CamNews

តារា 

ទេព បូព្រឹក្ស ត្រូវ​គូប្រជែង​តាមបំបាក់

ភ្នំពេញ៖ កញ្ញា ទេព បូព្រឹក្ស កំពុងល្បីល្បាញ ខាងក្បាច់រាំ ជាមួយបទចម្រៀងរ៉េប "Right Here waiting" ស្រាប់តែថ្មីៗនេះ មានទំព័រ ក្នុងហ្វេសប៊ុកមួយ មានឈ្មោះថា Anti Copy songs ជាទំព័រមួយ តែងតែរិះគន់ ជាសាធារណៈ នូវបទចម្រៀង ឬការចំឡងស្ទីល ណាមួយ របស់តារាល្បីៗ ក្នុងស្រុកខ្មែរ បានបង្ហោះរូបភាព សម្លៀកបំពាក់នាង ដែលបានចំឡងពីតារាកូរ៉េ ។ មហាជនគាំទ្រ ទំព័រនេះ បានចូលទៅរិះគន់ និងជេរ ទេព បូព្រឹក្ស រួមទាំងប្រើប្រាស់ ពាក្យពេចន៍ មិនសមរម្យជាច្រើន ទៅលើនាង ទាំងនាងជាមនុស្សស្រី ទន់ខ្សោយ មិនសូវចេះតតាំងអ្វីឡើយ ។

បន្ទាប់ពីរូបភាពនោះ បានបង្ហោះចេញ ពីទំព័រហ្វេសប៊ុកភ្លាម មានមហាជនម្នាក់ បាននិយាយប្រាប់ LookingTODAY ថា រូបភាពនោះជាទង្វើ របស់គូប្រជែង ក្នុងអាជីពសិល្បៈរបស់នាង ច្រើនជាងមនុស្សធម្មតារិះគន់ ព្រោះមានតែអ្នកសិល្បៈដូចគ្នាទេ ដែលដឹងថា អ្នកណាយកតាមអ្នកណា ។ ម្យ៉ាងទៀតសម្លៀកបំពាក់ ដែលគេយកមកបង្ហោះនោះ ទេព បូព្រឹក្ស យកតាមតែពីរម៉ូដទេ ចំណែកឯមួយម៉ូដទៀត គឺនាងស្លៀកយូរហើយ។ ទើបតែ២សប្ដាហ៍ក្រោយនេះ ឃើញ នាងស្លៀកឡើង បង្ហាញបទចម្រៀងថ្មី ។ ចំណែកពេលផ្ញើរូបភាព ទៅកាន់ទំព័រហ្វេសប៊ុក ឈ្មោះAnti copy song នោះ ដែលត្រូវដឹងថា ជាគូប្រជែងបានប្រើប្រាស់ គណនីហ្វេសប៊ុកផ្សេង ដើម្បីកុំឲ្យមានបញ្ហា កើតឡើងចំពោះខ្លួន ។

ប្រភពដដែលបានបន្ត ដោយអារម្មណ៍ ហួសចិត្តថា គូប្រជែងរបស់ ទេព បូព្រឹក្ស ហាក់បំបាក់នាងម្ដងជាពីរដង ធ្វើឲ្យនាងខ្មាសគេ ងើបមុខមិនរួច។ ប៉ុន្តែ ទេព បូព្រឹក្ស ហាក់រឹងមាំ មិនទោទន់ទៅតាមការបំបាក់ របស់គូប្រជែងនោះទេ។ នាងព្យាយាមធ្វើអ្វី ដែលថ្មីទាំងក្បាច់រាំ និងបទចម្រៀង ពិសេសនាង នៅតែប្រកាន់ អត្តចរិកស្លូតបូត ចំពោះអ្នកសារព័ត៌មានគ្រប់រូប ទោះជាអ្នកណា សរសេរអាក្រក់ ពីនាងយ៉ាងណាក៏ដោយ ។

ប្រភពដដែល បានសំណូមពរថា ជាតារាចម្រៀងដូចគ្នាទេ កុំកាច់បំបាក់គ្នាអី គួរតែសាមគ្គីគ្នា ជាជាងប្រកាន់យកវប្បធម៌ លូតលាស់បន្តិចក្ដិចត្រួយ ។ ជុំវិញបញ្ហានេះ តារាចម្រៀង ទេព បូព្រឹក្ស មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺបានទេ នៅថ្ងៃទី១៩ ខែមីនា នេះ ទាក់ទងនឹងអារម្មណ៍របស់នាង ដែលត្រូវគូប្រជែង តាមបំបាក់ មិនឈប់មិនឈរ បែបនេះ ៕

 

Looking Today

Looking Today

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news