(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នេះ សំណុំរឿងគ្រោះថ្នាក់ចរាចរ របស់តារាចម្រៀង ខេម បើករថយន្តបុកបុរសជនជាតិ ខ្មែរអ៉ីស្លាមម្នាក់ស្លាប់ គឺមានរយៈពេល១០ថ្ងៃគត់ទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ដំណោះស្រាយសម្រាប់គ្រួសារជនរងគ្រោះ នៅតែមិនទាន់មានដដែល ខណៈដែលគ្រួសារ តារាចម្រៀង ខេម បានសន្យាថា នឹងចូលខ្លួនរកដំណោះស្រាយ ហើយផ្ដល់សំណង ប៉ុន្តែត្រូវបានពន្យាពេល ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ។ ប៉ុន្តែព័ត៌មានថ្មីចុងក្រោយនេះ បានបញ្ជាក់ឲ្យដឹងថា បងប្រុសជនរងគ្រោះ បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង តាមផ្លូវច្បាប់ ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ ក្នុងសំណុំរឿងនេះ ពោលមិនរង់ចាំការចរចា ទៀតទេ ។
ជាការពិត នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ បុកមនុស្សស្លាប់ម្នាក់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ របស់តារាចម្រៀងល្បីឈ្មោះ ក្នុងស្រទាប់យុវវ័យ លោក ខេម សង្ឃឹមថា នឹងបានលេចចេញជារូបរាង ខណៈដែលប្រភពព័ត៌មានច្បាស់ការណ៍មួយ បានបង្ហើបឲ្យដឹងថា ក្រុមគ្រួសារតារាចម្រៀង ខេម ព្រមចូលខ្លួនដោះស្រាយបញ្ចប់រឿង ដោយបានផ្ដល់សំណង ចំនួន៤ពាន់ដុល្លារ ខណៈដែលគ្រួសារជនរងគ្រោះ បានទារសំណងជំងឺចិត្ត រហូតដល់ទៅ២៥០០០ដុល្លារ។
ដោយសារចំនួនទឹកប្រាក់ដែល ខេម ផ្ដល់ជូន និងចំនួនទឹកប្រាក់ ដែលក្រុមគ្រសារជនរងគ្រោះទារជាសំណង នៃការខូចខាត រហូតដល់ថ្នាក់បាត់បង់ជីវិតទៀតនោះ មានលក្ខណៈខុសគ្នាឆ្ងាយពេក ទើបនៅថ្ងៃទី២៧ ខែឧសភានេះ ភាគីទាំងពីរអាចនឹងជួបពិភាក្សាគ្នា រកដំណោះស្រាយបន្ថែមទៀត ដើម្បីឈានទៅរកការព្រមព្រៀង ក្នុងទំហំទឹកប្រាក់ ដ៏សមរម្យណាមួយ ដែលអាចទទួលយកបាន ទាំងសងខាង ប៉ុន្តែពុំមានការជួបគ្នា ដូចអ្វីដែលបានគ្រោងទុកទេ។
លោក លី ម៉ាត់លី បងប្រុសបង្កើតរបស់ជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានថ្លែងប្រាប់ Fresh News និង Khmertalking នៅមុននេះបន្តិចថា ជាការពិតក្រុមគ្រួសារបស់លោក បានទារសំណងពីភាគីតារាចម្រៀង ខេម ចំនួន២៥០០០ដុល្លារ ពិតមែន ហើយសំណងនេះ លោកនឹងយកមកចំណាយទៅលើ ការរត់ការឯកសារច្បាប់ ការចំណាយធ្វើបុណ្យសព សងការខូចខាតផ្សេងៗ និងការធ្វើនិក្ខេបទស្ដីពីគ្រោះថ្នាក់ចរាចរណ៍ ទុកឲ្យក្មេងៗជំនាន់ក្រោយបានដឹងពីច្បាប់ចរាចរណ៍ ។ ប៉ុន្តែទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ ការចរចា នៅតែពុំមានលទ្ធផលដដែល ព្រោះខាងគ្រួសារតារាម្រៀង ខេម មិនបានចូលខ្លួនតាមការសន្យា នោះឡើយ។
បងប្រុសបង្កើត របស់ជនរងគ្រោះដដែល បានបន្តថា បន្ទាប់ពីការរង់ចាំ មិនឃើញមានពន្លឺ និងលទ្ធផល ហើយលោកបានទាក់ទងទៅខាងបងស្រីរបស់ តារាចម្រៀង ខេម នៅតែមិនបានទទួលចម្លើយវិជ្ជមានទៀត ទើបលោកបានបញ្ជាក់ថា រឿងនេះគឺលើសពីការអត់ធ្មត់ របស់គ្រួសារលោកហើយ ។ ដូច្នេះក្នុងថ្ងៃស្អែក ឬនៅដើមសប្ដាហ៍នេះ លោកនឹងដាក់ពាក្យប្ដឹង ទៅតុលាការ ដើម្បីឲ្យមេធាវីរបស់លោកធ្វើការ ហើយពេលនោះសំណងដែលទាមទារ មិនត្រឹម ២៥០០០ដុល្លារ នោះទេ ។
លោក លី ម៉ាត់លី និយាយថា «ខ្ញុំទ្រាំលែងបានហើយអូន..! គាត់(បងស្រីខេម)ថា មកថ្ងៃនេះ តែពេលមិនឃើញមក បងក៏ខលទៅគាត់ ប៉ុន្តែគាត់ឆ្លើយថា រវល់នៅពេទ្យកំពុងព្យាបាលជំងឺ ។ គាត់មិនមកហើយ គាត់មិនខលប្រាប់បងទៀត តើចង់មានន័យថាយ៉ាងម៉េច? ឲ្យបងខលទៅរកគាត់ទៀត..? ពេលនេះបងទ្រាំលែងបានហើយ..! អូនជួយគិតមើល បុកគេស្លាប់ ហើយរត់គេចខ្លួន មិនព្រមចេញមុខសោះ ហើយចោទថា ខាងបងខុសទៀត តើនរណាខុសនរណាត្រូវ អ្នកចេញមុខខុស ឬអ្នករត់គេចខុស? »។
អ្វីដែលលោកយោគយល់ និងបន្តពន្យាពេលរហូតមកដល់ថ្ងៃនេះ ព្រោះលោកគិតថា លោកក៏រវល់នឹងការងារច្រើន ចំណែកភាគីគ្រួសារ ខេម ក៏រវល់នឹងការងារច្រើនដូចគ្នា ចង់ឲ្យមានការចរចាណាមួយសមរម្យ មិនចង់វែងឆ្ងាយទៀត នាំឲ្យខាងបង់ពេលវេលា ប៉ុន្តែទីបំផុតគ្រួសារតារាចម្រៀង ខេម ហាក់បង្ហាញចេតនា ចង់មើលងាយគ្រួសារលោកទៅវិញ។
ដោយឡែកភាគី តារាចម្រៀង ខេម នៅថ្ងៃនេះ Khmertalking នៅមិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយ ឬបំភ្លឺជុំវិញរឿងនេះ បានទេ ខណៈដែលលេខទូរស័ព្ទ ត្រូវបានបិទ តាំងពីថ្ងៃជួបគ្រោះថ្នាក់មកម្ល៉េះ។
ទោះបីជាយ៉ាងណា ប្រភពព័ត៌មានពីអ្នកសិល្បៈនៅជុំវិញ តារាចម្រៀង ខេម បានបង្ហើបថា ការផ្ដល់សំណងចំនួន៤ពាន់ដុល្លារនេះ គឺយល់ឃើញថារថយន្តជនរងគ្រោះ ជិះចូលផ្លូវអាទិភាពរបស់រថយន្តតារាចម្រៀង ខេម បង្កឲ្យមានគ្រោះថ្នាក់ ចរាចរណ៍នេះកើតឡើង ជាពិសេសគឺយោងទៅលើរបាយការណ៍ របស់សមត្ថកិច្ចចរាចរណ៍ ហើយ ខេម ក៏បានរងរបួស និងខាតបង់ទ្រព្យសម្បត្តិច្រើនដែរ ជាពិសេសការលុបចោល កម្មវិធីប្រគំតន្រ្តីនានា ដែលជាប្រភពចំណូល ដ៏សំខាន់របស់ខ្លួន៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង