(ភ្នំពេញ)៖ លោក ជួន សុជា ដែលត្រូវបានអ្នកសិល្បៈ ក៏ដូចជាមហាជនជាច្រើនដឹងថា លោកជាអ្នកនិពន្ធបទចម្រៀង មានឈ្មោះល្បីគួរសម ប្រចាំនៅក្នុងផលិតកម្ម សាន់ដេ កាលពីក្នុងឱកាសខួបកំណើតរបស់លោក នាពេលថ្មីៗនេះ បានបង្ហើបថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ នៅពេលដល់ថ្ងៃបញ្ចប់កិច្ចសន្យា ក្នុងផលិតកម្មសាន់ដេ លោកនឹងធ្វើការពិចារណា ចាកចេញពីផលិតកម្មមួយនេះ ប្រសិនបើពុំមានលក្ខខណ្ឌ ដ៏សមរម្យណាមួយចំពោះរូបលោក ដើម្បីនៅបន្តទៀត។
អ្នកនិពន្ធ ជួន សុជា បានបង្ហើបថា ប្រសិនបើលោកចាកចេញពីផលិតកម្ម សាន់ដេ នៅថ្ងៃខាងមុខមែននោះ គឺពុំមែនមកពីមូលហេតុ លោកមានបញ្ហាជាមួយម្ចាស់ផលិតកម្ម, តារាចម្រៀងណាមួយ ឬគំនាបការងារនាពេលកន្លងមកនោះឡើយ ពោលគឺមកពីលោកចង់ផ្លាស់បទពិសោធន៍ការងារ និងចង់បន្ថែមការនិពន្ធ រឿងមួយទៀត ដើម្បីជាបទពិសោធន៍ថ្មី សម្រាប់ការងារក្នុងសិល្បៈ ផ្នែកតាក់តែងនិពន្ធ។
លោក ជួន សុជា និយាយថា «នៅខែសីហានេះ ខ្ញុំត្រូវផុតកុងត្រា ជាមួយផលិតកម្ម សាន់ដេ ហើយពេលនោះ ខ្ញុំនឹងនិយាយជាមួយ ចាងហ្វាងផលិតកម្ម ហើយប្រសិនបើលក្ខខណ្ឌការងារ នៅតែដដែលទេ ខ្ញុំនឹងអាចចាកចេញ ព្រោះខ្ញុំក៏ចង់បានបទពិសោធថ្មី ផ្សេងទៀតដែរ !»។
យ៉ាងណាមិញ ទៅបីជាលោក ជួន សុជា មិនបានបង្ហើបពីបញ្ហារវាងរូបលោក និងម្ចាស់ផលិតកម្ម សាន់ដេ ក្ដី ប៉ុន្តែនៅក្នុងថ្ងៃខួបកំណើតគម្រប់អាយុ២៥ ឆ្នាំ កាលពីរាត្រីថ្ងៃទី១២ កក្កដា ឆ្នាំ២០១៦ ថ្មីៗនេះ គេមិនបានឃើញវត្តមានម្ចាស់ផលិតកម្ម ឬតារាចម្រៀងសាន់ដេណាម្នាក់ចូលរួមឡើយ ដែលជាហេតុនាំឲ្យមានការសង្ស័យថា លោក ជួន សុជា អាចមានរឿងអ្វីមួយកើតឡើង ជាមួយអ្នកនៅក្នុងផលិតកម្មសាន់ដេ។
សូមបញ្ជាក់ថា អ្នកនិពន្ធ ជួន សុជា ត្រូវបានគេដឹងថា លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈ ផ្នែកនិពន្ធអស់រយៈពេល៣ឆ្នាំមកហើយ ។ ផលិតកម្ម ដែលលោកបាន សាងកេរ្តិ៍ឈ្មោះដំបូងគេ គឺផលិតកម្ម M ហើយបទចម្រៀងដែលលោកនិពន្ធ និងធ្វើឲ្យទស្សនិកជនស្គាល់ដំបូង គឺបទ «ពេលស្រវឹងទើបដឹងថា នឹកអូនជាងគេ» ដែលច្រៀងដោយ លោក វណ្ណា ស័ក្តិ ។ ក្រោយមកលោកមានឱកាស បានចូលក្នុងផលិតកម្ម សាន់ដេ ហើយបាននិពន្ធបទជាច្រើនទៀត ឲ្យតារាចម្រៀងល្បីៗច្រៀង មានដូចជាលោក ខេមរៈ សិរីមន្ត កញ្ញា សុខ ពិសី អ្នកនាង សុខ ស្រីនាង និងតារាក្នុងផលិតកម្មសាន់ដេ ជាច្រើនទៀត ដែលសរុបរហូតមកដល់ពេលនេះ មានប្រមាណជិត១០០បទឯណោះ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី