CamNews

ព័ត៌មានអន្តរជាតិ 

ហេតុអ្វីត្រូវអនុម័តច្បាប់ជាចាំបាច់ ដើម្បីបញ្ចៀសការរំលោភសិទ្ធិមនុស្ស ពីសហគ្រាសអាជីវកម្ម?

អង្គការសហប្រជាជាតិ បានទទួលស្គាល់ជាផ្លូវការជាច្រើនទសវត្សរ៍មកហើយថា អាជីវកម្មទាំងឡាយមានទំនួលខុសត្រូវ ក្នុងការគោរពសិទ្ធិមនុស្ស ។ ការទទួលស្គាល់នេះ គឺជាយុទ្ធសាស្រ្ដអភិវឌ្ឍន៍ ដ៏មានសារៈសំខាន់ នៅក្នុងនីតិសិទ្ធិមនុស្សអន្តរជាតិ ។ ១០ ឆ្នាំក្រោយមក វាបង្ហាញឱ្យឃើញច្បាស់ថា យុទ្ធសាស្រ្ដនេះ គ្រាន់តែជាការបោះជំហានដំបូងប៉ុណ្ណោះ ។ យើងត្រូវការច្បាប់ ដែលមានអំណាចចាប់បង្ខំឱ្យបណ្ដាក្រុមហ៊ុនអនុវត្ដកាតព្វកិច្ច ដើម្បីការពារកម្មករ និងសហគមន៍ពីការរំលោភបំពាន និងបង្ខំឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើក្រុមហ៊ុនទាំងនោះ មិនអនុវត្ដតាម ។



ក្រុមអង្គការសិទ្ធិមនុស្ស បានចងក្រងជាឯកសារជាច្រើនទសវត្សរ៍មកហើយនូវទំនាក់ទំនងរវាងធុរកិច្ច និងការរំលោភសិទ្ធិមនុស្ស ។ រាប់តាំងពីក្រុមហ៊ុនរ៉ែ និងប្រេង ដែលធ្វើប្រតិបត្ដិការអាជីវកម្មពឹងផ្អែកទៅលើកងកម្លាំងសន្ដិសុខទាំងបំពាន រហូតដល់ឧស្សាហកម្មថ្នាំជក់ ដែលប្រើពលកម្មកុមារ យើងបានបង្ហាញពីរបៀប ដែលក្រុមហ៊ុនអាជីវកម្មទាំងឡាយ ប្រើប្រាស់ទ្រព្យសម្បត្ដិ និងអំណាច ដើម្បីជាន់ឈ្លីលើសិទ្ធិរបស់កម្មករ និងសហគមន៍ ។

កាលពីខែមិថុនា ឆ្នាំ ២០១១ សហគមន៍អន្ដរជាតិ ព្រមទទួលស្គាល់នូវការទទួលខុសត្រូវផ្នែកសិទ្ធិមនុស្សរបស់បណ្ដាក្រុមហ៊ុនអាជីវកម្ម ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអនុម័ត និងណែនាំនូវគោលការណ៍ស្ដីពីអាជីវកម្ម និងសិទ្ធិមនុស្ស(UNGPs) ។ គោលការណ៍នោះ មានខ្លឹមសារថា ក្រុមហ៊ុនអាជីវកម្មទាំងឡាយ គួរតែបង្ហាញ និងរាយការណ៍នូវផលប៉ះពាល់សិទ្ធិមនុស្ស ក្នុងប្រតិបត្ដិការអាជីវកម្មរបស់ខ្លួន រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលរបស់ខ្លួនផងដែរ ។

ចាប់តាំងពីការអនុម័តរបស់ស្ថាប័នអន្ដរជាតិមួយនេះមក គោលការណ៍ខាងលើ បានជួយឱ្យមនុស្សមានគំនិតប្រក្រតីថា ក្រុមហ៊ុនទាំងឡាយគួរតែគោរពសិទ្ធិមនុស្ស និងញ៉ាំងឱ្យក្រុមហ៊ុនជាច្រើន ប្ដេជ្ញាចិត្ដអនុវត្ដដោយបើកចំហ។ យើងតែងទាញហេតុផលសំអាង នៅពេលដែលយើងទទូចអោយក្រុមហ៊ុនគ្រឿងអលង្ការ ទាញយកធនធានរ៉ែពីអណ្ដូងរ៉ែ ដោយមិនប្រើពលកម្មកុមារ ឬទទូចឱ្យធនាគារបញ្ឈប់ផ្ដល់ហិរញ្ញប្បទានដល់ការសាងសង់ខុសច្បាប់ នៅក្នុងតំបន់ West Bank ដែលស្ថិតក្រោមអាណានិគម ។ គោលការណ៍ខាងលើ ក៏បានដឹកនាំក្រុមហ៊ុនទាំងឡាយឱ្យអភិវឌ្ឍប្រព័ន្ធ និងនីតិវិធីនានា ដើម្បីលាតត្រដាងពីហានិភ័យផ្នែកសិទ្ធិមនុស្ស ព្រមទាំងបង្កើតឱ្យមានឧស្សាហកម្មផ្ដល់សេវាប្រឹក្សា និងសវនកម្ម ដើម្បីជួយដល់ក្រុមហ៊ុនទាំងនោះ ។

ទោះជាយ៉ាងណា គុណវិបត្ដិដ៏ធំបំផុតនៃគោលការណ៍ខាងលើគឺថា បណ្ដាក្រុមហ៊ុនអនុវត្ដតាមដោយស្ម័គ្រចិត្ដ ដោយគ្មានយន្ដការបង្ខំឱ្យអនុវត្ដ ដើម្បីធានាឱ្យបានថា ក្រុមហ៊ុនទាំងឡាយ គោរពសិទ្ធិមនុស្ស ឬចាប់ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលកំហុសកើតឡើងនោះទេ ។ ១ ទសវត្សរ៍កន្លងទៅ បណ្ដាក្រុមហ៊ុន បានបន្សល់នូវគំរូអាក្រក់ ដោយបរាជ័យក្នុងការបំពេញទំនួលខុសត្រូវផ្នែកសិទ្ធិមនុស្សរបស់ខ្លួន។

នៅក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ កម្មកររាប់លាននាក់ បន្ដធ្វើការយ៉ាងលំបាក នៅក្នុងលក្ខខណ្ឌការងារបែបរំលោភបំពាន ក្នុងរោងចក្រ ដែលផ្គត់ផ្គង់ម៉ាកផលិតផលសកល។ កាលពីឆ្នាំ ២០១៣ កម្មករជាង ១,១០០ នាក់ បានស្លាប់បាត់បង់ជីវិត និង ២,០០០ នាក់ផ្សេងទៀតរងរបួស នៅពេលដែលអាគាររោងចក្រកាត់ដេរ Rana Plaza building  បានបាក់រលំ នៅប្រទេសបង់ក្លាដេស ។ ក្រោយសោកនាដកម្ម ក្រុមហ៊ុនប្រេនសម្លៀកបំពាក់ និងរោងចក្រកាត់ដេរ បានធ្វើការជាមួយក្រុមសហជីព និងក្រុមសង្គមស៊ីវិលដើម្បីបង្កើតកិច្ចព្រមព្រៀងបង់ក្លាដេសស្ដីពីសុវត្ថិភាពអាគារ និងអគ្គីភ័យ ដែលជាយន្ដការមួយ ដើម្បីបង្ហាញ និងកែតម្រូវសុវត្ថិភាពអាគារ និងអគ្គីភ័យ ។ ប៉ុន្ដែគំនិតផ្ដួចផ្ដើមនេះ ពុំឃើញលេចចេញជាការអនុវត្ដឡើយ ដែលអាចជាការបោកប្រាស់ផ្នែកនយោបាយ ហើយចុងក្រោយ គឺវាស្រេចតែក្រុមហ៊ុនប៉ុណ្ណោះ ដែលជាអ្នកសម្រេចថា តើពួកគេចូលរួមអនុវត្ដ ឬក៏អត់ ។

ផ្នែកឧស្សាហកម្មរ៉ែ ​ក៏មិនអន់ដែរ ក្នុងការបន្សល់នូវបញ្ហាធំរាប់មិនអស់ ។ ជាឧទាហណ៍ជាក់ស្ដែងមួយ កាលពីខែមករា ឆ្នាំ ២០១៩ ការបាក់រលំទំនប់ថ្មអណ្ដូងរ៉ែមួយ បណ្ដាលឱ្យជោរជន់នូវភក់ពុល និងកាកសំណល់រ៉ែ ហូរកាត់ទីក្រុង Brumadinho ប្រទេសប្រេស៊ីល ដោយកប់មនុស្សជាង ២៥០ នាក់ទាំងរស់ ។ Vale ដែលជាក្រុមហ៊ុនបង្កើតទំនប់អណ្ដូងរ៉ែ កាលពីឆ្នាំ ២០១៤ បានចេញផ្សាយគោលការណ៍ស្ដីពីសិទ្ធិមនុស្សមួយ ដោយធ្វើសេចក្ដីយោងចំពោះគោលការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។ ប៉ុន្ដែយោងតាមការស៊ើបអង្កេតដោយសភាប្រេស៊ីល និងការស៊ើបអង្កេតឯករាជ្យមួយ ដែលឧបត្ថម្ភថវិកាដោយ Vale ក្រុមហ៊ុននេះ បានដាក់សម្ពាធសវនករដែលជាជនទី៣ ឱ្យចេញលិខិតបញ្ជាក់ក្លែងក្លាយថា ទំនប់អណ្ដូងរ៉ែនោះ មានសុវត្ថិភាព ។ ក្រុមហ៊ុន Vale ក៏ជាម្ចាស់ម្នាក់នៃទំនប់អណ្ដូងរ៉ែមួយទៀត ដែលស្ថិត នៅទីក្រុង Mariana ផងដែរ ដែលការបាក់ទំនប់អណ្ដូងរ៉ែនោះ កាលពីឆ្នាំ ២០១៥ បានសម្លាប់មនុស្ស ១៩ នាក់ និងបណ្ដាលឱ្យខូចបរិស្ថានយ៉ាងក្រាស់ក្រែល ។

បណ្ដាស្ថាប័នរដ្ឋាភិបាល និងអង្គការនីតិបញ្ញត្ដិ ចាប់ផ្ដើមភ្ញាក់ខ្លួនថា ច្បាប់ និងវិធានចាប់បង្ខំអោយអនុវត្ដ ត្រូវតែអនុម័តជាចាំបាច់ ដើម្បីការពារកម្មករ និងសហគមន៍ឱ្យខាងតែបាន ។

កាលពីឆ្នាំ ២០១៧ ប្រទេសបារាំងបានអនុម័តច្បាប់មួយ ដែលតម្រូវឱ្យក្រុមហ៊ុនធំៗ ត្រូវកំណត់មុខសញ្ញាឱ្យបាន និងការពារការរំលោភសិទ្ធិមនុស្ស និងការខូចបរិស្ថាន នៅក្នុងប្រតិបត្ដិការអាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះ រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេផងដែរ ។ មិនតែប៉ុណ្ណោះច្បាប់នេះ អនុញ្ញាតឱ្យជនរងគ្រោះ  និងអង្គការសង្គមស៊ីវិល មានសិទ្ធិប្ដឹងក្រុមហ៊ុនទាំងនោះ ដែលបរាជ័យ ក្នុងការបំពេញឱ្យបាននូវកាតព្វកិច្ចរបស់ខ្លួន ។

សភាអាឡឺម៉ង់ កាលពីថ្ងៃទី ១១ ខែមិថុនា បានអនុម័តច្បាប់មួយ ដែលតម្រូវឱ្យក្រុមហ៊ុនធំៗ កំណត់ឱ្យបាន និងរាយការណ៍ពីហានិភ័យផ្នែកបរិស្ថាន និងសិទ្ធិមនុស្ស នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផ្ទាល់របស់ពួកគេ ហើយក្រុមហ៊ុន នឹងរងការផាកពិន័យ ប្រសិនបើមិនអនុវត្ដតាម ។

សហភាពអឺរ៉ុបទាំងមូល កំពុងពិចារណា ដើម្បីធ្វើនីតិកម្ម ដែលតម្រូវឱ្យបណ្ដាក្រុមហ៊ុន ត្រូវគោរពសិទ្ធិមនុស្ស និងបរិស្ថាន ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ច្បាប់ទាំងឡាយ ទោះជាមិនល្អឥតខ្ចោះ ក៏គង់បង្កើតបាន ជាយុត្ដិសាស្រ្ដមួយ ដែលរដ្ឋាភិបាល គួរអនុវត្ដតាមដែរ ៕   

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ HRW