ឯកសារសំខាន់ៗមួយចំនួន ដែលបានដាក់ស្នើដោយគណកម្មាធិការសភាអាមេរិក កាលពីថ្ងៃពុធ ដើម្បីស៊ើបអង្កេតអំពីការវាយប្រហារនាថ្ងៃទី ៦ ខែមករា បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះសុខភាពផ្លូវចិត្ដរបស់លោកត្រាំកាលពីមុន និងថាតើ លោកគិតនឹងប្រើយោធា ដើម្បីរក្សាអំណាច ឬយ៉ាងណា ។
ក្រៅពីស្រាវជ្រាវរបាយការណ៍ស្ដីពីសមាជិកគ្រួសាររបស់លោកត្រាំ និងបញ្ជីជំនួយដ៏វែងអន្លាយកាលពីមុន គណៈកម្មការខាងលើ នឹងស្នើសេតវិមាន និងបណ្ដាភ្នាក់ងារសហព័ន្ធឱ្យបញ្ជូនមកនូវសម្លេងសន្ទនាពីការដកអតីតប្រធានាធិបតីចេញពីតំណែង និងថាតើ លោកមានគម្រោងអនុម័តច្បាប់អាជ្ញាសឹក ឬយ៉ាងណា ។
គណៈកម្មការនេះ នឹងផ្ដោតលើរយៈពេលពីការបោះឆ្នោត រហូតដល់ថ្ងៃឡើងកាន់តំណែងរបស់ប្រធានាធិបតីរូបនេះ និងចង់ឱ្យបណ្ដាភ្នាក់ងារសហព័ន្ធប្រគល់រាល់ឯកសារ និងការទំនាក់ទំនងនានា ដែលទាក់ទងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញអាមេរិកលើកទី ២៥ ដែលអនុញ្ញាតឱ្យអនុប្រធានាធិបតី និងសមាជិកគណៈរដ្ឋមន្រ្ដីសម្លេងភាគច្រើន មានសិទ្ធិដកប្រធានាធិបតីចេញពីតំណែង ប្រសិនបើពួកគេពិនិត្យឃើញថា ប្រធានាធិបតីរូបនោះអសមត្ថភាព កាន់តំណែង ។
បណ្ដាភ្នាក់ងារ ក៏ត្រូវបានស្នើផងដែរ ឱ្យប្រគល់ជូននូវរាល់ឯកសារ និងការទំនាក់ទំនង ដែលពាក់ព័ន្ធនឹងស្ថេរភាពផ្លូវចិត្ដរបស់លោកត្រាំ និងភាពមាំទាំក្នុងតំណែងរបស់ខ្លួន ក្រោយថ្ងៃទី ៦ ខែមករា នៅពេលដែលអ្នកគាំទ្រលោកត្រាំមួយហ្វូងបង្កព្យុះភ្លៀង នៅវិមាន Capitol ។
បើត្រូវបានប្រគល់ជូនមែន ឯកសារទាំងនេះ អាចផ្ដល់នូវការយល់ស៊ីជម្រៅថា តើអតីតអនុប្រធានាធិបតីលោក Pence និងសមាជិកគណៈរដ្ឋមន្រ្ដីរបស់លោកត្រាំ បានពិចារណាចាត់វិធានការ ក្រោយដឹងពីរបាយការណ៍ជាច្រើនដែលថា បណ្ដាមន្រ្ដីរដ្ឋាភិបាលអនុវត្ដនូវវិសោធនកម្មលើកទី២៥ អំឡុងការកាន់តំណែងពីរសប្ដាហ៍ចុងក្រោយរបស់លោកត្រាំ ។
នៅអំឡុងពេលនោះ សភាអាមេរិក បានអនុម័តនូវវិធានការផ្ដល់សញ្ញាមួយ ដែលលើកទឹកចិត្ដអោយលោក Pence អនុវត្ដនូវវិសោធនកម្មនោះ ។ នាពេលនោះ លោក Pence បានឆ្លើយតបត្រឡប់វិញ ដោយនិយាយថា លោកមិនជឿទេថា “ការអនុវត្ដទង្វើបែបនេះ ផ្ដល់ប្រយោជន៍ធំធេងដល់សង្គមជាតិយើង” ។
លិខិតផ្ញើទៅកាន់មន្ទីរបញ្ចកោន ពីគណៈកម្មការសភាអាមេរិក ស្នើសុំរបាយការណ៍ស្ដីពីការប្រើប្រាស់ដ៏មានសក្ដានុពលនៃអំណាចយោធា ដើម្បីបង្កជាឧបសគ្គ ឬធ្វើឱ្យប្រាកដពីការផ្ទេរអំណាចដោយសុទ្ធចិត្ដរវាងការបោះឆ្នោត និងការឡើងកាន់អំណាច និងការប៉ុនប៉ងណាមួយរបស់លោកត្រាំ ដើម្បីរក្សាតំណែងរបស់ខ្លួន ក្រោយថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ The Hill