CamNews

ព័ត៌មានជាតិ 

ធី សុវណ្ណថា ដាក់សំណើឲ្យ ក្រសួងអប់រំ ពិនិត្យកំណែ វិញ្ញាសារបស់នាង

ភ្នំពេញ ៖ កញ្ញា ធី សុវណ្ណថា បានអះអាងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៥នេះ នាងបានដាក់សំណើទៅកាន់ក្រសួងអប់រំ យុវជន និងកីឡារួចរាល់ហើយ ដើម្បីឱ្យពិនិត្យមើលកំណែវិញ្ញាសា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) របស់នាងឡើងវិញ។ ក្រៅពីនោះ ធី សុវណ្ណថា ក៏បានចម្លង សំណើនេះ ផ្ញើទៅកាន់ស្ថាប័នជាង៣០ផ្សេងទៀតនោះដែរ ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ពេលនេះក្រសួងអប់រំ បានទទួលលិខិតស្នើសុំ របស់កញ្ញា ធី សុវណ្ណថា រួចហើយ។

កន្លងមកក្រសួងអប់រំយុវជន និងកីឡា ក៏បានប្រកាសដែរថា នឹងទុកពេល១ខែ សម្រាប់សិស្សទាំងឡាយ ដែលមិនពេញ ចិត្តចំពោះលទ្ធផល នៃការប្រឡងបាក់ឌុប របស់ខ្លួន ។

កញ្ញា ធី សុវណ្ណថា បានឱ្យដឹងថា ការតវ៉ាចំពោះលទ្ធផលប្រឡងបាក់ឌុបនេះ នឹងត្រូវធ្វើឡើង៣ដំណាក់កាល ក្នុងនោះ មានការស្នើឱ្យក្រសួងពិនិត្យវិញ្ញាសារ របស់នាងឡើងវិញ ហើយបើសិនជាដំណាក់កាលនេះ មិនបានសម្រេចនាងនឹងធ្វើ ការតវ៉ាដោយផ្ទាល់មាត់ជាមួយគណៈកម្មការកំណែវិញ្ញាសាររបស់ក្រសួងអប់រំ ហើយថាបើសិនដំណាក់កាលនេះ នៅមិន បានលទ្ធផលទៀត នាងនឹងសុំយកវិញ្ញាសាររបស់នាងមកពិនិត្យមើលដោយខ្លួនឯង ហើយនាងបង្កើតគណៈកម្មការមួយ ដើម្បីធ្វើកំណែវិញ្ញាសាររបស់នាង។ គណៈកម្មការោះ មានគ្រូជំនាញ៧មុខវិជ្ជា។

សូមបញ្ជាក់ថា ក្រោយប្រកាសលទ្ធផលបាក់ឌុប កាលពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៥ មានសិស្សចំនួន៤៦.៥៦០ នាក់ ដែលស្មើនឹង៥៥,៨៨ភាគរយ ក្នុងចំណោមបេក្ខជនជាង៨ម៉ឺននាក់ បានប្រឡងជាប់ ក្នុងនោះមាន សិស្សជាប់និទ្ទេស A មានចំនួន១០៨នាក់ និទ្ទេសB មានចំនួន១០៨៥នាក់ ទន្ទេសC ចំនួន៣២៩២នាក់ និទ្ទេសD ចំនួន៦០៩៣នាក់។ ចំណែក ធី សុវណ្ណថា ជាយុវតីម្នាក់ដែលតែងលិខិតមុខនៅក្នុងក្រុមអ្នកតវ៉ា ដែលប្រឡងនៅមណ្ឌលវត្តកោះ ពុំបានជាប់ក្នុង ការប្រឡងនេះឡើយ ខណៈដែលនាងដាក់ឈ្មោះប្រឡងជាបេក្ខជនស្វ័យរិន។

ធី សុវណ្ណថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យដឹងថាមុនការប្រឡងនាងបានប្រឹងប្រែងយ៉ាងខ្លាំង ដោយមានការរៀនត្រៀម ផងដែរ ហើយនាងក៏ធ្លាប់រំពឹងថា នឹងបានជាប់ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ។ នាងអះអាងប្រកបដោយជំនឿចិត្តថា នាង មានការយល់ដឹងច្រើនអំពីមុខវិជ្ជាភាសាខ្មែរ និងអក្សសាស្រ្តអង់គ្លេស ហើយក្រៅពីនោះ សម្រាប់មុខវិជ្ជាភូមិ និងប្រវត្តិ ក៏នាងបានធ្វើច្រើនដែរក្នុងការប្រឡងឆ្នាំនេះ ប៉ុន្តែលទ្ធផលបែរខុសពីការរំពឹងទុក៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News PP