(មណ្ឌលគិរី-ក្រចេះ)៖ គោយន្តកន្រៃ្តយ៍ ឫគេហៅថា តេឡេថង ជាច្រើនគ្រឿង ដឹកឈើមានមុខកាត់ធំៗ ជាច្រើនដុំ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ថា កំពុងសម្រុកដឹកជញ្ជូនពីកន្លែងស្តុក ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅចំណុចព្រំប្រទល់ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ។
សកម្មភាពសម្រុកដឹកឈើ ប្រភេទប្រណិត យ៉ាងច្រើន ជាហូរហែខាងលើនេះ បានកើតមានឡើងក្រោយពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានប្រកាសចេញវិធានការដ៏ក្តៅគគុក លើប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ទូទាំងប្រទេសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។
យោងតាមសេចក្តីសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលមាន៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អនុប្រធានព្រមទាំងសមាជិក៨រូបទៀត ក្នុងនោះមានអភិបាលខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។
ប្រជាពលរដ្ឋរស់នៅស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ថា នៅតាមផ្លូវកុងមិន ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមានគោយន្តកន្រ្តៃយ៍ ជាច្រើនគ្រឿង បានដឹកឈើមានមុខកាត់ធំៗ ចេញពីកន្លែងស្តុក នាំទៅកាន់ប្រទេសវៀតណាម ដែលសកម្មភាពទាំងនេះ ក្រុមឈ្មួញបានប្រើរូបភាព ប្រជាពលរដ្ឋ ដឹកតាមគោយន្តប៉ុន្តែធាតុពិត នៅពីក្រោយ សុទ្ធតែក្រុមឈ្មួញឈើធំៗ និងមន្រ្តីពាក់ព័ន្ធថ្នាក់ខេត្តមួយចំនួនផងដែរ។
សេចក្តីរាយការណ៍បានបន្តថា ចុះពីផ្លូវជាតិចូលតាមផ្លូវកុងមិន បានចំងាយ ប្រមាណ១០គីឡូម៉ែត្រ មានដេប៉ូមួយកន្លែង ស្តុកឈើដែលគេអះអាងថា ជារបស់ក្រុមហ៊ុនចិន មិនកុង តែធាតុពិតជារបស់ក្រុមឈ្មួញគរទុកចោលនៅទីនោះ។ ហើយបន្តដំណើរទៅមុខទៀត ចំងាយប្រមាណ៤០គីឡូម៉ែត្រ មានប៉ារ៉ាស់មួយ ដែលនៅទីនោះមានកងនគរបាល និងអាវុធហត្ថ យាមប្រចាំការ ដែលជាកន្លែងដេប៉ូស្តុកឈើទី២ ហើយឈើទាំងនេះភាគច្រើន ត្រូវបានកាប់ និងដឹកជញ្ជូនចេញពីខេត្តមណ្ឌលគិរី។
សម្រាប់ច្រកនាំចេញទៅកាន់ ប្រទេសវៀតណាមវិញ ត្រូវបានប្រជាពលរដ្ឋដឹងរឿងបានលួចបង្ហើបថា មានគោលដៅ២ ទី១តាមផ្លូវជាតិលេខ៧ កាត់តាមចំណុចខ្លាស្ទុះ ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅកាន់ទន្លេចាម ខេត្តត្បូងឃ្មុំ និងគោលដៅទី២ តាមច្រកព្រំដែនខេត្តក្រចេះ ជាប់ជាមួយវៀតណាមតែម្តង។
សម្រាប់ឈើទាំងនេះត្រូវបានក្រុមឈ្មួញធំៗ និងមានឥទ្ធិពលកាប់បំផ្លាញនៅ តំបន់អភរក្សជីវៈចំរុះកែវសីមា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រង់គីឡូម៉ែត្រលេខ១០៥-១០៧ ដែលមានមន្រ្តីអាវុធហត្ថនៅទីស្នាក់ការ៧០៩ នៃតំបន់កា៣ ហើយពេលខ្លះចេញតាមផ្លូវ ត្រពាំងក្រញូង ឆ្ពោះទៅកាន់ប្រទេសវៀតណាមតែម្តង។
ចំពោះការសម្រេចបង្កើតគណៈកម្មាការនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្រគល់ឧទ្ធម្ភាគចក្រចំនួពីរគ្រឿង សម្រាប់ប្រតិបត្តិការបង្រ្កាបជំនួញឈើនេះផងដែរ។ តាមរយៈគណៈកម្មាការ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា ប្រជាពលរដ្ឋសង្ឃឹមថា នឹងជួយឲ្យបានចំពោះធនធានព្រៃឈើនៅកម្ពុជា បានគង់វង្សកាន់តែប្រសើរឡើង៕
















ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី