CamNews

ព័ត៌មានអន្តរជាតិ 

ចៅក្រមតុលាការសហព័ន្ធ បដិសេធមិនព្រមបញ្ចប់រឿងក្ដីបំពានផ្លូវភេទ ប្រព្រឹត្ដដោយអគ្គមេបញ្ជាការកំពូលនៃកងកម្

តុលាការសហព័ន្ធអាមេរិក បានចេញសេចក្ដីសម្រេចកាលពីថ្ងៃព្រហស្បតិ៍ថា រឿងក្ដីបំពានផ្លូវភេទលើមន្រ្ដីចូលនិវត្ដរ៍មួយរូប ប្រព្រឹត្ដដោយអគ្គមេបញ្ជការនៃកងកម្លាំងទ័ពអាកាសលោក   John Hyten ត្រូវបានអនុញ្ញាតឱ្យបន្ដដំណើរការនីតិវិធី ទៅតំណាក់កាលបន្ទាប់ ។ លោក Hyten ដែលជាមន្រ្ដីយោធាអាមេរិកជាន់ខ្ពស់ថ្នាក់ទី២ ត្រូវបានតុលាការចោទប្រកាន់ពីបទបំពានផ្លូវភេទលើមន្រ្ដីស្រីមួយរូប កាលពីឆ្នាំ ២០១៧ ។



វរសេនីយឯកចូលនិវត្ដរ៍ អ្នកស្រី  Kathryn Spletstoser  បានចោទប្រកាន់លោក Hyten ពីបទជាប់ពាក់ព័ន្ធនឹងការបំពានផ្លូវភេទ នៅក្នុងបន្ទប់សណ្ឋាគារមួយ ពេលចូលរួមសន្និសីតកាលពីឆ្នាំ ២០១៧​ ។ បច្ចុប្បន្នលោក Hyten គឺជាអនុប្រធាននៃអគ្គសេនាធិការរួមរបស់អាមេរិក ។ អ្នកស្រី Spletstoser ចេញមុខចោទប្រកាន់ដោយគ្មានភស្ដុតាង កាលពីឆ្នាំមុន ក្រោយពីលោកត្រាំ បានតែងតាំងលោក  Hyten ក្នុងមុខតំណែងថ្មីនេះ ។ ទោះជាយ៉ាងនេះក្ដី ការស៊ើបអង្កេតជាបន្តបន្ទាប់របស់កងកម្លាំងទ័ពអាកាស  រកពុំឃើញភស្ដុតាងនៃការចោទប្រកាន់ពីបទប្រព្រឹត្ដទុច្ចរិតនេះឡើយ ហើយការស៊ើបអង្កេតនេះ បានបញ្ជាក់ពីភាពស្អាតស្អុំរបស់លោក មុនការបញ្ជាក់បន្ថែមពីសភា ។


លោក Hyten បានបដិសេធការចោទប្រកាន់របស់អ្នកស្រី Spletstoser ។ មិនតែប៉ុណ្ណោះ លោកបានទាញហេតុផលថា បណ្ដឹងនេះ ត្រូវបានវៀរលែងដោយទ្រឹស្តីច្បាប់ Feres Doctrine  ដែលហាមឃាត់មិនឱ្យប្ដឹងកងកម្លាំងប្រដាប់អាវុធទៅតុលាការស៊ីវិល ដោយសារតែការបំពាន ដែលបានចោទប្រកាន់ គឺជាឧបទ្ទវហេតុនៃ “បរិច្ចារកិច្ចយោធា”។

សេចក្ដីសម្រេចចេញដោយចៅក្រម Michael Fitzgerald នៃតុលាការមូលដ្ឋានសហរដ្ឋអាមេរិក(US District Court) រដ្ឋកាលីហ្វូញ៉ា បានច្រានចោល សំណើច្បាប់របស់ចុងចោទ ដើម្បីបញ្ចប់រឿងក្ដី ហើយ​បានផ្ទេរយុត្ដាធិការពីរដ្ឋ California ទៅរដ្ឋ Nebraska វិញ ។ ចៅក្រម បានរកឃើញថា បណ្ដឹងនេះ ពុំត្រូវបានហាមឃាត់ឡើយ ពីព្រោះ វាមិនអាចចាត់ទុកថា ជាកាតព្វកិច្ចយោធា ដែលតម្រូវឱ្យលោក  Hyten បំពានផ្លូវភេទលើ អ្នកស្រី Spletstoser នោះទេ ។ វាជាការពិតបើទោះជាថា លោកអគ្គ Hyten ចូលបន្ទប់សណ្ឋាគាររបស់ដើមចោទដោយលេសថា ចូលដើម្បីគោលបំណងការងារក៏ដោយ។

វរសេនីយត្រីនៃកងកម្លាំងទ័ពអាកាសលោក Trisha Guillebeau ដែលជាអ្នកនាំពាក្យរបស់លោក Hyten បាននិយាយថា ក្រសួងយុត្តិធម៌ កំពុងពិនិត្យមើលឡើងវិញលើសេចក្ដីសម្រេចនោះ ។ យោងតាមអ្នកជំនាញច្បាប់ និងក្រុមអ្នកតស៊ូមតិ សេចក្ដីសម្រេចរបស់ចៅក្រមសហព័ន្ធបែបនេះ កម្រនឹងកើតមានណាស់ ហើយរឿងក្ដីបែបនេះ ជាទូទៅត្រូវឱ្យប្រព័ន្ធយុត្ដិធម៌របស់យោធាជាអ្នកដោះស្រាយ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist