CamNews

កីឡាជាតិ 

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភ ២២,០០០ដុល្លារ ដល់ក្រុម U-15 កម្ពុជា ដែលទើបយកពានអន្ដរជាតិ ពីប្រទេសចិន

(ភ្នំពេញ)៖ ក្រុមយុវជនក្រោមអាយុ ១៥ឆ្នាំ នៃសាលាបាល់ទាត់ជាតិទន្លេបាទី បានធ្វើដំណើរមកដល់ស្រុកកំណើតខ្លួនវិញហើយ នៅប្រមាណម៉ោង១២យប់នេះ ដោយនាំមកជាមួយនូវពានជើងឯក The Belt and Road Initiative U15 Boys Football Tournament ឆ្នាំ២០១៦ ហើយក៏មានការផ្ដល់កិត្តិយស អញ្ជើញទៅទទួលដោយនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។

ទន្ទឹមជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ សៅ សុខា ក៏បាននាំយកនូវថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនជាការលើកទឹកចិត្តដល់ការខំប្រឹងរបស់មន្ដ្រី គ្រូបង្វឹក និងកីឡាករនៃក្រុម U-15 កម្ពុជាក្នុងម្នាក់ៗ ទទួលបាន១ពាន់ដុល្លារ សរុបចំនួន ២២,០០០ដុល្លារផងដែរ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនោះ ក៏បានបញ្ជាក់ថា សម្រាប់ថវិកាដ៏សប្បុរសរបស់សម្ដេចតេជោ ហ៊ុន សែន នេះគឺផ្ដល់ជាសាច់ប្រាក់សុទ្ធចំពោះគ្រូបង្វឹក និងមន្ដ្រីសរុប៤នាក់ ។ រីឯកីឡាករយុវជនចំនួន ១៨នាក់វិញ សហព័ន្ធនឹងរៀបចំជូនតាមវិធានការចាស់ ដោយអនុញ្ញាតឲ្យកីឡាករម្នាក់ៗ ដកយកទៅទិញ សម្ភារៈសិក្សា សម្លៀកបំពាក់ ឬសម្ភារៈកីឡាជាដើម តែហាមដាច់ខាតមិនឲ្យទិញទូរស័ព្ទឡើយ ព្រោះពួកគេនៅក្មេងៗ ក្នុងវ័យសិក្សានៅឡើយ។

ប៉ុន្ដែប្រសិនបើពួកគេមិនដកថវិកាទៅប្រើប្រាស់នោះទេ សហព័ន្ធនឹងរក្សាទុក រហូតដល់ពួកគេពេញវ័យអាចដកយកទៅប្រើប្រាស់តាមតម្រូវការ ឬយកទៅបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាដើម។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ សៅ សុខា ។ លើសពីនេះលោកក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់លើវិស័យកីឡាបាល់ទាត់ជាតិ ដែលធ្វើសហព័ន្ធ និងកីឡាករជម្រើសជាតិ កាន់តែខិតខំប្រឹង ដើម្បីស្វែងរកជ័យលាភីជូនប្រទេសជាតិកម្ពុជា ។

សូមជំរាបថា ក្រុមយុវជនសាលាបាល់ទាត់ជាតិទន្លេបាទី បានចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាតិខាងលើ តាំងពីថ្ងៃទី២៣ ខែសីហាមកម្ល៉េះ ក្រោមការដឹកនាំ របស់គ្រូបង្វឹកជនជាតិជប៉ុនលោក Inoue Kazunori ។ បន្ទាប់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែសីហានេះ ក្រុមយុវជនតំណាងប្រទេសកម្ពុជានេះ បានឆ្លងកាត់ ៥ប្រកួត និងទទួលបានជ័យជម្នះជាបន្ដបន្ទាប់ រហូតបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ដោយបានយកឈ្នះក្រុម Sdushor No 8 Team របស់ប្រទេសកាហ្សាក់ស្ថាន ដោយលទ្ធផល ៣-២ ដើម្បីក្លាយជាម្ចាស់ពានកម្រិតយុវជនអន្ដរជាតិនេះតែម្ដង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: U15 Cambodia