រភពចំណូលដ៏សំខាន់ ហើយ Google មិនបានបញ្ជាក់ច្បាស់ដល់អតិថិជន អំពីការផ្លាស់ប្តូរ នូវគោលការណ៍ឯកជនភាពរបស់អ្នកប្រើប្រាស់ ឡើយ៕
ប្រែសម្រួល៖ ផាន់ណា
ប្រភព៖ Channel News Asia