CamNews

ព័ត៌មានជាតិ 

លោក សម រង្ស៊ី កំពុងស្ថិតនៅលើកោះតូចមួយនៃប្រទេស ហ្វីលីពីន

(ភ្នំពេញ)៖ លោក សម រង្ស៊ី បានបង្ហាញថា នៅពេលនេះរូបលោកកំពុងស្ថិតនៅលើកោះតូចមួយនៃប្រទេស ហ្វីលីពីន នេះបើយោងតាម Facebook របស់លោក សម រង្ស៊ី ចេញផ្សាយនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក សម រង្ស៊ី បានសរសេរនៅលើ Facebook របស់លោកថា «សម័យនេះ តាមរយៈបច្ចេកវិទ្យាទំនើប យើងអាចធ្វើការ គិតគូរពីប្រទេសជាតិ ពីកន្លែងណាក៏បានដែរ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ជានិច្ច។ ពេលនេះ ខ្ញុំកំពុងស្ថិតនៅលើកោះតូចមួយនៃប្រទេស ហ្វីលីពីន»។

សូមបញ្ជាក់ថា លោក សម រង្ស៊ី កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ តំណាងអយ្យការអមសាលាដំបូងចេញដីការកោះហៅឲ្យចូលមកបំភ្លឺ នៅសាលាដំបូងនាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ តាមបណ្តឹង​លោក គី តិច មេធាវីសម្តេច ហេង សំរិន ពីបទបរិហាកេរ្តិ៍តាមបណ្តាញ សង្គម Facebook។ បណ្តឹងនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ បានបង្ហោះវីដេអូ​ឃ្លីបរបស់ សម្តេច នរោត្តម សីហនុ ពេលកំពុងជួបមានព្រះរាជអង្ការទៅកាន់ប្រជាពលរដ្ឋនៅប្រទេសអូស្រ្តាលី។ ក្រៅពីបង្ហោះវីដេអូឃ្លីបហើយ លោក សម រង្ស៊ី បានសរសេរអក្សរបញ្ជាក់បន្ថែមថា «យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គ​ថាជាជនក្បត់ជាតិ»។

លោក សម រង្ស៊ី បាននិងកំពុងស្នាក់នៅឯក្រៅប្រទេស ដើម្បីគេចខ្លួនពីសំណាញ់ច្បាប់របស់កម្ពុជា។ មកដល់ពេលនេះ មានសំណុំរឿង ចំនួន ៣ហើយបានជាប់ពាក់ព័ន្ធជាមួយលោក សម រង្ស៊ី រួមមានបណ្តឹងបរិហាកេរ្តិ៍ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការ បរទេស បណ្តឹងសមគំនិតកែខៃសន្ធិសញ្ញាព្រំដែន និងបណ្តឹងចុងក្រោយនេះ គឺបរិហាកេរ្តិ៍ សម្តេច ហេង សំរិន៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh