CamNews

ព័ត៌មានអន្តរជាតិ 

តុលាការចិនផ្តន្ទាទោសអ្នកលាតត្រដាងការពិតចំពោះជំងឺខូវីដ ១៩ ឱ្យជាប់គុក ៤ ឆ្នាំ

ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី Zhang Zhan ដោយតុលាការប្រទេសចិនកាលពីថ្ងៃចន្ទ ។  អ្នកស្រីត្រូវបានជាប់ពិរុទ្ធពីបទបង្កជម្លោះ និងបំផុសបំផុលឱ្យមានភាពស្មុគស្មាញ ដែលការចោទប្រកាន់ទាំងនេះ ត្រូវបានអាជ្ញាធរ ប្រើប្រាស់ដើម្បីបង្រ្កាបការជំទាស់ ។



អ្នកស្រី Zhang ដែលជាអតីតមេធាវីអាយុ ៣៧ ឆ្នាំ បានរាយការណ៍អំពីការរីករាលដាលជំងឺខូវីដ ១៩ នៅខេត្ដវូហាន ដែលបានចាប់ផ្ដើមនៅខែកុម្ភៈ ។ អ្នកស្រី Zhang បានបង្ហោះឃ្លីបវីដេអូទៅលើបណ្ដាញយូធូប ស្ដីពីបទសម្ភាសន៍ជាមួយអ្នកខេត្ដវូហាន ។ វីដេអូ ក៏បានពិពណ៌នាអំពីមន្ទីរពេទ្យ ដងវិថី និងស្ថានីយ៍រថភ្លើងក្នុងទីក្រុងដ៏ស្ងាត់ជ្រងំ និងកន្លែងបូជាសព ។  របាយការណ៍ទាំងនេះ មានលក្ខណៈជំទាស់ទៅនឹងនិទានកថាផ្លូវការស្ដីពីការរីករាលដាល ដែលផ្ដល់ដោយរដ្ឋាភិបាលចិន ។

អ្នកស្រី Zhang ត្រូវបានឃាត់ខ្លួនកាលពីខែឧសភា និងត្រូវបានចោទប្រកាន់ជាផ្លូវការ នៅខែវិច្ឆិកា ។ អ្នកស្រី បានធ្វើកូដកម្មបង្អត់អាហារ តាំងពីខែមិថុនា ដោយជឿជាក់ថា រដ្ឋាភិបាល បានរំលោភដល់សេរីភាពបញ្ចេញមតិរបស់អ្នកស្រី ។ អង្គការលើកលែងទោសអន្ដរជាតិ បានព្រមានអំពីទុក្ខលំបាករបស់អ្នកស្រី នៅដើមខែនេះ ដោយនិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖” យើងមានការព្រួយបារម្ភដ៏ក្រៃលែងចំពោះសុខភាព និងសុខុមាលភាពរបស់អ្នកស្រី ព្រមទាំងបារម្ភថា នឹងមានហានិភ័យនៃការធ្វើទារុណកម្ម និងការបង្កទុក្ខទោសផ្សេងទៀតចំពោះអ្នកស្រី “។



អង្គការគាំពារស្រ្ដីក្នុងវិស័យសារព័ត៌មាន(Coalition for Women in Journalism) បានចេញរបាយការណ៍មួយ ដោយនិយាយថា៖”ពួកគេ មានការស្រងាកចិត្ដយ៉ាងខ្លាំងចំពោះសេចក្ដីសម្រេចរបស់តុលាការ ខណៈដែលក្រុមអង្គការការពារសិទ្ធិមនុស្សចិន បានហៅការផ្ដន្ទាទោសដាក់ពន្ធនាគារ ៤ ឆ្នាំនេះថា  ជាការប្រឆាំងចំពោះសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ” ។ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិដើម្បីសិទ្ធិមនុស្ស បានសរសេរ នៅក្នុងបណ្ដាញ Twitter ថា៖ “ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្តន្ទាទោសរបស់អ្នកស្រី និងបាននិយាយថា ការផ្ដន្ទាទោសនេះ គឺជាគំរូនៃការជាន់ឈ្លីហួសហេតុចំពោះសេរីភាពបញ្ចេញមតិពាក់ព័ន្ធនឹងជំងឺខូវីដ ១៩ និងបានអំពាវនាវឱ្យមានការដោះលែងអ្នកស្រី Zhang ។

អ្នកស្រី Zhang មិនមែនជាអ្នកកាសែតប្រជាជនទី១ នោះទេ ដែលបាត់ខ្លួន ក្រោយពីរាយការណ៍អំពីការរីករាលដាលនៃជំងឺខូវីដ១៩ ក្នុងខេត្ដវូហាន ។ អ្នករាយការណ៍លាតត្រដាងការពិតមួយចំនួនទៀតដូចជា Fang Bin, Chen Qiushi, និង Li Zehua ក៏បានបាត់ខ្លួនផងដែរ ។  ខណៈ ពេលដែល Chen និង Li ក្រោយមក បានលេចមុខមកវិញ ស្រាប់តែ Fang នៅបន្ដបាត់ខ្លួន នៅឡើយ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ jurist