(ម៉ិកស៊ិចកូ)៖ ហេតុការណ៍ ដ៏គួរឲ្យរន្ធត់មួយទៀតហើយ ដែលកើតឡើងពីការថតរូប selfie បានបណ្តាលឲ្យក្មេងស្រីពីរនាក់ ត្រូវបាត់បង់ជីវិត យ៉ាងអណោចអធ័ម ខណៈដែលពួកគេឡើង ទៅលើដុំថ្មឈរថតរូបជាមួយនឹងទេសភាព ដ៏ស្រស់ស្អាតហើយភ្លេចខ្លួនមួយរំពេច។
ក្មេងស្រីរងគ្រោះ មានអាយុ១២ឆ្នាំឈ្មោះ Arandari Paola Garcia និងម្នាក់ទៀតអាយុ១៧ឆ្នាំ ឈ្មោះ Mariana ដោយនៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះទាំងពីរ បានទៅដើរកំសាន្ត ជាមួយក្រុមគ្រួសារដោយបោះតង់ នៅលើឆ្នេរខ្សាច់មួយ ក្នុងប្រទេសម៉ិចស៊ិចកូ ប៉ុន្តែពេលកើតហេតុ គឺក្មេងស្រីទាំងពីរ បានចេញឆ្ងាយពីឪពុកម្តាយ ទៅថត selfie នៅលើដុំថ្មដ៏ធំនៅ Rosarito, Baja California ហើយក៏ជួបគ្រោះថ្នាក់ ដោយក្មេងស្រីម្នាក់រអិលធ្លាក់ ចំណែកម្នាក់ទៀតលង់ទឹកសមុទ្រស្លាប់។
តាមការស៊ើបអង្កេត របស់ប៉ូលិសឲ្យដឹងថា ពីដំបូងក្មេងស្រីរងគ្រោះម្នាក់ ធ្លាក់ចូលទឹកសមុទ្រ ទើបក្មេងស្រីម្នាក់ទៀតព្យាយាមជួយ តែនាងក៏ត្រូវរអិលធ្លាក់ពីលើដុំថ្មស្លាប់ដូចគ្នា ចំណែកក្រុមគ្រួសារអ្នកទាំងពីរ ក្រោយពីបាត់ពួកគេជិតមួយម៉ោង ក៏រាយការណ៍ទៅប៉ូលិស ទើបអាចស្វែងរកសាកសព ជនរងគ្រោះឃើញ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង